រុស្ស៊ីធ្វើការវាយប្រហារមីស៊ីលទៅលើភាគខាងកើត និងត្បូងអ៊ុយក្រែន ខណៈពេលដែលជនស៊ីវិលខ្លះចាកចេញពីរោងចក្រម៉ារីអ៊ូប៉ូល
កាលពីថ្ងៃសៅរ៍ ទី៣០ មេសារុស្ស៊ីបានធ្វើការវាយប្រហារមីស៊ីលទៅលើតំបន់ភាគខាងត្បូង និងខាងកើតនៃប្រទេសអ៊ុយក្រែន ខណៈពេលដែលស្ត្រី និងកុមារមួយចំនួនជម្លៀសចេញពីរោងចក្រមួយនៅក្នុងក្រុងម៉ារីអ៊ូប៉ូល ដែលស្ថិតក្រោមការឡោមព័ទ្ធរបស់រុស្ស៊ីជាច្រើនសប្ដាហ៍មកហើយ។
ក្រុងម៉ូស្គូបានបង្វែរគោលដៅរបស់ខ្លួនមកផ្ដោតលើការចូលកាន់កាប់តំបន់ភាគខាងត្បូង និងខាងកើតរបស់ប្រទេសអ៊ុយក្រែន បន្ទាប់ពីការបរាជ័យក្នុងការវាយប្រហាររយៈពេល៩សប្ដាហ៍ដើម្បីចូលកាន់កាប់ក្រុងគៀវ។
កងកម្លាំងរុស្ស៊ីបានចូលកាន់កាប់ទីក្រុងឃឺសុន ប្រមាណ ១០០ គីឡូម៉ែត្រខាងជើងឧបទ្វីបគ្រីមៀរ ហើយកាន់កាប់ភាគច្រើននូវទីក្រុងម៉ារីអ៊ូប៉ូល ដែលជាទីក្រុងកំពង់ផែយុទ្ធសាស្ត្រនៅសមុទ្រអាហ្សូវ។
រុស្ស៊ីបានប្រកាសជ័យជម្នះនៅក្រុងម៉ារីអ៊ូប៉ូលកាលពីថ្ងៃទី ២១ មេសា ប៉ុន្តែទាហាន និងជនស៊ីវិលអ៊ុយក្រែនគឺនៅជ្រកក្នុងរោងចក្រដែក Azovstal។ អង្គការសហប្រជាជាតិបានជំរុញឱ្យមានការចរចាជម្លៀសជនស៊ីវិលចេញពីរោងចក្រនេះ។ ប្រភពក្នុងយោធាអ៊ុយក្រែនបាននិយាយថាកាលពីថ្ងៃសៅរ៍ស្ត្រី និងកុមារប្រមាណ ២០ នាក់បានភៀសខ្លួនចេញពីរោងចក្រនេះដោយបានសម្រេច។
ស្របពេលជាមួយគ្នានេះមីស៊ីលរុស្ស៊ីបាញ់ចេញពីឧបទ្វីបគ្រីមៀរ បានកម្ទេចផ្លូវរត់របស់អាកាសយានដ្ឋានក្រុងអូដេសា។ យោធាអ៊ុយក្រែននិយាយថាផ្លូវរត់នេះមិនប្រើប្រាស់ទៀតទេ។ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ុលូឌីមៀរ ហ្សេលេនស្គីបានប្ដេជ្ញាធ្វើការសាងសង់ឡើងវិញ។
ការវាយលុករបស់រុស្ស៊ី ទៅកាន់ភាគខាងត្បូង និងខាងកើតរបស់អ៊ុយក្រែន គឺមានគោលបំណងតភ្ជាប់ឧបទ្វីបគ្រីមៀរ ទៅកាន់តំបន់ដុនបាស ដែលបច្ចុប្បន្នមួយផ្នែកធំកាន់កាប់ដោយក្រុមផ្ដាច់ខ្លួនគាំទ្ររុស្ស៊ី។ អ្នកវិភាគមួយចំនួនក៏បាននិយាយថាគោលបំណងរុស្ស៊ីអាចរួមមានការកាត់ផ្ដាច់អ៊ុយក្រែនចេញពីសមុទ្រ៕





ប្រភព៖ Reuters