អគ្គលេខាធិការ ដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តី ព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ”
ថ្ងៃសុក្រទី២៩ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ អគ្គលេខាធិការ ដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តី ព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” ក្រោមអធិបតីភាព ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងជា អនុប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដោយមានការចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលរងរាជធានីខេត្ត មន្ទីរទេសចរណ៍រាជធានីខេត្ត និងថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺពិភាក្សាដើម្បីផ្តល់ធាតុចូលថ្មីៗបន្ថែមទៀត ទៅក្នុងសេចក្តីព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” សំដៅឲ្យឯកសារនេះកាន់តែមានភាពសុក្រឹត និងបន្ស៊ីគ្នាទៅនឹងស្ថានភាពជាក់ស្តែងនៃបណ្តាភូមិនានានៅទូទាំងប្រទេសកម្ពុជា។
ភូមិទេសចរណ៍ត្រូវបានបង្កើតឡើងដោយផ្អែកលើលក្ខណៈពិសេសរបស់ភូមិនីមួយៗ ដោយភ្ជាប់ទំនាក់ទំនងជាមួយវប្បធម៌-ធម្មជាតិ បរិស្ថាន បេតិកភណ្ឌ សង្គម បុរាណវិទ្យា និងការ ប្រតិបត្តិតាមប្រពៃណីរបស់ភូមិនីមួយៗ។
ការរៀបចំនូវសេចក្តីព្រាងស្តង់ដា ”ភូមិទេសចរណ៍គំរូ” នេះឡើងគឺក្រោមគំនិតផ្តួចផ្តើម២ ៖ ទី១ គឺអង្គការទេសចរណ៍ពិភពលោក (UNWTO) និងទី២ គឺយោងទៅតាមគោលនយោបាយ ទេសចរណ៍ជាតិក្នុងការអភិវឌ្ឍនូវកសិ-ទេសចរណ៍នៅតាមជនបទចូលរួមក្នុងការធ្វើឱ្យប្រសើរ ឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជាគោលដៅយុទ្ធសាស្រ្តនៅក្នុង
”ផែនទីចង្អុលផ្លូវ” របស់រាជរដ្ឋាភិបាល ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីត-១៩។
គោលបំណងនៅក្នុងស្តង់ដា ”ភូមិទេសចរណ៍គំរូ” មាន៤ចំណុចធំៗ៖
១. ការអភិវឌ្ឍផលិតផលទេសចរណ៍ សំដៅដល់ការជំរុញទាក់ទាញទីផ្សារទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ទាំងក្នុងនិងក្រោយវិបត្តិជំងឺកូវីត-១៩។
២. ផ្តើមចេញពីការអភិវឌ្ឍភូមិទេសចរណ៍ យើងអាចទាក់ទាញទាំងទេសចរក្នុងស្រុក ទាំងទេសចរ អន្តរជាតិឲ្យទៅទស្សនា និងកម្សាន្តនៅតាមជនបទ ដែលអាចបង្កើតការងារ និងចំណូលជាច្រើន បន្ថែមទៀតដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជាកត្តាជួយកាត់បន្ថយភាពក្រីក្រនៅជនបទ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍ទេសចរណ៍។
៣. ផលបានមកពីការអភិវឌ្ឍ ”ភូមិទេសចរណ៍” គឺអាចឲ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងការ អភិរក្សវប្បធម៌ និងធម្មជាតិ។
៤. ដោយសារការងារ និងចំណូលបានមកពីវិស័យកសិ-ទេសចរណ៍ យើងក៏អាចទទួលជោគជ័យ ដល់កិច្ចខិតខំប្រឹងប្រែងគាំពារដល់បរិស្ថាន ព្រមទាំងជីវៈចម្រុះផងដែរ។
សូមបញ្ជាក់ផងដែរថា ការរៀបចំចលនាប្រឡងប្រណាំង “ភូមិទេសចរណ៍ឆ្នើម” នេះ ក៏ ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈលិខិតលេខ ៣៦៤. សជណចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ ក្រោយទទួលបានជ័យលាភី ”ភូមិទេសចរណ៍ឆ្នើម”
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនឹងជ្រើសរើសយក ”ភូមិទេសចរណ៍ឆ្នើម” ចំនួន៣ ទៅ ចូលរួមប្រកួតប្រជែងជាលក្ខណៈអន្តរជាតិក្រោមយន្តការអង្គការទេសចរណ៍ពិភពលោក (UNWTO) លើកទី២ ក្នុងឆ្នាំ២០២២ នេះ។ លទ្ធផលពីការប្រកួតប្រជែងថ្នាក់អន្តរជាតិនេះ អាចឲ្យយើងធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា តាមរយៈការបង្ហាញនូវវប្បធម៌ ធម្មជាតិ និងប្រពៃណីទៅកាន់សកលលោក។ ម្យ៉ាងទៀតយើងក៏អាចធ្វើការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅ តាមបណ្តាភូមិនានាទូទាំងប្រទេស ហើយក៏នឹងជំរុញឱ្យមានការនាំចេញនៅនឹងកន្លែងពីប្រជា កសិករខ្មែរផ្ទាល់តែម្តងដែលស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបុណ្យសមុទ្រលើកទី៦ នៅខេត្តកែប។ ចាន់ វិចិត្រ