អនុប្រធានប្រតិភូខេត្តព្រៃវែងអះអាងថា ការរៀបចំ ការហូបចុក-ស្នាក់នៅមានភាពកក់ក្តី ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ២០២២

លោក ទេស ពិសាល ប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែងទទួលបន្ទុកអនុប្រធានប្រតិភូកីឡាខេត្តព្រៃវែងគូសបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ខេត្តព្រៃវែងបានបញ្ជូនប្រតិភូ កីឡាករ កីឡាការិនីសរុប ១០៣នាក់ ដែលមាន៦ប្រភេទកីឡា ដូចជាបាល់ទាត់ បាល់ទះ បាលបោះ អត្តពលិកម្ម តេក្វាន់ដូ និងវាយសី ខណៈការទទួលរៀបចំ ការហូបចុកស្នាក់នៅក្រោមការរៀបចំរបស់ ក្រសួងអប់រំ យុវជន និងកីឡាមានភាពកក់ក្តៅ និងល្អប្រសើរ។
លោកអនុប្រធានប្រតិភូខេត្តព្រៃវែងរូបនេះបញ្ជាក់ថា សម្រាប់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ ខេត្តមិនមានបញ្ហាប្រឈមអ្វីនោះទេ ប៉ុន្តែទទួលបានភាពកក់ក្តីបំផុត សម្រាប់ការស្នាក់នៅ ហូបចុក ក្រោមការរៀបចំរបស់នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡា។
«ចំពោះបញ្ហាសុខភាពប្រតិភូ និងកុមារ ដែលជាកីឡាករ កីឡាការិនីខេត្តព្រៃវែង ពេលនេះ គឺមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យគត់សម្គាល់នោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺយើងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីគណៈកម្មការរៀបចំការប្រកួត ទាំងការហូបចុក ស្នាក់នៅ និងការដឹកជញ្ជូនទៅមកប្រកួត និងទៅកន្លែងស្នាក់នៅគឺទាន់ពេលវេលា។ ការស្នាក់នៅកីឡាករ ឬកីឡាការិនីត្រូវបានចែកគ្នា ក្នុង១បន្ទប់៣នាក់ បន្ទប់ធំទូលាយ បំពាក់ដោយម៉ាស៊ីនត្រជាក់ ខណៈប្អូបអាហារមានភាពគ្រប់គ្រាន់ និងមានរសជាតឆ្ងាញ់ៗទទួលយកបាន។ កាលពីពេលមុនៗ យើងហូប អាហារតាមរោង តាមស្តង់ មិនទាន់បានហូបចុកស្នាក់នៅតាមរបៀបស្តង់ដារល្អបែបនេះឡើយ»។
លោក ទេស ពិសាល អះអាងទៀតថា ម្យ៉ាងទៀត ការប្រកួតមួយចំនួនធំបានផ្ទេរមកប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលធ្វើយើងប្រតិភូ កីឡាករ កីឡាការិនីកាន់តែមានភាពងាយស្រួល។ «ជារួម ខ្ញុំមើលឃើញថា ការរៀបចំរបស់នាយកដ្ឋានជំនាញ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២២នេះល្អប្រសើរណាស់។ តាមរយៈការរៀបចំត្រៀមដ៏ល្អប្រសើរ នេះយើងខ្ញុំជាប្រតិភូខេត្តព្រៃវែងជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះនឹងទទួលបានលទ្ធផលល្អ និងជោគជ័យជាក់ជាមិនខាន»។
ងាកមកមើលការប្រកួតដែលកំពុងដំណើរការយ៉ាងសកម្មនេះវិញ លោក ទេស ពិសាល បានដាក់ក្តីសង្ឃឹមខ្ពស់ជាងគេ លើប្រភេទកីឡាបាល់ទះ និងអត្តពលកម្ម គឺក្នុងការប្រជែងមេដាយជូនខេត្តព្រៃវែង នាបញ្ចប់ការប្រកួតឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ជាលក្ខណៈហ្គេម ឆ្នាំ២០២២ នៅរាជធានីភ្នំពេញនេះមាន៨ប្រភេទកីឡា សរុបមាន ៣៤វិញ្ញាសា ដូចជាប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និង តេក្វាន់ដូ ITF ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៦៧៧នាក់ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។ នេះយោងតាមការបញ្ជាក់របស់ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner