សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី សាន បុប្ផាវត្តី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកអនុសេនីយ៍ទោ រីម សុផាន់ណា ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ លោកអនុសេនីយ៍ទោ រីម សុផាន់ណា ជាមន្ត្រីនគរបាល អធិការដ្ឋាននគរបាលស្រុកអង្គស្នួល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវជាស្វាមីរបស់លោកស្រី សាន បុប្ផាវត្តី ដែលលោកអនុសេនីយ៍ទោ បានទទួលមរណភាព កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ក្នុងជន្មាយុ ២៣ឆ្នាំ ក្នុងការប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងបំផុតនេះ សម្ដេចក្រឡាហោម ស ខេង សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់នូវកូនប្រុស និងស្វាមី ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវមន្ត្រីនគរបាលជាតិមួយរូប ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការចូលរួមចំណែកថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គមយ៉ាងល្អប្រសើរ នៅក្នុងមូលរដ្ឋាននារយៈពេលកន្លងមក រហូតពលីជីវិត ក្នុងបុព្វហេតុជាតិ និងប្រជាជន៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner