ឥណ្ឌូណេស៊ី​​ថា​ លោក​ ហ្សេឡេនស្គី​ និង​លោក​ ពូទីន ​យល់​ព្រម​តាម​ការ​អញ្ជើញ​ឱ្យ​ចូល​រួម​​កិច្ច​ប្រជុំ​ G-២០​

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ លោក​ ចូកូ ​វីដូដូ​ Joko Widodo ​និយាយ​ថា​​ ទាំង​ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ វ៉ូឡូឌីមៀ​ ហ្សេឡេនស្គី​ និង​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀ​ ពូទីន ​​បាន​យល់​ព្រម​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នៃក្រុ​ម​ប្រទេស​ G-២០​ដែល​នឹង​ប្រព្រឹត្ត​​​ទៅ​នៅ​ខែ​វិច្ឆិកា​ តាម​ការ​អញ្ជើញ​របស់​ឥណ្ឌូនេស៊ី​ដែល​ជា​ម្ចាស់​ផ្ទះ​។​

លោក​ វីដូដូ ​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​តាម​កញ្ចក់​ទូរទស្សន៍​ថា​ លោក​បាន​សន្ទនា​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២ ​ថែម​ទាំង​ជំរុញ​ឱ្យ​​​អ៊ុយក្រែន​ និង​​រុស្ស៊ី​​ឲ្យ​​បញ្ចប់​​សង្គ្រាម​​តាម​​រយៈ​​ការ​​ចរចា​។​

លោក​ វីដូដូ ​និយាយ​ថា​៖​ «​​ខ្ញុំ​​បាន​​បញ្ជាក់​​ម្តង​​ទៀត​​ ពី​​សារៈ​សំខាន់​​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​​ភ្លាម​ៗ​។​ ខ្ញុំ​ក៏​បាន​សង្កត់​ធ្ងន់​ថា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​សន្តិ​វិធី​គួរ​តែ​បន្ត​ ហើយ​ឥណ្ឌូនេស៊ី​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​រួម​ចំណែក​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​សន្តិភាព​ទាំង​នេះ​»​។​

លោក​និយាយ​ថា​ លោក​បាន​អញ្ជើញ​លោក​ពូទីន​ និង​លោក​ ហ្សេឡេនស្គី​ ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ G-២០ ​ខណៈ​ដែល​សង្រ្គាម​នៅ​អ៊ុយក្រែន​​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភព​លោក​។​ ប្រធានាធិ​បតី​ដដែល​បន្ត​ថា​៖​ «​​យើង​យល់​ថា ​G-២០ ​ដើរ​តួ​ជា​កាតាលីករ​(​អ្នក​បង្កើន​ល្បឿន​)​ក្នុង​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភព​លោក​»​។​

ឥណ្ឌូណេស៊ី​ ដែល​ធ្វើ​ជាម្ចា​ស់​ផ្ទះ​កិច្ច​ប្រជុំ​​ G-២០ ​នៅ​ឆ្នាំនេះ​​ ​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​បស្ចិម​លោក​ ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​ ដើម្បី​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​រុស្ស៊ី​ចេញ​បន្ទាប់​ពី​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​​ ប៉ុន្តែ​រដ្ឋាភិបាល​លោក​ វីដូដូ​ ប្រកែក​ថា​ ខ្លួន​ត្រូវ​តែ​រក្សា​ «​ភាព​មិន​លម្អៀង​»​។​

បស្ចិម​លោក​ព្យាយាម​ដាក់​រុស្ស៊ី​ឱ្យ​នៅ​​ឯកោ​ទាំង​ផ្នែក​ការ​ទូត​ និង​សេដ្ឋកិច្ច​។​ កិច្ច​ប្រជុំ​របស់​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ G-២០ ​កាល​ពី​ខែ​មេសា ​នាទី​ក្រុង​វ៉ាស៊ីនតោន​ បាន​បង្ហាញ​ពី​ការ​បែក​បាក់​យ៉ាង​ស៊ី​ជម្រៅ​នៅ​ក្នុង​ក្រុម​នៃ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​របស់​ពិភព​លោក​ ដោយ​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​មួយ​ចំនួន​​ ធ្វើ​ពហិការ​កិច្ច​ពិភាក្សា​នានា​ដើម្បី​ប្រឆាំង​នឹង​ការ​ចូល​រួម​របស់​រុស្ស៊ី​។​

ប៉ុន្តែ​ឥណ្ឌូណេស៊ី ​ដូច​​​ជា​​ប្រទេស​​ដែល​​មាន​​សេដ្ឋកិច្ច​​កំពុង​​រីក​ចម្រើន​​​ធំ​ៗ​​ភាគ​ច្រើន​​ផ្សេង​ទៀត​ដែរ​ បាន​​ព្យាយាម​​រក្សា​​ជំហរ​​អព្យាក្រឹត​របស់​ខ្លួន​។​ លោក​ប្រធានាធិបតី​ វីដូដូ ​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ឥណ្ឌូនេស៊ី​នឹង​មិន​បញ្ជូន​អាវុធ​ទៅ​អ៊ុយក្រែន​តាម​ការ​ស្នើ​សុំ​អាវុធ​របស់​លោក​ហ្សេឡេនស្គី​ទេ​ ប៉ុន្តែ​​នឹងប​ញ្ជូន​ជំនួយ​មនុស្ស​ធម៌​ជំនួស​វិញ​ ដោយ​សារ​តែ​​រដ្ឋ​ធម្មនុញ្ញ​​ និង​​គោល​នយោបាយ​ការ​បរទេស​ប្រទេស​នេះ​ ហាម​ឃាត់​មិន​ឱ្យ​ផ្តល់​ជំនួយ​សព្វា​វុធ​ដល់​ប្រទេស​ដទៃ​ទៀត​​​។

ប្រភព៖ The Hill

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner