ឯកឧត្តម ហ៊ុន ម៉ានី៖ យើងមិនអនុញ្ញាតឱ្យមានអំពើជ្រួលជ្រើមអនាធិបតេយ្យដែលបំពានច្បាប់ដូចកាលឆ្នាំ២០១៣ ឬ២០១៤ នោះទេ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា “យើងត្រូវតែនិយាយឱ្យច្បាស់… យើងមិនអនុញ្ញាតឱ្យមានអំពើជ្រួលជ្រើមអនាធិបតេយ្យដែលបំពានច្បាប់ដូចកាលឆ្នាំ២០១៣ ឬ២០១៤ នោះទេ។ យើងកំពុងរវល់ដឹកនាំប្រទេសជាតិឱ្យរីកចម្រើន ប្រយុទ្ធជាមួយជំងឺកូវីដ-១៩ផង បែរជាក្រុមមនុស្សខ្លះគិតតែពីបង្ករឿង បង្កសកម្មភាពអនាធិបតេយ្យបំពានច្បាប់ទៅវិញ។”
ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ចំនួន៥០២នាក់ មកពី១៥ឃុំ នៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ពេលនេះប្រមាណ២ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរបានជួបប្រទះកាលៈទេសៈនៃការបិទខ្ទប់ ឬ ការរិតត្បិតសកម្មភាពប្រចាំនានាក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។ នៅបសេដ្ឋនេះផ្ទាល់ក៏មានបិទភូមិដែរ។ ប្រាកដណាស់ថាយើងជួបប្រទះការលំបាកជាមួយគ្នា ប៉ះពាល់ដល់ប្រយោជន៍ និងជីវភាពប្រចាំថ្ងៃគ្រប់ៗគ្នា តែយន្តការទាំងអស់នោះគឺជាការសម្រេចចិត្តដោយបង្ខំចិត្ត និងពិតជាពិបាក។ យើងពិតជាមិនមានជម្រើសអ្វីល្អជាងនោះទេ។ ២ឆ្នំាចុងក្រោយនេះ ខ្មែរយើងខំប្រឹងប្រែងជាមួយគ្នាខ្លាំងណាស់លើគ្រប់មូលដ្ឋាន គ្រប់វិស័យ គ្រប់លទ្ធភាពដែលខ្មែរធ្វើបានមិនសំចៃដៃ ធ្វើយ៉ាងណាដើម្បីធានាបាននូវអាយុជីវិត សេចក្តីសុខ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋមកទល់សព្វថ្ងៃនេះ ហើយខ្មែរពិតជាធ្វើបាន។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានអរគុណចំពោះការសហការដ៏ស្អិតរមួតរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដៃគូផ្សេងៗ ជាមួយរាជរដ្ឋាភិបាល ដែលធ្វើឱ្យកម្ពុជារក្សាបាននូវលំនឹងសេដ្ឋកិច្ច និងអាចត្រឡប់មកនូវស្ថានភាពដើមវិញ។ យើងក្រុមគ្រួសារខ្មែរ រួមសុខរួមទុក រួមគ្នារីកចម្រើនទៅមុខជាមួយគ្នា ជាមួយប្រជាជនកម្ពុជា៕
ដោយ៖ពលជ័យ
រូបថត៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី



