មូល​ហេតុ​ការ​ទិញ​ធ្វីតធឺរ​របស់​លោក​ ​ Elon Musk ​​អាច​​​ធ្វើ​ឱ្យ​ចក្ខុវិស័យ​នៃ​​សេរីភាព​បញ្ចេញ​មតិ​របស់​វេទិកា​ធ្លាក់​ចុះ

ក្នុង​ឯកសារ​ផ្លូវ​ច្បាប់​មិន​ច្បាស់​លាស់​កម្រាស់​ ៩៥ ​ទំព័រ​ ក្រុម​ហ៊ុន​ធ្វីតធឺរ​ព្រមាន​ទៅ​កាន់​ម្ចាស់​ក្រុម​ហ៊ុន​តេស្លា​លោក​ Elon Musk ​ថា​ «​កុំ​ប្រើ​អំណាច​សន្ធឹក​សន្ធាប់​របស់​អ្នក​នៅ​លើ​វេទិកា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ ដើម្បី​វាយ​ប្រហារ​ក្រុម​ហ៊ុន​»​។​ នេះ​បើ​​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ឌឺហ្កាឌៀន​។​

មហា​សេដ្ឋី​ដ៏​មាន​ជាង​គេ​បំផុត​នៅ​លើ​លោក​ លោក ​Musk ​បាន​ចុះ​​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​១​លើ​ការ​ទិញ​យក​ក្រុម​ហ៊ុន​ចាប​ខៀវ​ធ្វឺតធឺរ​ក្នុង​តម្លៃ ​៤៤ ​ប៊ីលាន​ដុល្លារ​​កាល​ពី​សប្តាហ៍​មុន​ដោយ​បញ្ជាក់​ថា​ លោក​អាច​បង្ហោះ​សារ​អំពី​កិច្ច​ព្រម​ព្រៀង​នេះ​ ដរាប​ណា​សារ​នោះ​មិន​ធ្វើ​ឱ្យ​ខូច​ខាត​​ ឬ​អ្នក​តំណាង​ណា​១​របស់​​ក្រុម​ហ៊ុន​។​

ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​​ផង​ ម្ចាស់ក្រុម​ហ៊ុន​តេស្លា​ ដែល​ប្រសិទ្ធិ​នាម​ឱ្យ​ខ្លួន​ឯង​ថា​ជា​ «​អ្នក​ប្រកាន់​យក​សេវីភាព​បញ្ចេញ​មតិ​ដាច់​ខាត​»​រូប​នេះ​ បែរ​ជា​​បង្ហោះ​សារ​ដែល​ជាប់​ទាក់​ទង​នឹង​ការ​រិះ​គន់​បុគ្គលិក​ជាន់​ខ្ពស់​ក្រុម​ហ៊ុន​ធ្វីតធឺរ​។​ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ លោក​ថែម​ទាំង​​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​រៀប​ចំ​កម្មវិធី​ផតខែស​នយោបាយ​ម្នាក់​ ដែល​​ហៅ​ប្រធាន​ផ្នែក​ច្បាប់​របស់​ធ្វីតធឺរ​ អ្នក​ស្រី​ Vijaya Gadde ​ថា​ជា​ «​អ្នក​តស៊ូ​មតិ​លើកា​រ​ចាប់​ពិរុទ្ធ​កំពូល​»​របស់​ក្រុមហ៊ុន​ ទៀត​ផង​។​​

មុន​រឿង​នេះ​កើត​ឡើង​ ​លោក ​Musk ​​និយាយពេល​ប្រកាស​ពី​​កិច្ច​ព្រម​ព្រៀង​ទិញ​ធ្វីតធឺរ​កាល​ពី​សប្តាហ៍​មុន​ថា​៖​ «​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ ​​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ដំណើរ​ការ​ ហើយ​ធ្វីតធឺរ​គឺ​ជា​ទីលាន​ទីក្រុង​ឌីជីថល​ ដែល​បញ្ហា​សំខាន់​សម្រាប់​អនាគត​របស់​មនុស្ស​ជាតិ​ត្រូវ​បាន​ពិភាក្សា​»​។​

លោក​មហា​សេដ្ឋី​ Musk ​ធ្លាប់​មាន​ប្រវត្តិ​ចម្រូង​ចម្រាស​លើ​ការ​បង្ហោះ​សារ​នៅ​លើ​ធ្វីតធឺរ​ ហើយ​ការ​និយាយ​រិះ​គន់​របស់​លោក​លើ​អ្នក​ស្រី​ Gadde ​ជំរុញ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​អំពីការ​យល់​ច្រឡំ​​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​តេស្លា​រូប​នេះ​ លើ​​សេរីភាព​បញ្ចេញ​មតិ​។​ ការ​ព្រួយ​បារម្ភ​ទាំង​នោះ​ រួម​បញ្ចូល​​ទាំងការមិន​​​ការពារ​អ្នក​ប្រើ​ប្រាស់​ពី​​ការ​រំលោភ​បំពាន​ សារ​ស្អប់​ខ្ពើម​ និង​ការ​គំរាម​កំហែង​តាម​អ៊ីនធឺណិត​ ការ​​អនុញ្ញាត​​មាតិកា​ជ្រុល​និយម​​​ និង​លំហូនៃ​​ព័ត៌មាន​មិនពិត​ឬ​ប្រឌិត​នៅ​លើ​វេទិកា​នេះ​ជា​ដើម​។​

អ្នក​ស្រី​ Jillian York ​សកម្មជន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និយាយ​ថា​៖​ «​ខ្ញុំ​គិត​ថា​គំនិត​របស់​លោក​ Musk ​អំពី​ការ​បញ្ចេញ​មតិ​ដោយ​សេរី​គឺ​ផ្ទុយ​គ្នា​ និង​ភ្លី​ភ្លឺ​»​។​ អ្នក​ស្រី​បន្ត​ថា​៖​ ​«​ភាព​ដាច់​ខាត​នៅ​លើ​វេទិកា​ដូច​ជា​ធ្វីតធឺរ​ មិន​បាន​គិត​ពី​គ្រោះថ្នាក់​ពិត​ប្រាកដ​ដែល​ធ្វីតធឺរ​អាច​បង្ក​ឱ្យ​មាន​ក្នុង​នាម​ជា​វេទិកា​សកល​នោះ​ទេ​ ជា​ឧទាហរណ៍​គឺ​ការ​ប្រើ​ប្រាស់​​វេទិកា​នេះ​របស់​ពួក​អាយស៊ីស ​ឬ​​ពួក​ស្ដាំ​​ជ្រុល​និយម​ជា​ដើម​»។​ ​

អ្នក​ស្រី​ Deborah Brown ​អ្នក​​ស្រាវ​ជ្រាវ​​សិទ្ធិ​​ឌីជីថល​ និង​​​ជា​​អ្នក​​តស៊ូ​​មតិ​​នៅ​​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា​៖​ «​សេរីភាព​នៃកា​រប​ញ្ចេញ​មតិ​ មិន​មែន​ជា​សិទ្ធិ​ទាំង​ស្រុង​នោះ​ទេ​ ដែល​នេះ​ជា​មូល​ហេតុ​ដែល​ធ្វីតធឺរ​ ត្រូវ​ការ​ការ​វិនិយោគ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ការពារ​អ្នក​ប្រើ​ប្រាស់​ដែល​ងាយ​រង​គ្រោះ​បំផុត​របស់​ខ្លួន​ ឱ្យ​មាន​សុវត្ថិភាព​នៅ​លើ​វេទិកា​»​។​

អ្នក​ស្រី​ Brown ​បន្ត​ថា​៖​ «​ការ​ផ្លាស់​ប្តូរ​ចំពោះ​គោល​ការណ៍​ លក្ខណៈ​ពិសេស​ និង​ក្បួន​​ខ្នាត​មិន​ថា​តិច​ ឬ​ច្រើន​ អាច​មាន​ផល​ប៉ះ​ពាល់​មិន​សមាមាត្រ​ និង​ជួន​កាល​បំ​ផ្លិច​បំផ្លាញ​ រួម​ទាំង​ការ​ជំរុញ​​អំពើ​ហិង្សា​ក្រៅ​វេទិកា​ផង​ដែរ​»​។​

ស្រដៀង​គ្នា​នេះ​ដែរ​ លោក​ Michael Kleinman ​នាយក​ផ្នែក​បច្ចេក​វិទ្យា​ និង​សិទ្ធិ​មនុស្ស​នៅ​អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​ បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​​ចំពោះ​ធ្វីតធឺរ​ លើ​ការ​សម្រេច​ចិត្ត​ដែល​អាច​បំផ្លាញ​យន្តការ​អនុវត្ត​ច្បាប់​ ដែល​​រចនា​ឡើង​ដើម្បី​សម្រប​សម្រួល​ដល់​ការ​ចែក​រំលែក​សារ​ស្អប់​ខ្ពើម​។​ លោក​និយាយ​ថា​៖​ «​ធ្វីតធឺរ​នឹង​ធ្វើ​បិទ​ភ្នែក​​ចំពោះ​ការ​បញ្ចេញ​មតិ​ប្រកប​ដោយ​ហិង្សា​ និង​បំពាន​លើ​អ្នក​ប្រើ​ប្រាស់​ ​រួម​ទាំង​ស្ត្រី​ ​និង​ក្រុម​មនុស្ស​ដទៃ​ទៀត​»​។​

តាម​រយៈ​ភាព​ចម្រូង​ចម្រាស​ទាំង​នេះ​ ក៏​មាន​លទ្ធភាព​ផង​ដែរ​ថា​ លោក​ Musk ​ប្រហែល​ជា​នឹង​អនុញ្ញាត​ឱ្យ​បុគ្គល​មួយ​ចំនួន​ដែល​ត្រូវ​បាន​បិទ​ពី​លើវេទិកា​ជា​អចិន្ត្រៃយ៍ ​ឱ្យ​ត្រឡប់​មក​ប្រើ​ប្រាស់​វិញ​ រួម​ទាំង​អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ ​ដូណាល់​ ត្រាំ ​ដែល​បដិសេធ​ថា​លោក​នឹង​មិន​វិល​ប្រើ​ប្រាស់​ធ្វីតធឺរ​វិញ​ទេ​​។​

មជ្ឈ​មណ្ឌល​ប្រឆាំង​ការ​ស្អប់​ខ្ពើម​ឌីជីថល​ ដែល​ជា​ក្រុម​យុទ្ធនាការ​អាមេរិក​-​អង់គ្លេស​ ​និយាយ​ថា​ ការ​អនុញ្ញាត​ឱ្យ​បុគ្គល​ដូច​ជា​លោក​ ត្រាំ ​​អ្នក​វិភាគ​ស្តាំ​ជ្រុល​និយម​អ្នក​ស្រី ​Katie Hopkins ​និង​ស្ថាបនិក​វេបសាយ​ទ្រឹស្តី​សម​គំនិត​ស្តាំ​ជ្រុល​និយម​អាមេរិក​ InfoWars ​លោក​ Alex Jones ​នឹង​មាន​ន័យ​ថា​ច្បាប់​សុវត្ថិភាព​របស់​ធ្វីតធឺរ​ «​មិន​មាន​ទៀត​ទេ​»​។​

​ធ្វីតធឺរ​គឺ​ជា​វេទិកា​ផ្ដល់​ព័ត៌មាន​រហ័ស​ដ៏​ធំ​ ទោះ​បី​ជា​អ្នក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​វា​អាច​ទទួល​បាន​ព័ត៌មាន​ពី​វេទិកា​ដទៃ​ក្ដី​។​​ ​អ្នក​ដែល​ប្រើ​ប្រាស់​ធ្វីតធឺរ​ភាគ​ច្រើន​ គឺ​ជា​អ្នក​នយោបាយ​ និង​​អ្នក​មាន​ឥទ្ធិពល​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដូច​ជា​អ្នក​សារ​ព័ត៌មាន​ អ្នក​អត្ថា​ធិប្បាយ​ តារា​ល្បី​ល្បាញ​ និង​អ្នក​នយោបាយ​ជា​ដើម​។​

លោក​ Rasmus Kleis Nielsen​ នា​យក​វិទ្យាស្ថាន​រ៉យទ័រ​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ (RISJ) ​និយាយ​ថា​៖​ «​ការ​ពិត​ដែល​ថា​អ្នក​នយោបាយ​ បុគ្គល​​មាន​អំណាច​ និង​អ្នក​វិភាគ​ជា​ច្រើន​ គឺ​ជា​អ្នក​ប្រើ​ប្រាស់​ញឹក​ញាប់​ ​មាន​ន័យ​ថា​ ធ្វីតធឺរ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របៀប​វារៈ​នយោបាយ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​កំណត់​»​។​ ​

លោក​ Nielsen ​បន្ត​ថា​៖​ «​ក្នុង​ន័យ​នេះ​ ការ​គ្រប់​គ្រង​វេទិការ​ដោយ​មហាសេដ្ឋី​ជំនួញ​ដ៏​សម្បូរ​បែប​​ បង្ក​នូវ​បញ្ហា​ដូច​គ្នា​ទៅ​នឹង​បុគ្គល​​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​ ធ្វើ​ការ​គ្រប់​គ្រង​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដ៏​មាន​ឥទ្ធិពល​ ឬ​វេទិកា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ផ្សេង​ទៀត​។​ វា​​​ជា​​សំណួរ​​នយោបាយ​​​ថា​ តើ​​ប្រទេស​​នីមួយ​ៗ​​ចង់​​គ្រប់​គ្រង​​កម្មសិទ្ធិ​​បែប​​​ណា​​​»​​។ ​

កិច្ច​ព្រម​ព្រៀងទិញ​ក្រុម​ហ៊ុន​ មិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រឈម​មុខ​នឹង​ការ​ត្រួត​ពិនិត្យ​ពី​អាជ្ញាធរ​ប្រកួត​ប្រជែង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​ទេ​ ប៉ុន្តែ​អ្នក​នយោបាយ​កំពុង​ចាប់​ផ្តើម​ដោះស្រាយ​សំណួរ​នៃ​បទ​ប្បញ្ញត្តិ​អ៊ិនធឺណិត​ និង​បញ្ហា​ជុំ​វិញ​​សេរីភាព​បញ្ចេញ​មតិ​ដែល​មាន​នៅ​ក្នុង​នោះ។​​​

​ក្នុង​សារ​ដែល​បង្ហោះ​ក្រោយ​កិច្ច​ព្រម​ព្រៀង​មួយ​ផ្សេង​ទៀត​កាលពី​សប្តាហ៍​មុន​ លោក​ Musk ​បានស​រសេរ​​​ថា​​​៖ «​ការ​​បញ្ចេញ​មតិ​​ដោយ​​សេរី​​ ខ្ញុំ​​គ្រាន់​​តែ​​ចង់​មាន​​ន័យ​​​ថា​ ស្រប​ទៅ​​នឹង​​ច្បាប់​។​ ខ្ញុំ​​ប្រឆាំង​​នឹង​​ការ​​ចាប់​​ពិរុទ្ធ​​ដែល​​ហួស​​ពី​​ច្បាប់​»។​​

ការ​ថ្លែង​បែប​នេះ​របស់​លោក​ ខណៈ​ប្រទេស​មួយ​ចំនួន​ដូច​ជា​អង់គ្លេស​ និង​សហភាព​អឺរ៉ុប​ នឹង​ដាក់​ចេញ​ច្បាប់​ស្តី​ពី​សុវត្ថិភាព​លើ​អ៊ិនធឺណិត​ ដែល​ការពារ​អ្នក​ប្រើ​ប្រាស់​ពី​មាតិកា​ដែល​បង្ក​គ្រោះថ្នាក់​ រួម​ទាំង​មាតិកា​ខុស​ច្បាប់​ជា​ដើម​ ដែល​ទាមទារ​ឱ្យ​ក្រុម​ហ៊ុន​ធ្វីតធឺរ​ មិនថា​គ្រប់​គ្រង​ ឬ​មិន​គ្រប់​គ្រង​ដោយ​លោក​ Musk ​ត្រូវ​តែ​ទទួល​យក​ច្បាប់​ទាំង​អស់​នេះ​។​

ប្រភព៖ The Guardian

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner