សម្តេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋមួយចំនួនធំនៅតែបន្តពាក់ម៉ាស ទោះបីដកកាតព្វកិច្ច ពាក់ម៉ាសក្តី

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទោះបីដកកាតព្វកិច្ចពាក់ម៉ាសក្តី ប្រជាពលរដ្ឋមួយចំនួនធំនៅតែបន្តពាក់ម៉ាស ។

សម្តេចតេជោបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។

នៅក្នុងឱកាសនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរប្រជាពលរដ្ឋកម្ពុជា ដែល បន្ត ការពារខ្លួនពីកូវីដ-១៩ ទោះបីជាបានដកកាតព្វកិច្ចពាក់ម៉ាស ព្រោះប្រជាពលរដ្ឋចំនួនធំ នៅតែ បន្តពាក់ម៉ាស មិនថាធ្វើដំណើរតាមដងវិថី និងនៅតាមទីធ្លាសាធារណៈ។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ឈប់កាតព្វកិច្ច ពាក់ម៉ាសនៅតាមទីតាំងសាធារណៈទូទាំងប្រទេស ចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ តទៅ ដោយទុកឲ្យពលរដ្ឋមានសិទ្ធិសម្រេចដោយខ្លួនឯងថា ពាក់ ឬមិនពាក់។សម្ដេចតេជោ បានប្រកាស ដូចនេះ តាមរយៈសារសំឡេងពិសេស នៅថ្ងៃទី២៦ ខែមេសា។

សម្ដេចតេជោ ហ៊ុន សែន បានជម្រាបទៅដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសថា បន្ទាប់ ពីមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីសុខាភិបាល នៅពេលនេះ រាជរដ្ឋាភិបាល បានសម្រេចដកកាតព្វកិច្ចពាក់ម៉ាសនៅតាមទីតាំងសាធារណៈចេញ ក៏ប៉ុន្តែកាតព្វកិច្ចនេះ នៅតែ រក្សានៅក្នុងទីតាំងបិទចិត្ត ដែលមានដូចជា៖ អគារ ទីតាំងរោងភាពយន្ត សាលប្រជុំជាដើម។ សម្ដេចបានលើកឡើងថា ការធ្វើបែបនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយ ការចំណាយ របស់ ប្រជាពលរដ្ឋ ទៅលើការទិញម៉ាស់ ដែលជាបន្ទុកចំណាយដ៏ធំមួយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ចំពោះទីតាំងមួយចំនួនដែរថា រាជរដ្ឋាភិបាល បន្តលើកទឹក ចិត្តឲ្យមានការពាក់ម៉ាសក៏ប៉ុន្តែមិនមែនជាកាតព្វកិច្ចដែលត្រូវតែពាក់នោះទេ តែរាជរដ្ឋាភិបាល ក៏នៅតែយកចិត្តទុកដាក់លើកទឹកចិត្តឲ្យមានការពាក់ម៉ាស នៅកន្លែងដែលមានមនុស្ស កកកុញ ប្រមូលផ្ដុំ និងនៅទីកន្លែងដែលមានការសង្ស័យថា អាចមានករណីកូវីដនៅទីនោះ។ សម្ដេចថា នេះគឺជាជម្រើសដ៏ល្អបំផុតដើម្បីចូលរួមជាមួយបងប្អូនជនរួមជាតិ បន្ទាប់ពីយើង បានចាក់វ៉ាក់សាំង ពេញលេញរួចមកហើយ។ សម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋដកខ្លួនចេញពីការចំណាយដោយ យក វ៉ាក់សាំងជំនួស ដោយការមិនពាក់ម៉ាស។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីធានា នូវភាពរឹងមាំសម្រាប់ការបន្តនិរន្តរភាព មិនពាក់ម៉ាស់ និងមានជំងឺឆ្លងបន្តទៀត សម្ដេចអំពាវនាវសូមឱ្យប្រជាពលរដ្ឋរបស់ យើងទទួល យកវ៉ាក់សាំងដុសទី៣ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីការពារសុខមាលភាពខ្លួនយើង និងក្រុមគ្រួសារយើង។

ជាមួយគ្នានេះ សម្តេច ក៏បន្តលើកទឹកចិត្តឲ្យប្រជាពលរដ្ឋធ្វើតេស្តរហ័ស ដើម្បីស្វែងរកជំងឺកូវីដ១៩ ប្រសិនបើមានករណីសង្ស័យណាមួយ និងបានស្នើឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្លួន ឯងទាក់ទង ទៅនឹងជំងឺកូវីដ១៩ ហើយមន្ត្រីសុខាភិបាលត្រូវតាមដានការប្រែប្រួលទាំងអស់នេះ ដើម្បីយើងធ្វើ វិធានការទាន់ពេលវេលា។ សម្ដេច ក៏បានន្ថែមថា ជំងឺកូវីដនៅលើពិភពលោក មិនទាន់អស់ នៅ ឡើយទេ ដែលមានករណីថ្មីៗបន្តទៀត ប្រសិនបើមានករណីថ្មី ហើយសាហាវ រាជរដ្ឋាភិបាល នឹង មានវិធានការផ្សេងៗទៀត ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner