ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត៖ ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ដឹកនាំ​កសាង​និង​អភិវឌ្ឍ​ប្រទេស​សម្រេច​សមិទ្ធផល​ធំៗច្រើនជាងគេ​បំផុត

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​ថ្នាក់កណ្តាល​បាន​បញ្ជាក់ថា “​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​តែមួយគត់​ដែល​បាន​ដឹកនាំ​កសាង និង​អភិវឌ្ឍ​ប្រទេស​ដោយ​សម្រេច​សមិទ្ធផល​ធំៗ​ច្រើនជាងគេ​បំផុត ដោយ​ឈរលើ​គោលការណ៍ “​អ្វីៗ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​”​។ សមិទ្ធផល​ទាំងអស់​របស់រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​កើតមានឡើង​ដោយ​ចៃដន្យ​នោះទេ​។ ជាក់ស្តែង​ណាស់ គឺជា​ផ្លែផ្កា​នៃ​កត្តា​អ្នកដឹកនាំ ដែលមាន​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​បុព្វហេតុ​បម្រើប្រជាពលរដ្ឋ​ គិតគូរ​ដល់​ប្រយោជន៍​ជាតិ​ជាធំ និង​ដល់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​ទទួលបាន​ជីវភាព​រស់នៅ​ថ្លៃថ្នូរ​”​។ ការបញ្ជាក់​នេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា តាម​វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និង​ម​ត្តេ​យ្យ​សិក្សា ជុំវិញ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២​។​

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា លោកគ្រូ​អ្នកគ្រូ គឺជា​មូលធន​មនុស្ស​ដ៏​សំខាន់បំផុត ដែល​សំបូរហូរហៀរ​ទៅដោយ​បណ្តុំ​គំនិត ចំណេះដឹង និង​គុណធម៌​ប្រកបដោយ​កិត្តិយស​ខ្ពង់ខ្ពស់ និង​គឺជា​អ្នកដើរ​តួនាទី​ស្នូល​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​តាំងពី​កុមារ​រហូតដល់​ធំ​ពេញវ័យ តាមរយៈ​ការបង្ហាត់បង្រៀន​បណ្តុះ​សមត្ថភាព និង​ការចែករំលែក​ចំណេះវិជ្ជា រួមជាមួយ​ការអប់រំ​ផ្នែក​សីលធម៌ គុណធម៌​ដល់​ប្អូនៗ​ក្មួយៗ​ជា​ទំពាំង​ស្នង​ប្ញ​ស្សី​ឱ្យ​ក្លាយទៅជា​សិស្ស​ល្អ​នៅក្នុង​សាលារៀន ជា​កូន​ល្អ​នៅក្នុង​គ្រួសារ និង​ជា​ពលរដ្ឋ​ល្អ​ដែលមាន​ម​ហិ​ច្ឆិ​តា​ចង់បាន​ការអភិវឌ្ឍ​ចំណេះដឹង និង​ការរីកចម្រើន​ជឿនលឿន​របស់​សង្គមជាតិ​។ នៅពេល​យើង​សំបូរ​ដោយ​ធនធានមនុស្ស​ខ្លាំង នោះ​ប្រទេសជាតិ​យើង​នឹង​ខ្លាំង និង​ប្រកបដោយ​ភាពម្ចាស់ការ​រឹងមាំ​លើ​គ្រប់​វិស័យ​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា “​ការវិនិយោគ​លើ​គ្រូបង្រៀន គឺ​ដើម្បី​ធ្វើឱ្យ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​រឹងមាំ និង​ម្ចាស់ការ​”​។ ស្រប​នឹង​ទស្សន​វិស័យនេះ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់ និង​ចាត់​វិស័យ​អប់រំ​ជា​វិស័យ​ស្នូល​ចម្បង​មួយ​នៅក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស ហើយ​គោលនយោបាយ​ដែល​បាន​ដាក់ចេញ​កន្លងមក គឺ​តែង​បាន​ផ្តោតលើ​ការលើកកម្ពស់​ជីវភាព​រស់នៅ និង​ការលើកទឹកចិត្ត​តាមរយៈ​ការ​ផ្តល់នូវ​អត្ថប្រយោជន៍​ផ្នែក​សុខមាលភាព​សង្គម​ផ្សេងៗ​ជាប់​ជាប្រចាំ​ចំពោះ​លោកគ្រូ​អ្នកគ្រូ ដែល​ត្រូវមាន​អ​ម្រែ​ក​ក្នុង​ការបន្ត​ខិតខំ​ពង្រឹង និង​អភិវឌ្ឍ​សមត្ថភាព​បន្ថែមទៀត ដើម្បី​ចែករំលែក​ដល់​សិស្សានុសិស្ស​។​

​ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ដែល​បានរៀបចំ​កម្មវិធី​ជួបជុំ​ប្រកបដោយ​អត្ថន័យ និង​ភាពសប្បាយ​រីករាយ ក្នុង​លក្ខណៈ​ជា​មហា​គ្រួសារ​ដ៏​ធំ​មួយ​ជាមួយនឹង​សមាជិក សមាជិកា​ជាង៣.៥០០នាក់ អញ្ជើញ​មកពី​គ្រឹះស្ថានសិក្សា​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ក្នុង​បរិបទ​ក្រោយ​ពេលដែលសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទើបបាន​សម្រេច​លើកលែង​កាតព្វកិច្ច​ការពាក់​ម៉ាស់​នៅតាម​កន្លែង​ទីសាធារណៈ​ជាទី​លំហ ឬ​កន្លែង​ដែលមាន​ចរន្ត​ខ្យល់​ចេញចូល​ល្អ នៅ​ទូទាំងប្រទេស រួម​ជាមួយនឹង​ការបន្ត​ជំរុញ​ការចូលរួម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា ក្នុង​គោលដៅ​ដើម្បី​បន្ត​ធានា​នូវ​និរន្ត​ភាព​នៃ​បង្កើន​ភាពស៊ាំ​សហគមន៍​ឱ្យ​កាន់តែ​រឹងមាំ​។ ទាំងអស់នេះ ក៏បាន​បង្ហាញ​ផងដែរ​អំពី​ការវិវត្ត​វិជ្ជមាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ទំនុកចិត្ត​ខ្ពស់​នៃ​ស្ថានការណ៍​គ្រប់គ្រង​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​៕
ដោយ៖ពល​ជ័យ

ads banner