ប្រមុខអង្គការសហប្រជាជាតិ៖ សង្គ្រាមអ៊ុយក្រែនកំពុងបង្កជាវិបត្តិស្បៀងអាហារ ថាមពល និងហិរញ្ញវត្ថុនៅទ្វីបអាហ្វ្រិក
ដាកា ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធើរែស នៅថ្ងៃអាទិត្យថ្លែងថា ជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវវិបត្តិអាហារ ថាមពល និងហិរញ្ញវត្ថុនៅទ្វីបអាហ្វ្រិក។
ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall លោក ហ្គូធើរែស បាននិយាយថា លោកបានបង្កើតក្រុមការងារឆ្លើយតបជាសកល ដើម្បីជួយប្រមូលទីភ្នាក់ងារអង្គការសហប្រជាជាតិ ធនាគារអភិវឌ្ឍន៍ និងអង្គការអន្តរជាតិផ្សេងទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិនេះ ជាពិសេសនៅអាហ្វ្រិក។
លោក ហ្គូធើរែស ក៏បានអំពាវនាវឱ្យលុបចោលការរឹតបន្តឹងការនាំចេញដែលមិនចាំបាច់ទាំងអស់ ដើម្បីបង្កើតលំហូរនៃស្បៀងអាហារ និងថាមពលប្រកបដោយស្ថិរភាពនៅក្នុងទីផ្សារបើកចំហ ក៏ដូចជាដើម្បីគ្រប់គ្រងតម្លៃម្ហូបអាហារ។
ទាក់ទងនឹងវិបត្តិថាមពលវិញ ប្រមុខអង្គការសហប្រជាជាតិរូបនេះបានជំរុញឱ្យប្រទេសទាំងអស់បញ្ចេញស្តុកយុទ្ធសាស្ត្រ និងទុនបំរុងបន្ថែមសម្រាប់ប្រទេសដែលត្រូវការ ដោយពន្លឿនការលើកកម្ពស់ថាមពលកកើតឡើងវិញ។
លោក ហ្គូធើរែស បានអះអាងថា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិគួរតែដាក់ជាបន្ទាន់នូវយន្តការបន្ធូរបន្ថយបំណុល ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល និងទំហំសារពើពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
លោក ហ្គូធើរែស បានមកដល់ទីក្រុងដាកា កាលពីល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ ដោយលោកក៏នឹងត្រូវទៅបំពេញទស្សនកិច្ចនៅប្រទេសនីហ្សេរីយ៉ា និងនីហ្សេរីយ៉ាផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និង បុត្រា





