ឯកឧត្តម នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការងាររបស់កងកម្លាំងនគបាលការពារព្រំដែនទិសភូមិភាគ១
មណ្ឌលគិរី៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងគណៈប្រតិភូ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យសកម្មភាពការងាររបស់កងកម្លាំងការពារព្រំដែន ទិសភូមិភាគ១ ខេត្តមណ្ឌលគិរី នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា វត្តមានរបស់គណៈប្រតិភូក្រសួងមហាផ្ទៃ ចុះមកបំពេញបេសកម្មនៅក្នុងទឹកដីខេត្តមណ្ឌលគិរីនាពេលនេះ ពិតជាមានសារៈសំខាន់ និងបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ គិតគូររបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំពោះសុខទុក្ខរបស់កងកម្លាំងនគបាលជាតិ ដែលខិតខំប្រឹងប្រែងអនុវត្តការងារ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេស កងកម្លាំងនគបាលការពារព្រំដែន ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែន និងថែរក្សាការពារបង្គោលព្រំដែន។
ឯកឧត្តម បានបន្ថែមថា ខេត្តមណ្ឌលគិរី មានព្រំប្រទល់ជាប់ជាមួយវៀតណាម ប្រវែង៣១៤,៦៦៤គីឡូម៉ែត្រ ជាប់ជាមួយខេត្ត ដាក់ឡាក់ ដាក់ណុង និងខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយខេត្តមាន វរៈសេនាតូចនគបាលការពារព្រំដែនគោកចំនួន២ ទី១ វរៈសេនាតូចនគបាលការពារព្រំដែន៦២១ មានទីតាំងនៅស្រុកអូររាំង លាតសន្ធឹងចាប់ពីព្រំដែនខេត្តក្រចេះ រហូតដល់ឃុំប៊ូស្រា ស្រុកពេជ្រាដា និងមានប៉ុស្តិ៍នគបាលការពារព្រំដែនចំនួន៨ ទី២ វរៈសេនាតូចនគបាលការពារព្រំដែនលេខ៣០៣ ស្ថិតនៅស្រុកពេជ្រាដា លាតសន្ធឹងចាប់ឃុំប៊ូស្រា ដល់ខេត្តរតនគិរី និងមានប៉ុស្តិ៍នគបាលការពារព្រំដែនចំនួន៦។
ឯកឧត្តម នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាកងកម្លាំងនគរបាលជាតិ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ កន្លងមកបានល្អប្រសើរ។
ឯកឧត្តម បានណែនាំ ដល់កងកម្លាំងទាំងអស់ ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យរបស់កងកម្លាំងនគបាលជាតិ ព្រមទាំងជម្រុញឲ្យកងកម្លាំងយកចិត្តទុកដាក់អនុវត្តការងារប្រចាំថ្ងៃឲ្យបានល្អប្រសើរ ជាពិសេសធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន ការពារបូរណៈភាពទឹកដី និងត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយខេត្តជាប់ព្រំដែន ដើម្បីរក្សាតំបន់ព្រំដែន ជាតំបន់ព្រំដែនសន្តិភាព មិត្តភាព និងមានការអភិវឌ្ឍន៍ បន្ថែមលើនេះ កងកម្លាំងត្រូវការពារដាច់ខាតនូវ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ពីការប៉ុនប៉ងផ្តួលរលំរបស់ក្រុមឧទ្ទាមក្រៅច្បាប់។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី បាននាំយកអំណោយគ្រឿងឧបភោបរិភោគ មានមី ត្រីខ និងថវិកា៤លានរៀល ជូនដល់វរៈសេនាតូចនគបាលការពារព្រំដែនគោក លេខ៦២១ និង៣០៣ ចំណែកឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាបន្ថែមចំនួន២លានរៀលដល់វរៈសេនាតូចទាំងពីរផងដែរ៕ដោយ ពលៈ