សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លាន៥ម៉ឺន៦ពាន់ដូស ពីរដ្ឋាភិបាលអ៊ីតាលី នៅវិមានសន្តិភាព
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ (AstraZoneca) ចំនួន ១លាន៥ម៉ឺន៦០០០ដូស ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមឯកឧត្តម ឡូវិនហ្សូ ហ្គាឡន់ទី (Lorenzo Galantl) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីតាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ។
ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌ និងស្មារតី ចែករំលែករបស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ក្នុងការប្រយុទ្ធនឹងជំងឺកូរីដ-១៩ នៅកម្ពុជា ក៏ដូចជាសកលលោកទាំងមូល ។
សម្តេចរំលឹកថា ការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩ បានសាកល្បងវាយប្រហារចំណងមិត្តភាពសកល ដោយនៅពេលនោះយើងមិនទាន់ស្គាល់ច្បាស់អំពីជំងឺនេះ ដែលជាហេតុនាំឱ្យបណ្តាប្រទេសនានា ត្រូវបង្ខំចិត្ត បិទព្រំប្រទល់ និងកាត់បន្ថយទំនាក់ទំនងសង្គម-សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ។ ទោះជាយ៉ាងនេះក្តី, ចំណងមិត្តភាពដ៏រឹងមាំ ជាមួយនឹងស្មារតីរួបរួម, សាមគ្គី និងជួយគ្នាទៅវិញទៅមក ទាំងក្នុងប្រទេស, តំបន់ និង សកលលោកទាំងមូល បានធ្វើឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌ តំបន់ និងសកល បានងើបឡើងវិញយ៉ាងឆាប់រហ័ស ប្រកបដោយកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ ទោះបីជាការឆ្លងរាលដាលនៃជំងឺកូរីដ-១៩ នៅតែបន្តកើតមាន ក៏ដោយ ។
សម្ដេចតេជោ បានបន្តថា ការសម្រេចបិទព្រំប្រទល់ ក៏ដូចជាបិទខ្ទប់តំបន់សេដ្ឋកិច្ចសំខាន់ៗ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន, ប៉ុន្តែសេដ្ឋកិច្ច កម្ពុជាបានងើបឡើងវិញនៅក្នុងឆ្នាំ២០២១ ជាមួយអត្រាកំណើនវិជ្ជមានប្រមាណ ៣% ក្រោយពីទទួលរងនូវ ឥទ្ធិពលធ្ងន់ធ្ងរនៅក្នុងឆ្នាំ២០២០ ។ ការងើបឡើងវិញនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់ ប្រជាជនកម្ពុជាអង្គការជាតិ និងអន្តរជាតិដៃគូអភិវឌ្ឍន៍ ព្រមទាំងបណ្តាប្រទេសជាមិត្ត ជាមួយនឹងកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហ គមន៍ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានអនុញ្ញាតឱ្យកម្ពុជាអាចបើកប្រទេស និងដំណើរការសកម្មភាព សង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញ លើគ្រប់វិស័យ ។
ជាក់ស្តែង, នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ, កម្ពុជា បានបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយរាជរដ្ឋាភិបាល បានសម្រេចលុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់ សម្រាប់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ ក្នុងគោលដៅស្តារវិស័យទេសចរណ៍ ដែលជាវិស័យចម្បងចុងក្រោយ ដែលមិនទាន់ត្រូវបានស្ដារ និងងើបឡើងវិញ ។ ជាមួយភាពបុរសកម្ម និង ចក្ខុវិស័យវែងឆ្ងាយ, រាជរដ្ឋាភិបាល មិនដែលបានបន្ថយ ល្បឿននៃការងារកែទម្រង់របស់ខ្លួននោះឡើយ ។
សម្ដេចបានបន្តទៀតថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្តនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តា និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដោយមានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច សំដៅ ស្ដារ និងជំរុញកំណើន, បង្កើតភាពធន់សង្គម-សេដ្ឋកិច្ចកម្ពុជា និងឈានទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ។ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនេះ យ៉ាងយកចិត្តទុកដាក់ ដែលជាលទ្ធផល សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងជាង ៥% នៅក្នុង ឆ្នាំ២០២២ និងអាចត្រឡប់ទៅស្ថិតនៅលើមាគ៌ានៃកំណើន ប្រកបដោយភាពរឹងមាំ នៃយុគសម័យមុនវិបត្តិនៃ ជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្រាប់ទិសដៅទៅមុខ, ស្របពេលដែលជំងឺកូវីដ-១៩ នៅតែបង្កឱ្យមាននូវភាពមិនប្រាកដប្រជា, រាជរដ្ឋាភិបាល នឹងបន្តជំរុញយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលអំណោយវ៉ាក់សាំងកូរីដ-១៩ ដ៏ថ្លៃថ្លាពីប្រជា ជន និងរដ្ឋាភិបាលអ៊ីតាលី នាថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ។ រាជរដ្ឋាភិបាល ក៏បាននិងកំពុងតាមដានការវិវត្តនៃជំលោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបាន និងកំពុងបង្កើតជាបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាកង្វះថាមពល, ការកើនឡើងខ្ពស់នៃតម្លៃប្រេងឆៅ និងកំណើននៃអត្រាអតិផរណា ដែលអាច ជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល ។ បន្ថែម លើនេះ, រាជរដ្ឋាភិបាល ក៏មិនបំភ្លេច និងបានកំពុងគិតគូរដោះស្រាយបញ្ហាចម្បងផ្សេងទៀត ដូចជាបញ្ហាប ប្រួលអាកាសធាតុ, បរិស្ថាន, គាំពារសង្គម និងភាពក្រីក្រ ជាដើម ។
ឆ្លៀតក្នុងឱកាសនេះ, សម្ដេចតេជោ បញ្ជាក់ថា កម្ពុជា សូមសម្ដែងនូវអំណរគុណដល់រដ្ឋាភិបាលអីតាលី ចំពោះកិច្ចខិតខំប្រឹង ប្រែងក្នុងការរឹតបន្តឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ីតាលី-កម្ពុជា ទាំងផ្នែកការទូត និងសេដ្ឋកិច្ច ជាក់ស្ដែង , កម្ពុជា សូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសាទរចំពោះការបង្កើតស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា នៅក្នុងឆ្នាំ២០២០ និងភាពរីកចម្រើន និងភាពសកម្មនៃសហគមន៍ធុរកិច្ច អីតាលី ជាពិសេសសមាគមធុរកិច្ចអ៊ីតាលីកម្ពុជា (Italian-Cambodian Business Association-ICBA) ក្នុងការជំរុញ និងលើកកម្ពស់ការវិនិយោគននៅកម្ពុជា ។
ស្របពេលជាមួយគ្នានេះដែរ, កម្ពុជាក៏សូមវាយតម្ល ខ្ពស់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ីតាលី-អាស៊ាន និងសហភាពអឺរ៉ុប-អាស៊ាន ។ ក្នុងនាមប្រធាន អាស៊ាននៅក្នុងឆ្នាំ ២០២២កម្ពុជានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការនេះ លើគ្រប់វិស័យឱ្យកាន់តែមានភាព រឹងមាំ ហើយកម្ពុជាក៏សូមលើកទឹកចិត្តដល់សាធារណរដ្ឋអ៊ីតាលី ក៏ដូចជាសហភាពអឺរ៉ុប បន្តជំរុញការធ្វើធុរ កិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជាអាស៊ានបន្ថែមទៀត ។
ជាមួយគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមអំពាវនាវឱ្យប្រជាជនកម្ពុជា បន្តជឿជាក់លើប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង និង អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ *៣-ការពារ និង៣-កុំ» ដើម្បីធានាឱ្យ បាននូវការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព និងចីរភាព ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីគោលបំណងរបស់សម្ដេច និងបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល ពិនិត្យលទ្ធភាពលើការដកចេញនូវកាតព្វកិច្ចពាក់ម៉ាសតាមទីសាធារណៈចេញ ដោយថាដើម្បីជួយទៅដល់ជីវភាពរបស់ពលរដ្ឋដែលត្រូវចំណាយច្រើនទៅលើការទិញម៉ាស់នេះ។ សម្ដេចថា ប្រទេសមួយចំនួនបានលើកលែងកាតព្វកិច្ចពាក់ម៉ាសតាមទីសាធារណៈរួចហើយដូច្នេះកម្ពុជាក៏ត្រូវពិនិត្យមើលបញ្ហានេះផងដែរខណៈដែលពលរដ្ឋជាង ៩៣ភាគរយបានទទួលវ៉ាក់សាំង។
សម្ដេចបានជំរុញឲ្យពលរដ្ឋគ្រប់រូបនាំគ្នាចេញទៅចាក់វ៉ាក់សាំងនៅបានគ្រប់គ្នាយ៉ាងហោចណាស់បាន ៣ដូស ដើម្បីជំរុញឲ្យការដកកាតព្វកិច្ចពាក់ម៉ាសចេញមានប្រសិទ្ធភាព ៕ ដោយ វណ្ណលុក











