សម្ដេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ៗ ៦ចំណុច ដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំកម្ពុជា
ភ្នំពេញ៖ មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានតិចណូ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗ ៦ចំណុច សម្រាប់វិស័យអប់រំ យុវជន និងកីឡា ដើម្បីបន្តអនុវត្ត។
ដោយសារតែរាជរដ្ឋាភិបាល តែងតែផ្តល់អាទិភាពទី១ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និង អភិវឌ្ឍវិស័យអប់រំកម្ពុជា ។ ដូច្នេះ, ដើម្បីលើកទឹកចិត្ត និង យកចិត្តទុកដាក់លើកិច្ចការដ៏មានសារៈសំខាន់នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់វិស័យ អប់រំយុវជនកីឡា បន្តអនុវត្តដែលមាន ចំនួន ៦ចំណុច ដូចខាងក្រោម ៖
ទី១. បន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់, បុរេសកម្មឆ្លើយតបទៅនឹងបរិការណ៍ជាតិ-អន្តរជាតិ ដែលកំពុងមានការប្រែប្រួល ។ បន្តធានានូវសេវាអប់រំ ដែលមានគុណភាព ប្រកបដោយសមធម៌ និង បរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា និង ដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្សានុសិស្ស និង យុវជន ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ។
ទី២. កសាងប្រព័ន្ធ និង អភិវឌ្ឍសមត្ថភាពប្រព័ន្ធអប់រំ តាមរយៈ ធានាភាពជាអ្នកដឹកនាំ និង ការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមមាន ការកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ, ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ, ការកសាងគោលនយោបាយ និង ផែនការអប់រំ, ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់បុគ្គលិកអប់រំ និង គ្រូបង្រៀន ។
ទី៣. បន្តអភិវឌ្ឍ ការអប់រំឌីជីថល សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងបរិការណ៍ បរិវត្តកម្មសង្គម និង សេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្ម បច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា, បំពាក់ បន្ទប់ពិសោធន៍ឌីជីថល នៅតាមគ្រឹះស្ថានសិក្សា, លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែក ឌីជីថល, ផលិត វីដេអូបង្រៀន និង មាតិកាឌីជីថល លើមុខវិជ្ជាគោលសម្រាប់ថ្នាក់ប្រឡង, ព្រមទាំងផ្សព្វផ្សាយ ការងារទាំងនេះ ឱ្យកាន់តែទូលំទូលាយ ។
ទី៤. បន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និង យុវជន ដោយប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមាន ក្នុងសង្គម តាមរយៈការបំផុសចលនា ßកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អà, កម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយមូលដ្ឋាននៅតាមសហគមន៍ ជាមួយនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង ជំនាញទន់ដល់យុវជន ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងឱកាសការងារនៅក្នុងសង្គម ។
ទី៥. បន្តត្រៀមលក្ខណៈឱ្យបានពេញលេញ ដើម្បីធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍសមាគមកីឡាមហាជន, សហព័ន្ធកីឡា, បំប៉ន និង ហ្វឹកហាក់កីឡាករជម្រើសជាតិ និង កីឡាករថ្នាលឱ្យបានដិតដល់, ជំរុញសកម្មភាពអប់រំកាយ និង កីឡា នៅតាមគ្រឹះស្ថានសិក្សាឱ្យបានផុសផុល ។
ទី៦. បន្តលើកកម្ពស់សុខភាពអនាម័យ នៅតាមគ្រឹះស្ថានសិក្សា ដោយបន្តអនុវត្តអភិក្រម «៣កុំ និង ៣
ការពារ» ហើយចូលរួមទប់ស្កាត់ការឆ្លងចូលគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា, ការរក្សាគម្លាតសុវត្ថិភាព និង សុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និង សិស្សានុសិស្ស ។ បន្តយកចិត្តទុកដាក់ គាំទ្រសុខភាពផ្លូវចិត្ត និង ផ្លូវកាយសិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬ ប្រយោល ដោយសារជំងឺកូវីដ-១៩ ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរ និងអរគុណ ដល់វិស័យអប់រំ ដែលបានរួមចំណែកដល់ការគ្រប់គ្រងកូវីដ១៩ តាមគ្រឹះស្ថានសិក្សាអប់រំកន្លងមក និងអរគុណចំពោះប្រជាពលរដ្ឋ ដែលយកចិត្តទុកដាក់ ការពារខ្លួនពីការឆ្លង Covid-19 ដែលចំណុចនេះ បាន ធ្វើឲ្យកម្ពុជាទទួលបានជោគជ័យ ក្នុងការគ្រប់គ្រងសមរភូមិ Covid 19 ។
សម្ដេចតេជោ បានមើលឃើញថា បន្ទាប់ពីដកកាតព្វកិច្ចពាក់ម៉ាស នៅតាមទីសាធារណៈ, ប្រជាពលរដ្ឋ នៅតែមានការពាក់ម៉ាសប្រមាណ ៦០ភាគរយ នៅពេលធ្វើដំណើរ និងនៅតាមដងផ្លូវសាធារណៈ ដែលមានន័យថាប្រជាពលរដ្ឋយើង មានការយល់ដឹងច្រើន នៅក្នុងការការពាររបស់ខ្លួន ។
យ៉ាងណាក៏ដោយ សម្ដេចតេជោ នៅតែបន្តអំពាវនាវដឹងលើកទឹកចិត្ត ឲ្យបន្តអនុវត្តតាម អភិក្រម ៣កុំ និង ៣ការពារបន្តទៀត បើទោះបីក្នុងចំណុច ៣ការពារ ត្រូវបានលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈ ដោយទុកឲ្យប្រជាពលរដ្ឋ ជាអ្នកសម្រេចចិត្តឯងខ្លួនថា ពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ ក៏ដោយ។ សម្តេចថា នេះហើយជាការឈ្នះសង្គ្រាមតូចៗ ទោះមិនទាន់ឈ្នះសង្រ្គាមៗធំក៏ដោយ។
ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជា អត់មានការរើសអើងខាងនយោបាយ សម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩ នោះទេ អ្នកណាក៏ចាក់បានដែរ ឱ្យតែរស់នៅលើទឹកដីកម្ពុជា ។ នេះជាហើយជាចំណែកជោគជ័យភាពស៊ាំក្នុងសហគមន៍៕ ដោយ វណ្ណលុក
















