ហេតុអ្វីបានជាពិធីករទូរទស្សន៍រូបនេះមានឥទ្ធិពលយ៉ាងខ្លាំងលើនយោបាយអាមេរិក?
ពីមួយយប់ទៅមួយយប់នៅលើកញ្ចក់ទូរទស្សន៍ Fox News លោកតុកឃឺ ខាលសុន (Tucker Carlson) បានប្រើប្រាស់ការភ័យខ្លាច និងទុក្ខព្រួយ របស់ទស្សនិកជនលោកជាអាវុធ ដើម្បីបង្កើតកម្មវិធីទូរទស្សន៍មាននិន្នាការជ្រុលនិយមបំផុតក្នុងប្រវត្តិសាស្ត្រសារព័ត៌មានទូរទស្សន៍អាមេរិក។ ប៉ុន្តែ បើតាមរង្វាស់មួយចំនួន កម្មវិធីរបស់លោកក៏ជាកម្មវិធីជោគជ័យបំផុតផងដែរ។
ជាមួយនឹងឥទ្ធិពលឯកវចនៈ ដែលរីកដាលហួសពីទស្សនិកជន Fox News លោកខាលសុនបានបំពេញចន្លោះទំនេរ ដែលបន្សល់ដោយដូណាល់ ត្រាំ ដោយបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះអ្នកដើរតាមខ្នះខ្នែងបំផុតរបស់អតីតប្រធានាធិបតីរូបនេះ និងទស្សនៈជ្រុលនិយមមួយចំនួនរបស់ពួកគេ។ លោកបានធ្វើការការពារយ៉ាងក្លៀវក្លាចំពោះក្រុមកុប្បកម្មហិង្សា ដែលបានវាយលុកចូលវិមានកាពីតូលរបស់សភាអាមេរិកកាលពីថ្ងៃទី ៦ មករាឆ្នាំមុន ដោយស្របពេលជាមួយគ្នានេះលោកបានសាបព្រោះគំនិតប្រឆាំងនឹងជនអន្តោប្រវេសន៍ វ៉ាក់សាំងជំងឺកូវីដ-១៩ និងចលនាបាតុកម្មរបស់ជនជាតិអាមេរិកស្បែកខ្មៅ (Black Lives Matter)។
ការពិនិត្យឡើងវិញនូវអាជីពសារព័ត៌មានរបស់លោកខាលសុនដោយកាសែត The New York Times បានបង្ហាញថានិន្នាការនយោបាយរបស់លោកបានងាកទៅរកទស្សនជ្រុលនិយមដូចជាចលនាម្ចាស់ទឹកដីនិយមដែលប្រឆាំង និងស្អប់ខ្ពើមជនអន្តោប្រវេសន៍។ ការវិភាគនេះក៏រកឃើញថាការកើនឡើងប្រជាប្រិយភាពរបស់លោកគឺស្អិតល្មួតជាមួយការប្រែប្រួលក្នុងប៉ុស្តិ៍ទូរទស្សន៍លោក និងក្នុងលទ្ធិអភិរក្សនិយមរបស់អាមេរិក។
កាលពីឆ្នាំមុនលោកខាលសុនបានរងការរិះគន់យ៉ាងខ្លាំងនៅពេលលោកបង្ហាញការគាំទ្រនៅកញ្ចក់ទូរទស្សន៍ចំពោះគំនិត «ការជំនួសដ៏អស្ចារ្យ» ដែលជាជំនឿរបស់ក្រុមជ្រុលនិយមរើសអើងពូជសាសន៍ថារដ្ឋាភិបាលលោកខាងលិចគឺកំពុងជំនួសម្ចាស់ទឹកដី ជាមួយនឹងនាំចូលជនអន្តោប្រវេសន៍ ក្នុងបំណងបង្អាក់សិទ្ធម្ចាស់ទឹកដី។
អង្គការសិទ្ធស៊ីវិល ដូចជា «សម្ព័ន្ធប្រឆាំងការបរិហារកេរ្តិ៍» (ADL) បានទាមទារឱ្យមានការបណ្ដេញខាលសុន ដោយកត់សម្គាល់ថាការចេញផ្សាយបែបនេះនឹងបង្កឱ្យមានភាពស្អប់ខ្ពើមរវាងជនជាតិ ហើយឈានដល់អំពើភេរវកម្មក្នុងស្រុក។
