អគ្គលេខាធិការ ទ្រីយ៉ាត្លុងកម្ពុជា លើកឡើងថា ការជួយឧបត្ថម្ភគាំទ្រតិចក្តីច្រើនក្តីពីក្រុមហ៊ុនដៃគូគឺជារួមចំណែកទាំងអស់គ្នាឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣
ក្រុមហ៊ុន COROS CAMBODIA ដែលជាក្រុមហ៊ុន នាឡិកាប្រភេទGPS ឆ្លាតវៃបែបកីឡា និងសុខភាព បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ដើម្បីជួយឧបត្ថម្ផគាំទ្រ រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤ ដើម្បីជួយជម្រុញវិស័យកីឡាទ្រីយ៉ាត្លុងកម្ពុជាឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អនុស្សារណៈយោគយល់គ្នារវាងសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងក្រុមហ៊ុនCOROS CAMBODIA បានធ្វើឡើង នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២២ ក្រោមវត្តមាន លោក ងន់ សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាថ្លុងកម្ពុជា និង លោក តាំងតិចឡុង អគ្គនាយកក្រុមហ៊ុនCOROS CAMBODIA ដោយលោក ជំទាវ ម៉ក់ វណ្ណស៊ីថា ជាសាកក្សី។
លោក ងន់ សុបញ្ញា មានប្រសាសន៍ថា អនុស្សារណៈយោគយល់គ្នានេះ គឺ ក្រុមហ៊ុនCOROS CAMBODIA នឹង ជួយលើការឧបត្ថម្ភជាសម្ភារៈ សម្រាប់កីឡាកកីឡាការិនីហ្វឹកហាត់ និងប្រកួត សំលៀកបំពាក់ឧបត្ថម្ភជូនដល់កីឡាករកីឡាការិនី និងគ្រូបង្វឹក សម្រាប់ប្រកួត និងហ្វឹកហាត់ និងផ្តល់ការឧបត្ថម្ភគាំទ្រលើការរៀបចំបង្កើត ព្រឹត្តិការណ៍ប្រកួតផ្សេងៗនៅក្នុងស្រុក ដើម្បីផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីទ្រីយ៉ាត្លុងកម្ពុជាបានប្រកួតប្រជែងគ្នាអភិវឌ្ឍសមត្ថភាពឆ្ពោះទៅរកសក្តានុពលនាពេលខាងមុខ។
លោក អគ្គលេខាធិការ បានគូបញ្ជាក់ថា អនុស្សារណៈនេះ វានឹងជួយជម្រុញផ្សព្វផ្សាយឲ្យប្រភេទកីឡាទ្រីយ៉ាថ្លុងនៅកម្ពុជាឲ្យកាន់តែសុះសាយ ពិសេស គឺជួយសម្រាលបន្ទុកចំពោះសហព័ន្ធ និងជួយសម្រាលលើសម្ភារៈហ្វឹកហាត់និងប្រកួតរបស់កីឡាករកីឡាការិនីផងដែរ។
លោក អះអាងថា ការចូលរួមចំណែកពីក្រុមហ៊ុនឯកជនជួយដល់សហព័ន្ធ ទោះតិចក្តីច្រើនក្តីវានឹងរួមចំណែកទាំងអស់គ្នាជួយឲ្យស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានៅកជ័យ។
លោក តាំងតិចឡុង អគ្គនាយកក្រុមហ៊ុនCOROS CAMBODIA បានលើកឡើងថា មូលហេតុដែលក្រុមហ៊ុនចូលមកឧបត្ថម្ភជួយដល់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ដោយសារតែក្រុមហ៊ុនចង់ចូលរួមចំណែកអភិវឌ្ឍឲ្យវិស័យកីឡាទ្រីយ៉ាត្លុងនៅកម្ពុជាឲ្យកាន់តែរីកចំរើន ។ លោក ថា តាមរយៈការរួមចំណែកក្នុងការអភិវឌ្ឍធ្វើឲ្យប្រភេទកីឡាមួយនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាម្ចាស់ផ្ទះ ដោយគុណភាពនៅស៊ីហ្គេម ឆ្នាំ២០២៣ ក្រុមហ៊ុននឹងសហការជាមួយសហព័ន្ធរៀបចំការប្រកួតពានរង្វាន់ក្រុមហ៊ុននៅពេលខាងមុខ ដើម្បីកីឡាករកីឡាការិនីបានពង្រឹងនិងអភវឌ្ឍសមត្ថភាពក្លាយជាកីឡាសក្តានុពលប្រជែងដណ្តើមបានមេដាយជូនកម្ពុជា នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា អនុស្សារណៈរយៈយោគយល់គ្នានេះ ក្រុមហ៊ុនCOROS CAMBODIA និងជួយឧបត្ថម្ភដល់សហព័ន្ធទ្រីយ៉ាត្លុងរយៈពេល២ឆ្នាំ លើសម្ភារៈហ្វឹកហាត់ និងប្រកួត សំលៀកបំពាក់ហ្វឹកហាត់និងប្រកួត និង ឧបត្ថម្ភចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតផ្សេងៗទៅតាមដំណាក់កាលជាជំហ៊ានៗ៕ អត្ថបទៈ ជាវ ចន្ធូ