រោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ លើទឹកដីខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច បានប្រារព្វពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអភិបាលរងខេត្តកំពង់ស្ពឺ ។

លោក Koen De Heus លោក ចាន់ គឹមរិទ្ធី អគ្គនាយក និងលោក Johan Vanden Ban នាយកប្រតិបត្តិ បានបញ្ជាក់ថា ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនចម្រុះអន្តរជាតិពីប្រទេសហូឡង់ ក្នុងផ្នែកឧស្សាហកម្មចំណីសត្វ ដែលបានចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន ឌី ហឹស្ស (De Heus) និងក្រុមហ៊ុន ធីអិមអេច (TMH Cambodia) Co., Ltd ដើម្បីបង្កើតជាសម្ព័ន្ធអាជីវកម្ម ក្រុមហ៊ុនរួមទុនថ្មីមួយ។ ជាឆន្ទ:ចំបងរបស់ក្រុមហ៊ុនគឺបង្កើតរោង ចក្រផលិតចំណីសត្វនៅកម្ពុជាមួយ ឆ្លើយតបតាមស្តង់ដាទំនើប មានអនាម័យ និងគោរពតាមបទដ្ឋាន ISO 22000 ព្រមទាំងធ្វើអាជីវកម្មផលិតផលអាហារបំប៉នសត្វ ដើម្បីបម្រើឲ្យអនុវិស័យផលិតកម្មសត្វនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ឯកឧត្តម វេង សាខុន បញ្ជាក់ជូនអង្គពិធីបានជ្រាបថា ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលនេះពិតជាបានផ្តល់ឱកាសដ៏ល្អប្រសើរ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមជាមួយនឹងគោលនយោបាយដ៏ល្អប្រសើររបស់រាជ រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសល្អ បង្កលក្ខណ: អំណោយផលលើការវិនិយោគ។ ជាក់ស្តែង ពេលនេះ យើងទាំងអស់គ្នាកំពុងចូលរួមអបអរសាទរនូវសមិទ្ធផលថ្មីមួយទៀតសម្រាប់វិស័យផលិតកម្មចំណីសត្វ គឺការសម្ពោធរោងចក្រផលិតចំណីសត្វដ៏មានសក្តានុពល ដែលប្រសូត្រចេញពីកិច្ចសហការដ៏រឹងមាំមួយរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ (ប្រទេសហូឡង់)។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា បច្ចុប្បន្នការចិញ្ចឹមសត្វ ជាលក្ខណ:គ្រួសារ បាននិងកំពុងធ្វើការផ្លាស់ប្តូរទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្មវិញ។ ឧទាហរណ៍ការចិញ្ចឹមជ្រូក មាន់ ទា ជាលក្ខណ:គ្រួសារបានប្តូរទៅជាការចិញ្ចឹមក្នុងកសិដ្ឋាន ជាបណ្តុំ ដោយបានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាបានបរិមាណផ្គត់ផ្គង់ និងគុណភាព។ មួយវិញទៀត ផ្ទៃដីចម្ការ ស្រែជាង ៩០% ត្រូវបានភ្ជួររាស់ដោយគ្រឿងយន្ត រីឯសត្វគោ-ក្របីត្រូវបានប្តូរតួនាទីពីការចិញ្ចឹមដើម្បីយកមកធ្វើការភ្ជួររាស់ ទៅជាការចិញ្ចឹមសម្រាប់យកសាច់វិញ។ នេះជាសក្ខីភាពមួយបង្ហាញឲ្យឃើញថា អនុវិស័យផលិតកម្មសត្វបាននិងកំពុងបោះជំហានឡើងជាបន្តបន្ទាប់ឆ្ពោះទៅគោលដៅមួយដែលរាជរដ្ឋាភិបាលកម្ពុជាចង់បានគឺជាការអភិវឌ្ឍអនុវិស័យនេះ សំដៅលើការលើកកម្ពស់ស្តង់ដាចិញ្ចឹមតាមរយ:ការប្រើប្រាស់ពូជសុទ្ធ គុណភាពចំណី និងមាត្រដ្ឋាននៃការគ្រប់គ្រងកសិដ្ឋានប្រកបដោយសុវត្ថិភាព សុខភាពសត្វ និងភាតរបរិស្ថាន ហើយចុងក្រោយផលិតបានផលិតផលសាច់មានគុណភាព ធានាបានសុខភាពសាធារណ:។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតរោងចក្រផលិតចំណីសត្វនេះ គឺពិតជាឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានលើកឡើងថា ការកែលម្អនូវបរិយាកាសវិនិយោគ និងការធានានូវលក្ខខណ្ឌអំណាយផលសម្រាប់វិស័យឯកជន ក៏ដូចជាអំពាវនាវ គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន គឺជាកាតព្វកិច្ចចាំបាច់របស់ក្រសួងដែលត្រូវសហការចូលរួមបំពេញតួនាទីដើម្បីលើកស្ទួយវិស័យផលិតកម្មចិញ្ចឹមសត្វ ធានាបានការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកក្នុងបរិបទកូវីដ-១៩ និងធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ក្រុមហ៊ុន ឌី ហឹស្ស (De Heus) និងក្រុមហ៊ុន ធីអិមអេច (TMH Cambodia)ជាក្រុមហ៊ុនផលិតចំណីសត្វមួយក្នុងចំណោមក្រុមហ៊ុនផលិតចំណីសត្វធំជាងគេទាំង១០ នៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុនមានអាយុជាង ១១១ឆ្នាំមកហើយ ៕

ដោយ : ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner