ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងមានកន្លែងសម្រាប់សាករថយន្តអគ្គិសនីទាំងទៅ និងមក ខណៈសំបុត្រធ្វើដំណើរឆ្នាំទី១ មានតម្លៃ ១២ដុល្លារសម្រាប់មួយលើក
ព្រះសីហនុ៖ ថ្លែងក្នុងពេលចុះពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី២៦មេសា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងមានកន្លែងសាកថ្មរថយន្តអគ្គិសនី (EV Charger) ២កន្លែងទៅមក ហើយអាចនៅខាងដើម និងខាងចុងផ្លូវក៏មានដែរ។
គួររំលឹកថា កាលពីថ្ងៃ២៦ មីនាកន្លងទៅ ក្រោមជំនួយរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឬ យូអិនឌីភី( UNDP) ក្រសួងក៏បានដាក់កន្លែងសាកថ្ម EV ចំនួនមួយ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ នាព្រឹកថ្ងៃទី២៦មេសា ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី មួយទៀត របស់ស្ថានីយប្រេងឥន្ធនៈកាល់តិច ត្រូវបានសម្ពោធឱ្យនៅស្ថានីយមានទីតាំងនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា បន្ទាប់ពីបានពិភាក្សាជាមួយ នឹងតំណាងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ភាគីសម្រេចថា ឆ្នាំដំបូង បន្ទាប់ពីដាក់ដំណើរការផ្លូវនេះ សំបុត្រដំណើរសម្រាប់រថយន្តគ្រួសារមានតម្លៃ ១២ដុល្លារ សម្រាប់ ជិះម្តង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ បើទៅមក អស់ ២៤ដុល្លារ ដែលតម្លៃនេះខាងក្រុមហ៊ុន ចុះថ្លៃសម្រាប់ឆ្នាំទី១។ ជាទូទៅសម្រាប់ផ្លូវល្បឿនលឿន ថ្លៃធ្វើដំណើរលើផ្លូវនេះមានតម្លៃ ១០សេន ក្នុង១គីឡូម៉ែត្រ ។ដូចនេះបើតាមតម្លៃធម្មតាប្រហែលជា ១៩ដុល្លារ។
សូមបញ្ជាក់ថា តម្លៃ ១២ដុល្លារក្នុងមួយដងនេះ សម្រាប់រថយន្តធុនតូចលក្ខណៈគ្រួសារ ខណៈសម្រាប់ធុនធំខាងក្រុមហ៊ុន មិនទាន់កំណត់តម្លៃនៅឡើយទេ ។
សូមជម្រាបថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេច វឌ្ឍនភាព ការងារបាន ៩០,៩៥ភាគរយហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមនឹងបញ្ចប់ ដាក់ឱ្យប្រើប្រាស់សាកល្បង នៅខែកក្កដាខាងមុខហើយ នឹងសម្ពោធ ដាក់ឱ្យប្រើប្រាស់ជា ផ្លូវការក្នុងពេលវេលាសមស្របក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ៕
ដោយ៖ វណ្ណលុក