លោកជំទាវ ពេជ ចន្ទមុន្នី៖ យើងពិតជាមានសំណាងដោយមានប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ភ្នំពេញ៖ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្រសួងស្ថាប័នពាក់ព័ន្ធ បានយកចិត្តទុកដាក់ទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ យើងពិតជាមានសំណាងដោយមានប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ ដែលធ្វើឱ្យស្ថានភាពកម្ពុជានាពេលបច្ចុប្បន្នមានសភាពធូរស្រាលជាងប្រទេសដទៃទៀត។

ការបញ្ជាក់នេះ ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគម TYDA ចុះព្យាបាលប្រជាពលរដ្ឋ២៤០៣ករណី/នាក់ នៅឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកក្រគរ យុវជន សសយក និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី១ខែឧសភា ឆ្នាំ២០២២។
លោកជំទាវ ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា លោកជំទាវ បានផ្តាំការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ដែលបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ លោកជំទាវបានបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោចុះព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងស្រុកក្រគរ។ នេះជាលើកទី៤ហើយ ដែលសមាគម TYDA ដែលបានចុះមកព្យាបាលសង្គ្រោះជីវិតប្រជាពលរដ្ឋ។

លោកជំទាវ ពេជ ចន្ទមុន្នី បានសំណូមពរឱ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ឱ្យបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគម TYDA អាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា យុវជន ស.ស.យ.ក និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀតដែលបានរៀបចំការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA ដែលចុះព្យាបាលប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់បានព្យាបាលប្រជាពលរដ្ឋសរុបចំនួន២៤០៣រណី និងមានករណីធ្ងន់ធ្ងរចំនួន៥៥ករណី ក្នុងនោះ១២ករណីត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ដែលការព្យាបាល និងការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕
ដោយ៖ពលជ័យ
រូបថត៖សមាគម TYDA



