ក្រសួងការងារ-អង្គការ IOM បង្ហាញពីកិច្ចសហប្រតិបត្តិការ និងកិច្ចគាំពារទៅលើពលករទេសន្តរប្រវេសន៍
រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរួមជាមួយនឹងអង្គការ IOM នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២បានបង្ហាញពីកិច្ចសហប្រតិបត្តិការ និងកិច្ចគាំពារទៅលើពលករទេសន្តរប្រវេសន៍ឱ្យកាន់តែប្រសើរឡើងថែមទៀត។
គួរបញ្ជាក់ថាគម្រោង កាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើចំណាកស្រុកដោយសុវត្ថិភាព ការកសាងជំនាញ និងលើកកម្ពស់ការរកការងារអោយធ្វើនៅក្នុងប្រទេសកម្ពុជា ឡាវ ភូមា និងថៃ (PROMISE) ក្នុងជំហានទី១ ដែលបានអនុវត្តនាពេលកន្លងមក(ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ ដល់ ខែសីហា ឆ្នាំ២០២១) ត្រូវបានបញ្ចប់។
លោកស្រី Nenette Motus នាយកអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងលោកស្រី KRISTIN PARCO ប្រធានបេសកកម្មអង្គការ IOM ប្រចាំនៅកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំការឯកភាពគាំទ្រពី ឯកឧត្តមរដ្ឋមន្ត្រី លើការអនុវត្ត គម្រោងPROMISE ក្នុងជំហានទី២ បន្តទៀត (ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២៥)។
លោកស្រី Nenette Motus បានគូសបញ្ជាក់ពី គម្រោង PROMISE ដែលជាកម្មវិធីថ្នាក់តំបន់ អនុវត្តក្រោមការដឹកនាំរបស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដោយទទួលបានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC)។ គម្រោងនេះមានរយៈពេល ៨ឆ្នាំ ចែកជាពីរដំណាក់កាលដំណាក់កាលទី១ ៖ ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ ដល់ ខែសីហា ឆ្នាំ២០២១, ដំណាក់កាលទី២ ៖ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២៥។
នៅចន្លោះឆ្នាំ ១៩៩៨-២០០២ លោកស្រីធ្លាប់ជាប្រធានអង្គការ IOM ប្រចាំប្រទេសកម្ពុជា ហើយលោកស្រីពិតជាមានក្តីរីករាយជាខ្លាំងដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាសារជាថ្មី ដោយលោកស្រីមើលឃើញថា កម្ពុជាមានការរីកចម្រើនប្លែកពីមុនច្រើន ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ឃើញថាមានវឌ្ឍនភាពច្រើនផងដែរ។ ខណៈកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំអាស៊ានសម្រាប់ឆ្នាំនេះ អង្គការ IOM ចង់ផ្តល់ការគាំទ្រលើបញ្ហា បច្ចេកទេស និងឯកសារមួយចំនួន ក្នុងករណីមានរបៀបវារៈ ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំ ស្តីពីពលករទេសន្តរប្រវេសន៍នេះ និងផ្តល់ជំនួយបច្ចេកទេសលើគោលនយោបាយទេសរន្តប្រវេសន៍នៅកម្ពុជាផងដែរ។
ឆ្លើយតបនឹងការជួយរបស់ IOM ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ចំពោះកិច្ចប្រជុំអាស៊ានដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ ពិតជាមិនអាចរំលងពីប្រធានបទ ព័ន្ធពាក់ទៅនឹងពលករទេសន្តរប្រវេសន៍នេះឡើយ ដូច្នេះ បានខាងអង្គការIOM ផ្តល់ការគាំទ្រជួយលើបញ្ហាបច្ចេកទេស និងឯកសារផងដែរនោះ វាផ្តល់នូវធាតុចូលកាន់តែច្រើនបន្ថែមទៀត សម្រាប់ធ្វើការដោះស្រាយនូវចំណុចប្រឈមមួយចំនួនដែលត្រូវធ្វើការរួមគ្នាដោះស្រាយ ។ សម្រាប់គោលនយោបាយទេសន្តរប្រវេសន៍ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការជាមួយ អង្គការ ILO ឯកឧត្តមរដ្ឋមន្ត្រី ចង់ឃើញគោលនយោបាយមួយនេះ ក្លាយជាគោលនយោបាយជាតិ ដោយមានការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ហើយកម្ពុជាក៏ត្រូវការជួយជ្រោមជ្រែងបន្ថែមពីខាង IOM និងដៃគូពាក់ព័ន្ធមួយចំនួនទៀត ដើម្បីឲ្យគោលនយោបាយនេះ កាន់តែរឹងមាំ និងធានាបាននូវសុវត្ថិភាពសម្រាប់ពលករទេសរន្តប្រវេសន៍។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ឯកភាពគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការ IOM ក្នុងការអនុវត្តគម្រោង PROMISE សម្រាប់ជំហានទី២ បន្តទៀត។
សូមបញ្ជាក់ថាចំណុចមួយទៀត ដែលភាគីទាំងពីរយកមកពិភាក្សាផងដែរ ទៅលើកិច្ចប្រជុំ នៃតំបន់មេគង្គ ស្តីពីពលករទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ដែលកម្ពុជាជាសហប្រធាននៃកិច្ចប្រជុំនេះ ដែលនឹងត្រូវរៀបចំធ្វើឡើងនាខែ ឧសភា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមការជួយឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍អាស៊ី ៕ ដោយ ៖ ម៉ាដេប៉ូ











