សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឌិញ ទៀន ហ្ស៊ុង (Dinh Tien Dung) សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ឌិញ ទៀន ហ្ស៊ុង ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ទស្សនកិច្ចរបស់គណៈប្រតិភូ បានឆ្លុះបញ្ចាំងអំពីចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជននិងប្រទេសទាំងពីរ និងបន្តពង្រឹងនិងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំនិងខ្លាំងក្លាជាងទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ជាមួយគ្នានេះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ស្របពេលជាមួយនឹងខួបលើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង បានឯកភាពចំពោះប្រសាសន៍របស់សម្តេចប្រធានព្រឹទ្ធសភា ដែលបានលើកឡើងអំពីប្រទេសទាំងពីរបានរៀបចំសកម្មភាពជាច្រើន ដើម្បីអបអរសាទរខួបលើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ជាពិសេស ប្រទេសកម្ពុជាបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់កម្ពុជា ព្រមទាំងកំពុងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ។ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តមលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា។ ឯកឧត្តមបានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងជាច្រើន ដែលប្រទេសកម្ពុជាសម្រេចបាននាពេលកន្លងទៅនេះ ដោយរក្សាបាននូវស្ថេរភាពនយោបាយ សន្តិសុខ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ព្រមទាំងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយជោគជ័យ។ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទទួលបានអត្រាខ្ពស់បំផុតក្នុងតំបន់ ព្រមទាំងបានបើកប្រទេសយ៉ាងពេញលេញឡើងវិញយ៉ាងឆាប់រហ័ស។

ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង បានសម្តែងនូវសេចក្តីរីករាយចំពោះសមិទ្ធផលនានាដែលប្រទេសទាំងពីរ បានរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ។ ឯកឧត្តមសង្ឃឹមថា ព្រឹទ្ធសភាកម្ពុជានឹងបន្តបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយនឹងរដ្ឋសភាវៀតណាម ក្នុងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក៏ដូចជាក្នុងការត្រួតពិនិត្យ ការតាមដាន ការជំរុញស្ថាប័នពាក់ព័ន្ធ រួមទាំងពាណិជ្ជករ ក្នុងការអនុវត្តយ៉ាងសកម្មនូវសេចក្តីថ្លែងការណ៍រួម គោលនយោបាយ និងកិច្ចព្រមព្រៀងនានារវាងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ឯកឧត្តមប្រធានគណៈប្រតិភូដែលបានថ្លែងអំណរសរសើរចំពោះចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ព្រមទាំងថ្លែងអំណរសរសើរដល់កម្ពុជាដែលគ្រប់គ្រងជំងឺកូវីដបានល្អ ព្រមទាំងថ្លែងអំណរគុណឯកឧត្តមចំពោះការពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ជូនចំពោះសម្តេច និងព្រឹទ្ធសភា។ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីសប្បាយរីករាយដោយបានឃើញចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់ ដែលមិនគ្រាន់តែបាននាំមកនូវផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននិងប្រទេសទាំងពីរប៉ុណ្ណោះទេ គឺនូវបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាពសន្តិសុខ និងការអភិវឌ្ឍន៍រួមរបស់តំបន់ និងអន្តរជាតិប្រកបដោយចីរភាពទៀតផង។

ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមដែលបានគាំទ្រដល់បុព្វហេតុ និងយុត្តិធម៌របស់ប្រជាជនកម្ពុជាក្នុងគ្រប់ដំណាក់កាល។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរឥតងាករេក្នុងការបន្តពូនជ្រុំនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសយើងទាំងពីរតាមទិសស្លោក “អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់វិស័យរឹងមាំយូរអង្វែង”។ កម្ពុជា-វៀតណាម គឺជាអ្នកជិតខាងល្អ បងប្អូនល្អ មិត្តល្អ និងដៃគូល្អ។ ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភាបានអបអរសាទរចំពោះលទ្ធផលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ មុនក៏ដូចបច្ចុប្បន្ន និងទៅអនាគត ព្រឹទ្ធសភាកម្ពុជាបន្តគាំទ្ររាល់កិច្ចសហប្រតិបត្តិការដែលចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងលើកទឹកចិត្តឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជំរុញការអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ចំពោះរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ សម្តេចប្រធានព្រឹទ្ធសភាបានលើកទឹកចិត្តឱ្យជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យអាទិភាពនានា និងផ្លាស់ប្តូរទស្សនកិច្ចមន្រ្តីដឹកនាំ និងមន្រ្តីជំនាញគ្រប់កម្រិត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងទីក្រុង និងអភិវឌ្ឍជាទីក្រុងវ័យឆ្លាតនាពេលអនាគត។ សម្តេចប្រធានព្រឹទ្ធសភាបានជម្រាបជូនគណៈប្រតិភូថា កម្ពុជាបានបើកប្រទេសឡើងវិញតាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ ចាប់ពីពេលនោះមករហូតដល់បច្ចុប្បន្ននេះសេដ្ឋកិច្ចកម្ពុជាមានកំណើនជាបន្តបន្ទាប់។ តាមការព្យាករណ៍របស់ ADB សេដ្ឋកិច្ចកម្ពុជាអាចមានកំណើន ៥,៣% នៅឆ្នាំ២០២២ និងមានកំណើន ៦,៥% នៅឆ្នាំ២០២៣។ កម្ពុជាប្តេជ្ញាការពារសន្តិភាព ធានាម៉ាក្រូសេដ្ឋកិច្ច និងបន្តការចាក់វ៉ាក់សាំងជូនប្រជាជនដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ទាំងមូល ដោយចាត់ទុកការចាក់វ៉ាក់សាំងនៅកម្ពុជា ជាវ៉ាក់សាំងសេដ្ឋកិច្ច។ សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា នៅឆ្នាំ២០២២នេះ កម្ពុជានឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នឹងឆ្នាំ២០២៣ នឹងមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្កលក្ខណៈសម្បត្តិឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដំណើរការទៅក្នុងបរិយាកាសសន្តិភាព គ្មានអំពើហិង្សា មានលក្ខណៈសេរី និងយុត្តិធម៌ដែលទាំងអស់គ្នាអាចទទួលយកបាន។

តាមរយៈគណៈប្រតិភូ សម្តេចប្រធានព្រឹទ្ធសភាបានផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីនឹករលឹក និងសេចក្តីគោរពស្រឡាញ់ ជូនចំពោះឯកឧត្តមប្រធានរដ្ឋសភាវៀតណាម និងសូមគោរពអញ្ជើញឯកឧត្តមប្រធានរដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។ សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសូមជូនពរមានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការបម្រើជាតិ។ សម្តេចបានជូនពរគណៈប្រតិភូមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបានភាពរីករាយក្នុងឱកាសស្នាក់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ

ads banner