សម្តេចតេជោ ហ៊ុន សែន ណែនាំគ្រូបង្វឹក និងកីឡាករ កីឡាការនី ដែលទៅប្រកួតស៊ីហ្គេម នៅវៀតណាម ត្រូវដកស្រង់បទពិសោធន៍ ដើម្បីឈានឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជា ជាម្ចាស់ផ្ទះ

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាដែលត្រៀមខ្លួនចូលរួមប្រកួតកីឡា SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គ្រូបង្វឹកកីឡា និងកីឡាករ កីឡាការនី ដែលទៅប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ត្រូវដកស្រង់បទពិសោធន៍ ដើម្បីឈានឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានណែនាំកីឡាករ កីឡាការនី ក៉ំបំពានការប្រកួត ក៉ំប្រើសារធាតុញៀន ឬលើកកំលាំង ត្រូវមានសមត្ថភាពពិតប្រាកដ ព្រោះយើងកាន់ទង់ជាតិកម្ពុជាទៅប្រកួត។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ពេលកម្ពុជា ធ្វើជាប្រធានស៊ីហ្គេម២០២៣ កម្ពុជា អាចទទួលអ្នកទស្សនាការប្រកួតផ្ទាល់បាន ដោយសារភាពធូរស្រាល នៃជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា កម្ពុជា នឹងចំណាយលុយ ៤០លានដុល្លារ សម្រាប់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។

សូមជម្រាបថា កីឡាករ កីឡាការិនី និងអត្តពលិករបស់កម្ពុជា ដែលត្រូវបានរៀបចំជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិលើស្មារតីតម្លាភាព និងកម្រិតគុណផលកីឡាខ្ពស់ជាងគេ មានសរុប ៥៦០នាក់។ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់, កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់។

ការចូលរួមប្រកីតកីឡាស៊ីហ្គេមនៅវៀតណាមនាពេលនេះ ជាការចូលរួមដែលកម្ពុជាបានបញ្ជូនប្រតិភូកីឡាជាទ្រង់ទ្រាយធំជាងពេលមុនៗ ហើយជាការចូលរួមប្រកួតក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រក្នុងកាវាយតម្លៃ វាស់ស្ទង់ និងផ្ទៀងផ្ទាត់សមត្ថភាពគុណផលកីឡារបស់កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដើម្បីប្រមូលទិន្នន័យគុណផលកីឡា ធ្វើការវិភាគចំណុចខ្ពស់ទាប ខ្លាំងខ្សោយ មករៀបចំពង្រឹងលទ្ធភាពពលកម្មកីឡា ឱ្យមុតស្រួច និងគត់មត់ ឆ្ពោះទៅរកឧត្ដមភាពបច្ចេកទេសកីឡាក្នុងការប្រកួត SEA Games ឆ្នាំ២០២៣នៅកម្ពុជា៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner