ឯកឧត្តម ខ្វៃ អាទិត្យា ៖ សមាជិក សមាជិកាបក្ស ត្រូវប្តេជ្ញាថែរក្សា សុខសន្តិភាព ទើបផ្តល់ឱកាសយើងជួបជុំសប្បាយរីករាយ និងការអភិវឌ្ឍប្រទេស
ត្បូងឃ្មុំ ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំព្រះធាតុ បានបញ្ជាក់ប្រាប់សមាជិក សមាជិកាបក្សថា ត្រូវប្តេជ្ញាថែរក្សា សុខសន្តិភាពទើបផ្តល់ឱកាសឲ្យយើងជួបជុំគ្នា សប្បាយរីករាយ មានជីវភាពល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស ។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកកាចំនួន៣ភូមិ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងពី វឌ្ឍនភាព ការអភិវឌ្ឍ សន្តិភាព ដែលកើតឡើងពីការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត យកអាយុជីវិតធ្វើដើមទុន របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តម ខ្វៃ អាទិត្យា ក៏បានអំពាវនាវអោយគ្រប់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋាន ត្រូវពង្រឹងផ្ទៃក្នុងគណបក្ស សាមគ្គីភាពគ្នាបានល្អប្រសើរ និងបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ធក្នុងមូលដ្ឋានបន្ថែមទៀត ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ ឯកឧត្តម ខ្វៃ អាទិត្យា និងលោកឡេង ជីវីន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំព្រះធាតុ រួមទាំងសហការី បានជួបសំណេះសំណាលផ្តល់ថវិកា និងគ្រឿងឧបភោគមួយចំនួនដល់មេក្រុមបក្សភូមិចំនួន៣ គឺភូមិទួលថ្កូវ ភូមិថ្នល់កែង និងភូមិព្រះធាតុកណ្តាល ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ផងដែរ ៕ ដោយ / គ្រី សម្បត្តិ
















