រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ជាផ្លូវការ នាខែវិច្ឆិកាខាងមុខ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចជាគោលការណ៍អនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី១៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺបន្ទាប់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំគោលការណ៍ កាលពីដើមខែមេសាកន្លងទៅ ដើម្បីរៀបចំការប្រកួតកីឡាជាតិ លើកទី៣ នាខែវិច្ឆិកាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះបើយោងតាមសេចក្ដីជូនដំណឹងលេខ ៣០៥សជណ អ.វ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។ សេចក្ដីជូនដំណឹងមានខ្លឹមសារថា «រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ជូនក្រសួងអប់រំ យុវជន និងកីឡា រៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ»។
គួរដឹងថា ព្រឹត្តិការណ៍កីឡាជាតិ បានខកខានរៀបចំម្ដងរួចមកហើយ កាលពីឆ្នាំ២០២០ ក្រោយផ្ទុះជំងឺរាតត្បាលជាសកលកូវីដ-១៩ បន្ទាប់ពីធ្លាប់រៀបចំដោយជោគជ័យចំនួន ២លើក កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៨។ បន្ទាប់ពីស្ថានភាពកូវីដ-១៩ ធូរស្រាល ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសរៀបចំព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះឡើងវិញ តាមទម្រង់ស៊ីហ្គេម ដើម្បីជាបទពិសោធក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣។
តាមគម្រោង ការប្រកួតកីឡាជាតិ លើកទី៣ នឹងរៀបចំការប្រកួតនៅទីលាន ៦រាជធានី-ខេត្ត ពិសេសទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ហើយមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងគណៈកម្មការចូលរួមប្រមាណ ៧,០០០នាក់។ ចំពោះប្រភេទកីឡា ដែលគ្រោងរៀបចំក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ គឺមាន ៣៩ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិក ៧ប្រភេទកីឡា។ នេះបើយោតាមស្មារតីកិច្ចប្រជុំតាមអនឡាញ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន កាលពីថ្មីៗកន្លងទៅ៕ ចាន់ វិចិត្រ