លោកជំទាវ ពេជ ចន្ទមុន្នី៖ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខប្រពលរដ្ឋគ្រប់ទីកន្លែង 

ភ្នំពេញ៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនីធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុននាង និងមហាឧបាសិកា ឌី ប៉ុក បានមានប្រសាសន៍បញ្ជាក់ថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសតាមរយៈការផ្ដល់អំណោយជាអណ្តូងទឹកនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំង ព្រោះអណ្តូងទឹកទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងបរិបទនៃជម្ងឺកូវីដ-១៩នេះ ដោយទឹកស្អាតបានជួយលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានសុខភាពល្អជៀសផុតពីជំងឺទាំងឡាយទាំងពួងបាន។

ការបញ្ជាក់របស់លោកជំទាវ បានធ្វើឡើងក្នុងពិធីអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន៥ ជូនដល់ប្រជាពលរដ្ឋ នៅឃុំត្រពាំងជោស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ទាប់ពីអាក់ខានរយៈពេល២ឆ្នាំ ដោយសារជំងឺកូវី-១៩ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។

លោកជំទាវបានបន្ថែមថា ប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលពីអណ្តូងទឹកស្អាតទាំងនេះ ពិតជាសូមគោរពសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ម្ចាស់អំណោយទាំងពីរខាងលើ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែចង្អុលបង្ហាញ គិតគូរដល់ជីវភាពប្រជាពលរដ្ឋគ្រប់ទិសទី ដែលត្រូវការចាំបាច់នូវទឹកស្អាតប្រើប្រាស់ និងការថែទាំសុខភាពអនាម័យជាពិសេសក្នុងបរិបទនៃកូវីដ-១៩នេះ។

លោកជំទាវ ពេជ ចន្ទមុន្នី បានឱ្យដឹងថា អណ្តូងទឹកទាំងនេះ រួមមាន អំណោយរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុននាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន មានចំនួន២អណ្តូង អំណោយរបស់មហាឧបាសិកា ប៊ុនស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣អណ្តូង ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺនេះ បានប្រើប្រាស់តាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ។

នៅតាមទីតាំងប្រគល់អណ្ដូងទឹកនីមួយៗ លោកជំទាវ ពេជ ចន្ទមុន្នី បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមអំពាវនាវដល់បងប្អូនអញ្ជើញទៅទទួលថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងអញ្ជើញទៅបោះឆ្នោតជ្រើសឃុំ សង្កាត់ឱ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា ក្នុងឱកាសនោះ ក្រៅពីអំណោយអណ្តូងទឹក លោកជំទាវប្រធានមូលនិធិ ក៏បានចែកជូននូវអំណោយកំដរដៃរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមអបអរសាទរនៅក្នុងពិធីប្រគល់អណ្ដូងទឹកគ្រប់ទីតាំងទាំង៥នេះផងដែរ។ លើសពីនោះទៀតលោកជំទាវប្រធាន ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ពិនិត្យសុខភាពផ្ទាល់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ហើយខណ:នោះដែរក៏មានពលរដ្ឋចំនួន៥នាក់ មានជំងឺរ៉ាំរ៉ៃប្រចាំកាយ លោកជំទាវប្រធានបានទទួលយកពួកគាត់ មកព្យាបាលនៅភ្នំពេញជូន ក្រោមការចំណាយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕ 

ដោយ៖ពលជ័យ

ads banner