សម្ដេចតេជោ ហ៊ុន សែន ប្រាប់កីឡាករ កីឡាការិនី ថា ការទៅប្រកួតស៊ីហ្គេមនេះ គឺកាន់ទង់ជាតិកម្ពុជា ដូច្នេះក្មួយៗ ត្រូវតែដឹងថា មានថ្នាក់ដឹកនាំ ជាពិសេស មានប្រជាជនជិត ១៧លាននាក់ នៅជាមួយនឹងក្មួយៗ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រាប់កីឡាករ កីឡាការិនី ថា ការទៅប្រកួតស៊ីហ្គេមនេះ គឺកាន់ទង់ជាតិកម្ពុជា ដូច្នេះក្មួយៗ ត្រូវតែដឹងថា មានថ្នាក់ដឹកនាំ ជាពិសេស មានប្រជាជនជិត ១៧លាននាក់ នៅជាមួយនឹងក្មួយៗ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ។

សម្ដេចតេជោ បានបញ្ជាក់ថា សម្រាប់ការចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម សម្ដេច សូមគាំទ្រនូវការលើកឡើងរបស់ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា ហើយក៏ដូចជាបណ្ដាំមុនៗរបស់ខសម្ដេចដែរនោះ គឺខិតខំយ៉ាងម៉េច ធ្វើការប្រកួតដោយសមត្ថភាព, ចៀសវាងឱ្យខាងតែបាន នូវការបំពានណាមួយទៅលើបទប្បញ្ញត្តិ នៃការប្រកួត ហើយក៏ត្រូវចៀសវាងឱ្យបាននូវការប្រើប្រាស់សារធាតុអី្វ ដែលអាចជាសារធាតុប៉ូវកម្លាំង ដែលត្រូវបានហាមឃាត់ដោយផ្នែកកីឡា។ សម្ដេច ថា នេះជាចំណុចពិសេស និងភាពថ្លៃថ្នូររបស់ប្រទេស។

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្មួយៗ ជាកីឡាករ កីឡាការិនី ត្រូវដឹងឱ្យច្បាស់ថា ការទៅប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាមនេះ គឺកាន់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទៅជាមួយ ដូច្នេះក្មួយៗ ត្រូវតែដឹងថា នៅជាប់នឹងខ្លួនក្មួយៗនោះ មានតួអង្គព្រះមហាក្សត្រ, មានតួអង្គនីតិបញ្ញត្តិ ដែលមានរដ្ឋសភា ព្រឹទ្ធសភា, មានតួអង្គនីតិប្រតិបត្តិ ជាពិសេស មានប្រជាជនជិត ១៧លាននាក់ ដែលនៅជាមួយនឹងក្មួយៗ ។

សូមជម្រាបថា កីឡាករ កីឡាការិនី និងអត្តពលិករបស់កម្ពុជា ដែលត្រូវបានរៀបចំជ្រើសរើសដោយ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិលើស្មារតីតម្លាភាព និងកម្រិតគុណផលកីឡាខ្ពស់ជាងគេ មានសរុប ៥៦០នាក់។ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់, កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner