ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អ្វីដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបានធ្វើ ដើម្បីជួយដល់ប្រជាពលរដ្ឋ 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានបញ្ជាក់ថា អ្វីដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានធ្វើមុនការរីករាលដាលនៃជំងឺកូវីដ-១៩ សមាគមនឹងបន្តធ្វើតទៅទៀតក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីជួយដល់ប្រជាពលរដ្ឋ។ បុណ្យដែលយើងធ្វើជាមួយគ្នានេះ គឺបានផ្តល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ និងសង្គម។ 

ការបញ្ជាក់នេះ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងក្រុមហ៊ុនជីប ម៉ុង ផ្ដល់ថវិកាចំនួន២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល៥ឆ្នាំ ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីជួយប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ 

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន ជីប ម៉ុង ប្រកបដោយមោទនភាពនៅក្នុងការជួយពង្រឹងវិស័យសេដ្ឋកិច្ចកម្ពុជា និងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមផ្តល់លទ្ធភាពជួយដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ផ្ដល់ថវិកាចំនួន២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល៥ឆ្នាំ ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយប្រជាពលរដ្ឋ ហើយសង្ឃឹមថា ក្រុមហ៊ុនជីប ម៉ុង នឹងបន្តជួយគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បន្ទាប់ជួយផ្ដល់លទ្ធភាពដល់សមាគមTYDA ដើម្បីជួយប្រជាពលរដ្ឋខ្មែរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុន ជីប ម៉ុង បានជួយឧបត្ថម្ភគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប៉ុន្តែក្រុមហ៊ុនបានជួយឧបត្ថម្ភដល់សមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយដល់វិស័យការពារជាតិ និងជួយដល់វិស័យផ្សេងៗជាច្រើនទៀត ដែលយើងបានធ្វើរួមគ្នា ហើយទទួលបានជោគជ័យរួមគ្នាប្រកបដោយមោទនភាព។ ចក្ខុវិស័យចង់ឃើញក្រុមហ៊ុននៅក្នុងស្រុកមានការរីកចម្រើនហើយមានការប្រកួតប្រជែងពង្រីកខ្លួនទៅក្រៅប្រទេសទាំងក្នុងតំបន់ និងពិភពលោក ដែលនេះគឺជាមោទនភាពរបស់ក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា៕ 

ដោយ៖ពលជ័យ

រូបថត៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner