លោក ហ្សេលេនស្គី ស្វាគមន៍ការចាប់ផ្តើមជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកថែបក្នុងទីក្រុងម៉ារីយូប៉ូល
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្វាគមន៍ការចាប់ផ្តើមនៃការជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកថែប អាហ្សូវស្តាល់ (Azovstal) នៅទីក្រុងម៉ារីយូប៉ូល ដែលត្រូវបានកងទ័ពរុស្ស៊ីឡោមព័ទ្ធ។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសារវីដេអូមួយនៅថ្ងៃអាទិត្យម្សិលមិញថា ច្រករបៀងជម្លៀសបានបើកជាលើកដំបូង និងថា វាជាលើកទីមួយហើយដែលមានបទឈប់បាញ់រយៈពេលពីរថ្ងៃនៅតំបន់នោះ ហើយជនស៊ីវិលជាងមួយរយនាក់ត្រូវបានជម្លៀសចេញរួចហើយ។
លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើធ្វីតធើថា ដំណើរការជម្លៀសជនស៊ីវិលចេញពីរោងចក្រអាហ្សូវស្តាល់ ត្រូវបានចាប់ផ្តើម។ ក្រុមដំបូងនៃមនុស្សប្រហែល១០០នាក់កំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង ហ្សាប៉ូរីសហ្សៀ ដែលគ្រប់គ្រងដោយកងទ័ពអ៊ុយក្រែនស្ថិតនៅចម្ងាយប្រមាណ ២២០គីឡូម៉ែត្រពីភាគពាយព្យទីក្រុងម៉ារីយូប៉ូល។
ទន្ទឹមគ្នា អង្គការសហប្រជាជាតិបានទទួលស្គាល់ថា ប្រតិបត្តិការជម្លៀសជនស៊ីវិលបាននិងកំពុងប្រព្រឹត្តទៅនៅរោងចក្រខាងលើនេះ ជាទីដែលជនស៊ីវិលប្រហែល១,០០០នាក់ ត្រូវគេជឿថា បានទៅជ្រកកោននៅទីនោះ ខណៈទីក្រុងម៉ារីយូប៉ូល ស្ទើរទាំងស្រុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៉ី៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និង បុត្រា


