សង្គមស៊ីវិលនិងអ្នកវិភាគ ស្វាគមន៍និងគាំទ្រការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន លុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស

ភ្នំពេញ៖ មន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកវិភាគ បានស្វាគមន៍អបអរសាទរ និងគាំទ្រការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ និងបានហៅការប្រកាសលុបចោលកាតព្វកិច្ចពាក់ម៉ាស់ គឺជាបង្ហាញនូវវិវឌ្ឍនភាពថ្មីរបស់ប្រទេសកម្ពុជាមួយជំហានថ្មីបន្ថែមទៀត ទាក់ទងលទ្ធផលដ៏ល្អជាទីគាប់ចិត្តនៃសមរភូមិប្រយុទ្ធប្រឆាំងនៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩។

នាយកប្រតិបត្តិរបស់អង្គការអភិវឌ្ឍផ្នត់គំនិត និងងជាអ្នកវិភាគ លោក សេក សុជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី២៦ ខែមេសានេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសលើកលែងតែកាតព្វកាព្វកិច្ច១ ក្នុងចំណោមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដូច្នេះនៅសល់ ៣កុំ និង២ការពារ ផ្សេងទៀត ដែលប្រជាពលរដ្ឋត្រូវបន្តរក្សាសុវត្ថិភាពផ្ទាល់ខ្លួនប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ ជាមួយគ្នានេះ លោក សេក សុជាតិ បានអំពាវនាវប្រជាពលរដ្ឋចូលរួមអនុវត្តតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។ ការប្រកាសមិនឱ្យប្រជាពលរដ្ឋពាក់ម៉ាស់នៅទូទាំងប្រទេសនេះ ពិតជាអាចជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋច្រើន តែសូមប្រជាពលរដ្ឋទាំងអស់ កុំភ្លេច ៣កុំ ២ការពារឱ្យខ្ជាប់ខ្ជួន និងព្យាយាមបន្តចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ចំនួន ដើម្បីសុវត្ថិភាពខ្លួនឯង គ្រួសារ សហគមន៍ សង្គម និងប្រទេសជាតិ។