ប៉ុន្តែនេះមិនមែនជារឿងអ្វីថ្មីសម្រាប់លោកខាលសុនទេ ព្រោះកាលពីមុនៗលោកបានអះអាងថាម្ចាស់ក្រុមហ៊ុនប៉ុស្តិ៍អាមេរិកនានាគឺកំពុងចង់ឱ្យមានការប្រែប្រួលសមាសធាតុប្រជាជនដោយការនាំចូលជនអន្តោប្រវេសន៍។
ផលិតករ និងអ្នកសរសេរព័ត៌មានរបស់លោកខាលសុនតែងតែរុករកប្រភពសម្អាង ឬឯកសារគាំទ្រនៅលើអ៊ីនធឺណិត។ នៅប៉ុន្មានឆ្នាំដំបូងព័ត៌មានរបស់លោកខាលសុនគឺតែងតែបញ្ជូនទៅកាន់អ្នកពិនិត្យរបស់ទូរទស្សន៍ Fox News ដែលជារឿយរកឃើញថាប្រភពព័ត៌មានគឺមិនមែនជាប្រភពផ្លូវការ ឬជាប្រភពក្រុមជ្រុលនិយម។
ក្នុងសេចក្ដីថ្លែងការណ៍មួយលោកចាស្ទីន វេលស ផលិតករជាន់ខ្ពស់បានការពារលោកខាលសុនថា «កម្មវិធីតុកឃឺ ខាលសុនទទួលយកភាពចម្រុះនៃគំនិត និងបង្ហាញពីទស្សនៈផ្សេងៗនៅក្នុងឧស្សាហកម្មមួយដែលការគិតផ្ទុយគ្នា និងការស្វែងរកការពិតត្រូវបានគេមិនអើពើ»។
យ៉ាងណាមិញ អតីតប្រធានាធិបតីដូណាល់ ត្រាំ គឺមានទំនាក់ទំនងជួយគ្នាទៅវិញទៅមកជាមួយប៉ុស្ដិ៍ Fox News ដោយលោកគឺជាទស្សនិកជនជាប្រចាំ លោកចែករំលែកព័ត៌មានពួកគេទៅលើបណ្ដាញសង្គម ហើយចូលរួមការសម្ភាសន៍លើប៉ុស្តិ៍នេះច្រើនជាងប៉ុស្តិ៍ដទៃ ខណៈពេលដែលប៉ុស្តិ៍នេះបង្ហាញការគាំទ្រលើសលប់ចំពោះលោក។ ប៉ុន្តែទំនាក់ទំនងនេះបានបង្ហាញបញ្ហាមួយសម្រាប់លោកខាលសុន។ នៅពេលដែលកម្មវិធីលោកខាលសុន ត្រូវបានគេផ្លាស់ប្ដូរទៅម៉ោង ៨ យប់ ដែលជាម៉ោងមានទស្សនិកជនច្រើនបំផុត លោកចង់ទាក់ទាញទស្សនិកជនគាំទ្រលោកត្រាំ ប៉ុន្តែមិនចង់ជិតស្និទ្ធពេកជាមួយប្រធានាធិបតី ដែលពិបាកព្យាករណ៍ ហើយមានបុគ្គលិកលក្ខណៈមិនស្ថិតស្ថេរ។ ដំណោះស្រាយរបស់លោកគឺគាំទ្រលទ្ធិត្រាំនិយម ដោយដកឃ្លាឱ្យឆ្ងាយពីលោកត្រាំ។
កម្មវិធីលោកខាលសុនបានរក្សាគម្លាតប្រុងប្រយ័ត្នពីលោកត្រាំ ប៉ុន្តែបានចាប់យកស្នូលអារម្មណ៍នៃអ្នកគាំទ្ររបស់លោកត្រាំ ពោលគឺភាពស្លន់ស្លោរបស់ជនជាតិស្បែកសចំពោះការផ្លាស់ប្ដូរក្នុងប្រទេសពួកគេ។
លោកព្យាយាមស្វែងរកព័ត៌មានចម្លែកៗ ដោយពេលខ្លះគ្មានមូលដ្ឋានការពិត ប៉ុន្តែរឿងទាំងនេះគឺមានប្រសិទ្ធខ្លាំងណាស់ក្នុងការរំញោចអារម្មណ៍របស់ទស្សនិកជនដែលជាអ្នកគាំទ្ររបស់លោកត្រាំ៕

ប្រភព៖ New York Times