ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំរំចេក និងឃុំកំពាន់ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ
នៅព្រឹកថ្ងៃអាទិត្យ ១៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ខែឧសភាឆ្នាំ ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀប ចំ ដែន ដី នគរូបនីយកម្ម និង សំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំរំចេកនិងឃុំកំពាន់ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា បានថ្លែងថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី 5កាន់តែខិតជិតមកដល់ហើយគឺនៅសល់រយះពេលត្រឹមតែមួយខែប្រាំថ្ងៃទៀតប៉ុណ្ណោះ ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 5 ខែមិថុនាឆ្នាំ 2022 ខាងមុខនេះ ដោយបានបញ្ជាក់ថាការបោះឆ្នោតនេះគឺមានសារៈសំខាន់ណាស់ដូច្នេះទាំងអស់គ្នាដែលជាជនបង្គោល ជាអ្នកទទួលខុសត្រូវការងារបក្សទាំងអស់នៅក្នុងឃុំរំចេកនិងឃុំកំពាន់សូមផ្ដោតការចាប់អារម្មណ៍ឲ្យបានខ្ពស់បំផុតលើកិច្ចការនេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំគឺជាការប្រកួតប្រជែងរវាងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងកាន់អំណាចជាមួយបណ្ដាគណបក្សនយោបាយផ្សេងទៀតដើម្បីដណ្ដើមប្រៀបឈ្នះអាសនៈនៅក្នុងឃុំនីមួយៗទូទាំងប្រទេស។ចំពោះគណបក្សប្រជាជនកម្ពុជាស្ថិតនៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រដែលគោលនយោបាយនេះគឺជាគោលនយោបាយសម្រាប់ដឹកនាំប្រទេសដោយមានយុទ្ធសាស្ត្រធ្វើយ៉ាងណារក្សាសន្តិសុខសណ្ដាប់ធ្នាប់ ស្ថេរភាពនយោបាយ ការអភិវឌ្ឍន៍ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយគណបក្សប្រជាជនកម្ពុជាដាក់ទិសដៅបែបណាគឺធ្វើបែបនោះ មានភាពស្មោះត្រង់ហ៊ាននិយាយហ៊ានធ្វើ និយាយបែបណាគឺធ្វើបែបនោះមិនដូចគណបក្សមួយចំនួនដែលបានត្រឹមតែឃោសនានិយាយបំភ្លើសខុសពីអ្វីដែលជាការពិត កុហកញុះញង់ បានត្រឹមតែសន្យាតែធ្វើមិនបាន ហើយបង្កនូវការភាន់ច្រឡំនិងភាពរអាក់រអួលដល់ប្រជាពលរដ្ឋក្នុងការជឿជាក់និងគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា។

អាស្រ័យហេតុនេះទាំងអស់គ្នាដែលជាអ្នកទទួលខុសត្រូវលើការងារបក្សត្រូវប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់បញ្ហារអាក់រអួលឬអសកម្មនេះឱ្យបានចាប់ពីពេលនេះតទៅ ដោយត្រូវមានភាពក្លាហានក្នុងការបង្ហាញអំពីសច្ចធម៌របស់គណបក្សប្រជាជនកម្ពុជាទៅដល់ប្រជាពលរដ្ឋអោយបានយល់ដឹងច្បាស់លាស់គ្រប់គ្នាដើម្បីឲ្យពួកគាត់មានក្តីសង្ឃឹម មានជំនឿទុកចិត្ត មានការស្រឡាញ់ពេញចិត្តនិងគាំទ្រឥតងាករេដោយទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី ៥ខែមិថុនាឆ្នាំ ២០២២ខាងមុខនេះដើម្បីឲ្យគណបក្សនេះមានលទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំបន្តទៅមុខទៀតជារៀងរហូត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា បានកោតសរសើរចំពោះការពុះពារយ៉ាងពេញទំហឹងកន្លងមករបស់ក្រុមការងារចុះមូលដ្ឋានឃុំរំចេកនិងឃុំកំពាន់រួមនិងសហការី និងប្រធានសាខាបក្ស ប្រធានក្រុមបក្ស មេភូមិមេឃុំ និងសមាជិកសមាជិកាទាំងអស់របស់គណបក្សប្រជាជនកម្ពុជាដែលបានធ្វើសកម្មភាពយ៉ាងមមាញឹកក្នុងការជួយដោះស្រាយសម្របសម្រួលបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនិងបង្ហាញនូវអ្វីដែលជាសច្ចធម៌របស់គណបក្សប្រជាជនកម្ពុជាដល់ពួកគាត់ឲ្យបានយល់កាន់តែច្បាស់។

ដើម្បីសម្រេចបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី 5នាពេលខាងមុខនេះ ឯ.ឧឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា បានផ្ដល់ជាគតិណែនាំដល់អ្នកទទួលខុសត្រូវលើការងារបក្សទាំងអស់ត្រូវដៅចំណុចសំខាន់តាមលំដាប់លំដោយឲ្យបានច្បាស់លាស់ថាតើចំនុចរឺគោលដៅណាមួយដែលយើងគួរតែធ្វើដំបូងគេនិងអ្វីដែលយើងត្រូវធ្វើបន្តបន្ទាប់ទៀត ក្នុងនោះត្រូវចាប់ផ្ដើមពីការគ្រប់គ្រងសមាជិករបស់ខ្លួននៅក្នុងភូមិឃុំនិងក្នុងក្រុមបក្ស ដោយមានបញ្ជីសមាជិកបក្សនៅក្នុងដៃដើម្បីក្តាប់ឲ្យបាននូវចំនួនសមាជិករបស់ខ្លួន ធ្វើយ៉ាងណាឲ្យសមាជិកម្នាក់ក្លាយជាសំឡេងឆ្នោតមួយសន្លឹកសម្រាប់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងន័យលើកកំពស់កិត្តិយសរបស់យើងទាំងអស់គ្នានៅក្នុងឃុំរំចេកនិងឃុំកំពាន់នេះ៕












