ឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញស្វែងយល់ពីស្ថានភាពសន្តិសុខ វឌ្ឍនភាពនៃការអភិវឌ្ឍ នៅស្រុកអូររាំងឪ

ត្បូងឃ្មុំ ៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំនួន៣ នៃស្រុកអូររាំងឪ ដើម្បីស្វែងយល់ពីស្ថានភាពសន្តិសុខ វឌ្ឍនភាពនៃការអភិវឌ្ឍ និងផ្លាស់ប្តូរយោបល់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍ និងជំរុញប្រសិទ្ធភាពក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ។

ឃុំចំនួន៣នេះរួមមាន៖ ឃុំព្រះធាតុ, ឃុំមៀន និងឃុំអំពិលតាពក។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាជនក្នុងមូលដ្ឋានស្រុកអូររាំងឪ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ផងដែរ។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាជ្ញាធរ ព្រមទាំងណែនាំដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារទាំងអស់ ត្រូវរួមគ្នាខិតខំធ្វើការបម្រើប្រជាពលរដ្ឋ និងបំពេញឱ្យបានតាមសំណូមពររបស់ប្រជាពលរដ្ឋស្នើសុំ។

បន្ថែមពីនេះ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានណែនាំបន្ថែមឱ្យរួមគ្នាជំរុញដល់ប្រជាពលរដ្ឋ ត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចូលរួមក្នុងការ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតនាពេលខាងមុខទៀត ហើយប្រសិនបើមិនទាន់មានឯកសារគ្រប់គ្រាន់ ក្នុងករណីបាត់ ឫខុសឈ្មោះ ត្រូវស្នើសុំការធ្វើប័ណ្ណ ឯ.អ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីបានទៅបោះឆ្នោតទាំងអស់គ្នា។

ជាមួយគ្នានោះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានណែនាំបន្ថែម ខិតខំជំរុញប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ជាពិសេសចាក់ឱ្យបានគ្រប់ដូស តាមការណែនាំរបស់សម្តេចតេជោ និងក្រសួងសុខាភិបាល ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ រួមគ្នាប់ស្កាត់ឱ្យការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ៕ ដោយ ៖​ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner