ឯកឧត្តម ហ៊ុន ម៉ានិត៖ ប្រសិនគ្មាននយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល យើងមិនអាចបើកប្រទេស បើកចំហសេដ្ឋកិច្ចបានឡើយ
ភ្នំពេញ៖ ប្រសិនគ្មាននយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល យើងមិនអាចបើកប្រទេស បើកចំហសេដ្ឋកិច្ច ឬ ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនាឆ្នាំនេះបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនពូមីង លោកយាយ លោកតា បន្តទទួលយកវ៉ាក់សាំងដូសជំរុញបន្ថែមទៀត ដើម្បីបង្កើតភាពស៉ំាក្នុងសហគមន៍ឱ្យកាន់តែរឹងមាំ។ ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងជំងឺកូវីដ-១៩ និងការចូលរួមរបស់ប្រជាជនកម្ពុជា យ៉ាងសកម្មក្នុងការទទួលយកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ទើបយើងមានឱកាសជួបជុំគ្នាថ្ងៃនេះ ដើម្បីសម្ពោធសមិទ្ធផលថ្មីមួយទៀត សម្រាប់សមាជិក និងមន្ត្រីគណបក្សប្រជាជនកម្ពុជា។
នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ក្នុងពិធីសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំល្វាលើ ស្រុកចំការលើ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។
ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានថ្លែងអរគុណដល់ក្រុមការងារចុះមូលដ្ឋានឃុំ គណៈកម្មាធិការគណបក្សឃុំ សាខាគណបក្សភូមិ និងសមាជិកគណបក្ស ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ដើម្បីបម្រើ និងដោះស្រាយបញ្ហាជូនប្រជាជនយើងនៅមូលដ្ឋាន។សូមអរគុណដល់បងប្អូន ពូមីង លោកយាយ លោកតា ប្រជាពលរដ្ឋ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព៕
ដោយ៖ពលជ័យ
រូបថត៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានិត