នាយក​ប្រតិបត្តិ​ Twitter ​រង​​​កំហឹង​បុគ្គលិក​ក្នុង​កិច្ច​ប្រជុំ​​របស់​ក្រុមហ៊ុន​ ចំពោះ​ការ​វាយ​ប្រហារ​របស់​លោក​ Elon Musk​

នាយក​ប្រតិបត្តិ​ធ្វីតធឺរ​ លោក​ ​ Parag Agrawal ​ព្យាយាម​បំបាត់​កំហឹង​របស់​បុគ្គលិក​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​សុក្រ ​ដែល​បុគ្គលិក​ទាមទារ​ចម្លើយ​ចំពោះ​របៀប​ដែល​អ្នក​គ្រប់​គ្រង​គ្រោង​នឹង​ដោះ​ស្រាយ​ការ​​ការ​បញ្ឈប់​ពី​ការងារ​ទ្រង់​ទ្រាយ​ធំ​ដែល​លោក ​Elon Musk ​អាច​ធ្វើ​។​

កិច្ច​ប្រជុំ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​តេស្លា​លោក​ Musk ​ ​ដែល​​​ចុះ​កិច្ច​ព្រម​ព្រៀង​តម្លៃ​ ៤៤ ​ប៊ីលាន​ ​​​ដុល្លារ​​ដើម្បី​ទិញ​ក្រុម​ហ៊ុន​​ធ្វីតធឺរ​ បាន​រិះ​គន់​មិន​ឈប់​នូវ​ការ​អនុវត្តការ​សម្រប​សម្រួល​មាតិកា​របស់​ធ្វីតធឺរ​ ​និង​នាយកប្រតិបត្តិ​កំពូល ​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​កំណត់​ការ​​បញ្ចេញ​មតិ​ និង​គោល​នយោបាយ​សុវត្ថិភាព​។​

ក្នុង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​​ នាយក​ប្រតិបត្តិ​​និយាយ​ថា​ ក្រុមហ៊ុន​នឹង​ត្រួត​ពិនិត្យ​បុគ្គលិក​ប្រចាំ​ថ្ងៃ​ ប៉ុន្តែ​វា​ឆាប់​ពេក​ក្នុង​ការ​ប្រាប់​ពី​របៀប​ដែល​កិច្ច​ព្រម​ព្រៀង​ទិញ​យក​ជាមួយ​លោក​ Musk ​នឹង​ប៉ះពាល់​ដល់​ការ​រក្សាកា​រងារ​បុគ្គលិក​។​ តាម​ការ​ចុះ​ផ្សាយ​របស់​រ៉យទ័រ​ដែល​ស្រង់​សម្ដី​ប្រភព​ដឹង​ពី​បញ្ហា​នេះ​ ​លោក​ Musk ​នឹង​​មិន​​ធ្វើ​​ការ​​សម្រេច​​ចិត្ត​​លើ​​ការ​​កាត់​​បន្ថយ​​ការងារ​​ឡើយ​ រហូត​​ទាល់​​តែ​​​លោក​ក្លាយ​ជាម្ចាស់​ក្រុម​ហ៊ុន​។​

បុគ្គលិក​ម្នាក់​សួរ​លោក ​Agrawal ​​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ថា​៖​ «​ខ្ញុំ​ធុញ​ទ្រាន់​នឹង​ការ​ឮ​អំពី​តម្លៃ​ភាគ​ហ៊ុនិក​ និង​កាតព្វ​កិច្ច​របស់ម្ចា​ស់​ភាគ​ហ៊ុន​។​ តើ​អ្នក​គិត​យ៉ាង​ណា​ចំពោះ​លទ្ធភាព​ខ្ពស់​ ដែល​បុគ្គលិក​ជា​ច្រើន​នឹង​មិន​មាន​ការងារ​ធ្វើ​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​បិទ​បញ្ចប់​រួច​រាល់​»​។ ​លោក​ Agrawal ​​តប​ថា​ ធ្វីតធឺរ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុគ្គលិក​របស់​ខ្លួន​ ហើយ​នឹង​បន្ត​ធ្វើ​ដូច្នេះ​។​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ លោក​ Musk ​បាន​បង្ហោះ​សារ​រិះគន់​ទៅ​លើ​មេធាវី​កំពូល​របស់​ធ្វីតធឺរ​ អ្នក​ស្រី​ Vijaya Gadde ​ដែល​បង្ក​ឱ្យ​មាន​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​​ផ្តោត​លើ​​អ្នក​ស្រី​។​ បុគ្គលិក​ធ្វីតធឺរ​ប្រាប់​នាយក​ប្រតិបត្តិ​ថា​ ពួក​គេ​ខ្លាច​អាកប្បកិរិយា​ខុសឆ្គ​ង​របស់​លោក​ Musk ​អាច​ធ្វើ​ឱ្យ​អាជីវកម្ម​ធ្វីតធឺរ​មាន​អស្ថិរភាព​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្នែក​ហិរញ្ញ​វត្ថុ​​ពេល​​ក្រុម​ហ៊ុន​រៀប​ចំ​​និយាយ​ទៅ​កាន់​ពិភព​ផ្សាយ​ពាណិជ្ជកម្ម​​​។

យោង​តាម​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​ Equilar ​​លោក​នាយក​ប្រតិបត្តិ​ Agrawal ​នឹង​ទទួល​បាន​ទឹក​ប្រាក់​ប្រមាណ​ ៤២ ​លាន​ដុល្លារ​ ប្រសិន​បើ​លោក​ឈប់​ក្នុង​អំឡុង​រយៈ​ពេល​ ១២ ​ខែ​នៃ​ការ​ផ្លាស់​ប្តូរ​ការ​គ្រប់​គ្រង​នៅ​ក្នុង​ក្រុម​ហ៊ុន​​​។ ​​ក្នុង​​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ​ លោក​ Agrawal ​​ជំរុញ​ឱ្យ​បុគ្គលិក​រំពឹង​ថា​ នឹង​មាន​ការ​ផ្លាស់​ប្តូរ​នា​ពេល​អនាគត​ក្រោម​ការ​ដឹក​នាំ​ថ្មី​។​ ​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner