ឯកឧត្តម វេង សាខុន៖ បោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា គឺដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព
ខេត្តកំពង់ចាម ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានថ្លែងថា ការបោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា គឺដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ហើយក៏មិនត្រូវស្តាប់ និងជឿពាក្យឃោសនា បោកបញ្ឆោត មួលបង្កាច់ពីជនអគតិ ដែលមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលរបស់យើង។
ឯកឧត្តមថ្លែងដូចនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សចំនួន ១០០០នាក់ មកពីឃុំអំពិល ស្រុកកំពង់សៀម កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ។
ឯកឧត្តម បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនដែលមានវត្តមាននាពេលនេះ មិនតែប៉ុណ្ណោះ សម្តេចតេជោបានថ្លែងអំណរគុណជូនចំពោះសមាជិកបក្សទាំងអស់ ដែលបានខិតខំបំពេញការងារទាំងការងារស្នូលដែលរាជរដ្ឋាភិបាលប្រគល់ជូន និងការងារគណ:បក្ស ដែលបានបង្កបរិយាកាសអំណោយផលដល់គ្រប់សកម្មភាពរបស់គណ:បក្សទាំងអស់ ដែលនឹងត្រៀមខ្លួនចូលរួមធ្វើការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខបានយ៉ាងល្អប្រសើរ។
តមកនារសៀលថ្ងៃដដែល នៅស្នាក់ការគណ:បក្សឃុំរអាង ឯកឧត្តម វេង សាខុន បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកបក្សចំនួន ១ ៤០០នាក់ មកពីឃុំរអាង ស្រុកកំពង់សៀម។
ឯកឧត្តម ប្រធានក្រុមការងារ បានសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋឃុំរអាង បន្ទាប់ពីរយ:ពេលជាង ២ឆ្នាំនៃការអាក់ខានមិនបានរៀបចំពិធីសំណេះសំណាលដ៏ រហូតដល់មានសមាជិក សមាជិកាអញ្ជើញចូលរួមដល់ទៅ ១ ៤០០នាក់។ រូបភាពនេះ បានបង្ហាញឲ្យឃើញថា សកម្មភាពសង្គម សេដ្ឋកិច្ច និងជាពិសេសការជួបជុំជាលក្ខណ:មហាគ្រួសារនេះ បានចាប់ផ្តើមត្រឡប់ទៅរកប្រក្រតីភាពដូចមុនវិបត្តិជំងឺឆ្លងកូវីដ-១៩ វិញ ។ ពិតណាស់យើងអាចជួបជុំគ្នាបាននារសៀលថ្ងៃនេះ យើងក៏មិនត្រូវភ្លេចគុណូបការគុណដ៏ឧត្តុងឧត្តមចំពោះសម្តេចតេជោ ដែលបានខិតខំរិះរកគ្រប់មធ្យោបាយ ស្វះស្វែងរកទាំងជំនួយឧបត្ថម្ភ និងចំណាយធនធានជាតិ និងកៀរគរជំនួយពីគ្រប់មជ្ឈដ្ឋាន ដើម្បីជៀវវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ មកចាក់ស្រោចជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា និងគ្រប់វ័យ ធ្វើឲ្យការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺនេះបានល្អប្រសើរ ឈានទៅអនុញ្ញាតឲ្យបើកដំណើរការនូវរាល់សកម្មភាពសង្គមស្របតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ ។
ឯកឧត្តម វេង សាខុន ក៏បានជម្រុញដល់សមាជិកបក្សទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងរៀបចំនៅថ្ងៃទី៥ ខែមិថុនាខាងមុខឲ្យបានល្អប្រសើរ ហើយក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញប្រើសិទ្ធិជាពលរដ្ឋទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕ ក្រសួងកសិកម្ម