ចំណែក ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព នៃកម្ពុជា និងជាអ្នកវិភាគ លោក សួន សេរីរដ្ឋា បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី២៦ ខែមេសានេះថា ទាក់ទងទៅនឹងការប្រកាសលុបចោលនូវកាតព្វកិច្ចពាក់ម៉ាស់ទូទាំងប្រទេស ដែលបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែមេសានេះ គឺជាបង្ហាញនូវវិវឌ្ឍនភាពថ្មីរបស់ប្រទេសកម្ពុជាមួយជំហានថ្មីបន្ថែមទៀត ទាក់ទងលទ្ធផលដ៏ល្អជាទីគាប់ចិត្តនៃសមរភូមិប្រយុទ្ធប្រឆាំងនៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ពីព្រោះកម្ពុជានៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋចាប់ពីអាយុ៣ឆ្នាំឡើងទៅទទួលបានវ៉ាក់សាំងគ្រប់គ្នាទាំងអស់ ដែលតិចបបំផុតកុមារទទួលបាន ២ដង ៣ដង មន្ត្រីជួរមុខរដ្ឋាភិបាល និងប្រជាពលរដ្ឋទទួលបាន៤ដង ហើយរដ្ឋាភិបាលគ្រោងនឹងឱ្យមន្ត្រីជួរមុខទទួលវ៉ាក់សាំងលើកទី៥ ថែមទៀត គឺជាដំណើរការនៃការបង្ហាញនៅលទ្ធផលមួយថា កម្ពុជាអាចទប់ស្កាត់បាននៃការរីករាលដាលឆ្លងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។ បើប្រៀបធៀបនឹងប្រទេសជិតខាងកម្រិតនៃការឆ្លងកូវីដ-១៩ នៅប្រទេសកម្ពុជា គឺមានតិចបំផុត។ ប្រទេសកម្ពុជាបានក្លាយជាប្រទេសទី២ បន្ទាប់ពីប្រទេសអារ៉ាប់រួម ដែលបានកំពុងនឹងស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញបន្ទាប់វិបត្តិដ៏ធ្ងន់ធ្ងរកូវីដ-១៩។ លោក សេរីរដ្ឋា បានបញ្ជាក់ថា ការប្រកាសបិទបញ្ចប់កាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈ ទីចំហ ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី២៦ ខែមេសា នេះ គឺការបង្ហាញនូវវិវឌ្ឍនភាពមួយធំធេងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដើម្បីដាក់បង្ហាញឱ្យពិភពលោកឃើញថា កម្ពុជា គឺជាប្រទេសដែលមានសុវត្ថិភាព ហើយប្រជាពលរដ្ឋទាំងអស់មានខែលការពារកូវីដ-១៩ បើទោះបីជាមានការឆ្លងក៏ឆ្លងកម្រិតទាប ដែលក្រុមគ្រូពេទ្យនៅកម្ពុជាអាចទប់ស្កាត់ និងព្យាបាលបាន ដោយមិនប៉ះពាល់ដល់អាយុជីវិតធ្ងន់ធ្ងរដូចបណ្តាប្រទេសមួយចំនួន។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស លើកលែងតែកន្លែងបិទជិត គឺរក្សាការពាក់ម៉ាសដដែល។ សម្ដេចបានបញ្ជាក់ថា ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នាពេលនេះ បន្ទាប់ពីតួលេខនៃការឆ្លងជំងឺកូវីដ-១៩ មានលការធ្លាក់ចុះក្នុងកម្រិតទាបបំផុត ហើយភាពស៊ាំសហគមកាន់តែរឹងមាំ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមជម្រាបទៅដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសថា បន្ទាប់ពីមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីសុខាភិបាល នៅពេលនេះ រាជរដ្ឋាភិបាលបានសម្រេចដកកាតព្វកិច្ចពាក់ម៉ាសនៅតាមទីតាំងសាធារណៈចេញ ក៏ប៉ុន្តែកាតព្វកិច្ចនេះ នៅតែរក្សានៅក្នុងទីតាំងបិទជិតដែលមានដូចជា៖ អគារ ទីតាំងរោងភាពយន្ត សាលប្រជុំជាដើម។ ការធ្វើបែបនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ទៅលើការទិញម៉ាស់ ដែលជាបន្ទុកចំណាយដ៏ធំមួយ។ សារសំឡេងបានបន្តថា បន្ទាប់ពីបងប្អូនទទួលបានសារសំឡេងនេះ បងប្អូនអាចរើសដោយខ្លួនឯង បន្តពាក់ម៉ាសតទៅទៀត ឬក៏ឈប់ពាក់ម៉ាស់នៅកន្លែងចំហ ក្រៅពីកន្លែងបិទជិត។ កន្លែងបិទជិតសំដៅទៅលើបន្ទប់ប្រជុំដែលមានការបិទជិតដោយប្រើម៉ាស៊ីនត្រជាក់ ឬក៏នៅក្នុងរោងភាពយន្តដែលមានមនុស្សនៅទីនោះច្រើន ហើយមានការបិទជិត ដោយប្រើម៉ាស៊ីនត្រជាក់។ ប៉ុន្តែក្នុងករណីដែលមានលំហខ្យល់ចេញចូលពីខាងក្រៅអាចដោះចេញបាន នៅតាមផ្លូវសាធារណៈ នៅតាមសួនច្បារ និងកន្លែងផ្សេងដែលមិនមានការបិទទេបងប្អូនអាចសម្រេចចិត្តដោយខ្លួនឯងអាចពាក់ម៉ាស់ ឬក៏មិនពាក់។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ចំពោះទីតាំងមួយចំនួនដែរថា រាជរដ្ឋាភិបាលបន្តលើកទឹកចិត្តឱ្យមានការពាក់ម៉ាស ក៏ប៉ុន្តែមិនមែនជាកាតព្វកិច្ចដែលត្រូវតែពាក់នោះទេ តែរាជរដ្ឋាភិបាលក៏នៅតែយកចិត្តទុកដាក់លើកទឹកចិត្តឱ្យមានការពាក់ម៉ាសនៅកន្លែងដែលមានមនុស្សកកកុញប្រមូលផ្ដុំ និងនៅទីកន្លែងដែលមានការសង្ស័យថា អាចមានករណីកូវីដនៅទីនោះ។ នេះគឺជាជម្រើសដ៏ល្អបំផុតដើម្បីចូលរួមជាមួយបងប្អូនជនរួមជាតិបន្ទាប់ពីយើងបានចាក់វ៉ាក់សាំងពេញលេញរួចមកហើយ។ សម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋដកខ្លួនចេញពីការចំណាយដោយយកវ៉ាក់សាំងជំនួស ដោយការមិនពាក់ម៉ាស។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីធានានូវភាពរឹងមាំសម្រាប់ការបន្តនិរន្តរភាពមិនពាក់ម៉ាស់ និងមានជំងឺឆ្លងបន្តទៀត ខ្ញុំព្រះករុណាខ្ញុំអំពាវនាវសូមប្រជាពលរដ្ឋរបស់យើងទទួលយកវ៉ាក់សាំងដូសទី៣ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីការពារសុខមាលភាពខ្លួនយើង និងក្រុមគ្រួសារយើង។ យើងនឹងខិតខំចាក់វ៉ាក់សាំងដូសទី៤ ឱ្យប្រជាពលរដ្ឋ និងបន្តជំរុញឱ្យបានដូសទី៥ សម្រាប់មន្ត្រីជួរមុខ ដោយមិនខ្វះវ៉ាក់សាំងចាក់នោះទេ។ សម្តេចតេជោ ក៏បានបន្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើតេស្តរហ័ស ដើម្បីស្វែងរកជំងឺកូវីដ-១៩ ប្រសិនបើមានករណីសង្ស័យណាមួយ និងបានស្នើឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្លួនឯងទាក់ទងទៅនឹងជំងឺកូវីដ-១៩ ហើយមន្ត្រីសុខាភិបាលត្រូវតាមដានការប្រែប្រួលទាំងអស់នេះ ដើម្បីយើងធ្វើវិធានការទាន់ពេលវេលា។ សម្ដេចតេជោ ហ៊ុន សែន ក៏បានន្ថែមថា ជំងឺកូវីដនៅលើពិភពលោក មិនទាន់អស់នៅឡើយទេ ដែលមានករណីថ្មីៗបន្តទៀត ប្រសិនបើមានករណីថ្មី ហើយសាហាវ រាជរដ្ឋាភិបាល នឹងមានវិធានការផ្សេងៗទៀត៕
ដោយ៖ពលជ័យ

ads banner