សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា នៅតែអាចគ្រប់គ្រងផលប៉ះពាល់លើការងារបាន ទោះបីស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីជំងឺរាតត្បាតសកលកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់វិស័យការងាររបស់កម្ពុជាក្ដីតែកម្ពុជានៅតែមានសមត្ថភាពគ្រប់គ្រងផលប៉ះពាល់បានយ៉ាងល្អ ដែលបានបង្ហាញនូវសមិទ្ធផលជាច្រើនដែលកម្ពុជាធ្វើបានចាប់តាំងពីបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៩មក ដែលបច្ចុប្បន្នឃើញថា មានការរីកចម្រើនច្រើន។ នេះបើតាមសាលិខិតអបអរសារទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ឧសភា ឆ្នាំ២០២២ ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាល កំពុងអនុវត្តបានដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ រួមទាំងគោលនយោបាយអាទិភាពសំខាន់ៗ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងអនុវត្តនូវការកែទម្រង់មុតស្រួច ក្រោមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា “កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅក្នុង ស្មារតីឯករាជ្យ”។ ទោះជាយ៉ាងណាវិបត្តិនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោក និងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល ហើយប្រទេសកម្ពុជាក៏មិនអាចចៀសផុតពីផលប៉ះពាល់យ៉ាងធំធេងក្នុងសង្គម-សេដ្ឋកិច្ចនេះផងដែរ។
សម្ដេចបញ្ជាក់ថា ទោះបីជាស្ថិតក្នុងកាលៈទេសៈ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្ដី កម្ពុជានៅតែអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ តាមរយៈការបង្កើតភាពស៊ាំក្នុងសហគមន៍តាមរយៈផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនពលរដ្ឋ ដែលនាំឱ្យកម្ពុជាមានលទ្ធភាពបើកដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរឡើងវិញ។ បន្ថែមពីលើនោះ ដើម្បីធ្វើការឆ្លើយតបទៅនឹង វិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលចំនួន ១០ជុំ ដោយបានបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារដោយសារ ជំងឺកូវីដ-១៩ សរុបចំនួន ៣៤៧ ៨៤៤នាក់ ស្មើនឹងថវិកាប្រមាណ ១១៤,៦ប៊ីលានរៀល (ប្រមាណជាង ២៨លានដុល្លារអាមេរិក) ព្រមទាំងបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញទន់ផងដែរ។ ស្របគ្នានោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចេញប្រកាសស្ដីពីការដាក់គោលការណ៍នានាសម្រាប់អនុវត្តន៍នៅតាមរោងចក្រ សហគ្រាស ដែលបានការពារសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ព្រមទាំងអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផងដែរ។ ក្រៅពីនេះរដ្ឋាភិបាលបានជួយស្វែងរកការងារជូនពលរដ្ឋក្នុងស្រុកតាមរយៈការចុះប្រមូលឈ្មោះដែលមានជិត ៥ពាន់នាក់ (៤ ៨២៣នាក់) និងបានផ្សាយពីឱកាសការងារជាង ១ម៉ឺន៣ពាន់កន្លែង (១៣ ៩១៣នាក់) និងបានផ្ដល់ឱកាសការងារដល់ពលករធ្វើការនៅក្រៅប្រទេសជាង ១លាន៣សែននាក់ (១ ៣០១ ៦០៩នាក់) បានបន្តការងារនិងធ្វើការនៅក្នុងប្រទេសទាំងនោះផងដែរ។
សម្ដេចតេជោលើកឡើងថា៖ បើតាមការប៉ាន់ប្រមាណពីប្រាក់បញ្ញើរ ដែលក្មួយៗពលករបានផ្ញើជូនក្រុមគ្រួសារក្នុង១ឆ្នាំៗ ជាច្រើនពាន់លានដុល្លារអាមេរិក ដែលតាមរយៈទឹកប្រាក់ ទាំងនេះ បានចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ច ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករកាន់តែប្រសើរឡើងផងដែរ។ រាជរដ្ឋាភិបាលក៏កំពុងបន្តជំរុញការអនុវត្តគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ បងប្អូនពលករ ទាំងការទទួលបានកិច្ចគាំពារសង្គមក្នុងពេលបម្រើការងារ និងពេលត្រឡប់មកស្រុកកំណើតវិញ។
រាជរដ្ឋាភិបាលនៅតែបន្តណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ និងអំពាវនាវដល់ បុគ្គលឯកជនដែលជាម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ សហគ្រាស ជួយសម្រួលដល់ភាគីជួល ដោយចៀសវាងការបញ្ចប់កិច្ចសន្យា ឬការបណ្តេញចេញ តាមរយៈការពន្យារពេលនៃការបង់ថ្លៃឈ្នួល ឬបញ្ចុះថ្លៃឈ្នួល ឬមិនយកថ្លៃឈ្នួលតាមលទ្ធភាពជាក់ស្តែង។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា នៅពេលនេះរាជរដ្ឋាភិបាលក៏បានរៀបចំ និងដាក់ឱ្យអនុវត្តនូវ -យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ សំដៅកំណត់ នូវចក្ខុវិស័យរួម គោលបំណង គោលដៅ និងវិធានការជាយុទ្ធសាស្ត្រដើម្បីបន្តគ្រប់គ្រង និងពង្រឹងការអភិវឌ្ឍ វិស័យនេះឱ្យស្របតាមបរិការណ៍កម្ពុជា ដែលស្ថិតក្នុងស្ថានភាពទ្វេរទិស មានទាំងបញ្ហាប្រឈម និងកាលានុវត្តភាព ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងពិភពលោក។
សម្ដេចបន្ដែមថា៖ តាមរយៈការអនុវត្តយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជាឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិធកម្មសេដ្ឋកិច្ចនៅមុនដំណាច់ឆ្នាំ២០២៧។
បច្ចុប្បន្នស្ថានភាពកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូបមានភាពកាន់តែប្រសើរ ដោយប្រាក់ខែគោលត្រូវបានដំឡើងពី ១៩២ដុល្លារអាមេរិក ដល់១៩៤ដុល្លារអាមេរិកក្នុង១ខែ សម្រាប់ឆ្នាំ២០២២ បើបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលចាប់ពី ២១១ដុល្លារអាមេរិក ដល់ ២២២ដុល្លារអាមេរិកក្នុង១ខែ។ ក្រៅពីនេះកម្មករនិយោជិតក៏ទទួលបានអត្តប្រយោជន៍ផ្សេងៗទៀតដូចជា ប្រាក់ឈ្មួលសម្រាកមាតុភាព១២០% និងប្រាក់ឧបត្ថម្ភបន្ថែមក្រោយពេលសម្រាល ប្រាក់សោធននិវត្តន៍ ការទទួលបានប្រាក់បំណាច់អតីតភាពការងារ ខណៈពលករចំណាកស្រុកក៏ត្រូវបានរាជរដ្ឋាភិបាលធ្វើការជាមួយប្រទេសសាម៉ីដើម្បីផ្ដល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និង ផលប្រយោជន៍ពលករ ដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះផងដែរ។
សម្ដេចតេជោ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេលសម្រាលកូន បានចំនួន ២៨២ ០៧៣នាក់ ដោយចំណាយថវិការសរុបប្រមាណ ២៧,៧លានដុល្លារអាមេរិក។ រាជរដ្ឋាភិបាល ចាប់អនុវត្តន៍អនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេលសម្រាលកូនចាប់តាំងពីឆ្នាំ២០១៨មក ដោយកម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្មួលសម្រាកមាតុភាព ១២០% និងប្រាក់ឧបត្ថម្ភបន្ថែមក្រោយពេលសម្រាលកូន ១នាក់ ទទួលបានថវិការ ៤០ម៉ឺនរៀល កូន ២នាក់ ៨០ម៉ឺនរៀល និងកូន ៣នាក់ ១,២លានរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥លានរៀល ពីសម្តចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។ ក្នុងឆ្នាំ២០២១កន្លងទៅ ប.ស.ស. បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីសម្រាលកូនបានចំនួន ៦៥ ៨៧១នាក់ ស្មើនឹងចំនួនកូន ៦៦ ៣៣៥នាក់ ដែលគិតជាទឹកប្រាក់សរុបចំនួន ២៦,៥ប៊ីលានរៀល (ប្រមាណ ៦លាន៦សែនដុល្លារ)។
សម្ដេចលើកឡើងថា ស្ថានភាពកម្មករនិយោជិតនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងពី១ឆ្នាំ ទៅ១ឆ្នាំ ហើយការគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេលសម្រាលកូននេះគែគ្រាន់តែផ្នែកមួយក្នុងចំណោមផ្នែកទាំង៤ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ដែលរួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យ ការងារ និងផ្នែកនិកម្មភាពការងារ សំដៅធានាសង្គតិភាព និងសមធម៌ រវាងមន្ត្រីសាធារណៈ និងកម្មករនិយោជិត តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការរៀបចំដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ ៕ ដោយ វណ្ណលុក