ផលិតផលមីកញ្ចប់ខ្មែរដំបូងគេបង្អស់ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិពីចក្រភពអង់គ្លេស

ភ្នំពេញ៖ ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីអបអរសាទរផលិតផលមីជាតិ ដែលជាមីកញ្ចប់ខ្មែរដំបូងគេទទួលបានវិញ្ញាបនបត្រ ស្តង់ដារអន្តរជាតិពីចក្រភពអង់គ្លេស ដែលពិធីប្រគល់ និងទទួលនេះរៀបចំឡើងនៅបរិវេនរោងចក្រផ្ទាល់ ដែលមានទីតាំងស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មានប្រសាសន៍ក្នុងពិធីនេះ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង មានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុនបានប្តេជ្ញាចិត្តជាមួយនឹងមហិច្ឆិតា នៃការបំពេញឱ្យបានតាមទស្សនវិស័យ ក្នុងការផ្តល់ជូននូវមីឆ្អិនស្រាប់គុណភាពខ្ពស់សម្រាប់ជីវិតមនុស្ស និងសង្គម ព្រមជាមួយបេសកម្មក្នុងការក្លាយទៅជាក្រុមហ៊ុនជាតិដែលត្រូវបានកោតសរសើរជាងគេ ក្នុងវិស័យផលិតចំណីអាហារ និងអនុលោមតាមបទដ្ឋានស្តង់ដារអន្តរជាតិ។

លោកជំទាវអគ្គនាយិកាបន្តថា ក្រុមហ៊ុនមីជាតិដែលទើបតែចាប់ផ្តើមដំណើរការថ្មីៗនៅលើទីផ្សារកម្ពុជា បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់យ៉ាងក្រៃលែង រហូតទទួលបានការវាយតម្លៃជាប់ជាផ្លូវការ ជាមួយវិញ្ញាបនបត្របញ្ជាក់គុណភាព អនាម័យពីស្ថាប័ន SGS និង UKAS ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការវាយតម្លៃសង្វាក់ផលិតកម្មចំណីអាហារ ស្របទៅតាមស្តង់ដារអនាម័យពិភពលោក។

នាឱកាសនោះដែរ លោក គ្រីសន ណុនតាវារ៉ា កនគុល អ្នកតំណាងជាន់ខ្ពស់ នៃស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS បានថ្លែងថា ក្រុមហ៊ុនផលិតមីកញ្ចប់ឆ្អិនស្រាប់ទីមួយនៅប្រទេសកម្ពុជា ដែលបានអនុវត្តតាមបទដ្ឋានចំណីអាហារអន្តរជាតិ រហូតទទួលបានការសវកម្មជាប់ជាស្ថាពរ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ GHPs, HACCP និង ISO 9001:2015 ពីស្ថាប័ន SGS និង UKAS ។

លោកបន្ថែមថា ការទទួលស្គាល់នេះនឹងធ្វើឱ្យដៃគូអាជីវកម្ម អ្នកប្រើប្រាស់ និងអ្នកពិសាផ្ទាល់នូវផលិតផលនេះកាន់តែមានទំនុកចិត្ត ទៅលើផលិតផល គុណភាព អនាម័យ និងសេវាកម្មរបស់ក្រុមហ៊ុន ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព។

គួរបញ្ជាក់ថា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ តាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ផ្ចិតផ្ចង់ សម្រិតសម្រាំង ព្រមជាមួយការផលិត ដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ដើម្បីផ្តល់នូវផលិតផលគុណភាខ្ពស់ មានអនាម័យ ជាមួយនឹងរសជាតិខ្មែរពិតៗ៕ ដោយ៖ ទីណា + បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner