បណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលថ្នាក់ដឹកនាំសហជីព (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព ក្នុងឱកាស ខួបលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា។ ជំនួបនេះ បានធ្វើឡើងនៅវិមាន៧មករា ក្នុងរាជធានីភ្នំពេញក្នុងឳកាសចូលរួមអបអរសាទរខួបលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “សន្តិភាព សុខភាព និង សន្តិសុខការងារ” ។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកប្រធានបទអបអរសាទរខួបលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំ ២០២២នេះ «ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ ទទួលរងការញាំញីដោយសារសង្គ្រាមរាប់សតវត្សរ៍មកហើយ«។

បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថាគឺ «មានតែការរក្សាបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ, ការបង្កើតការងារ, ស្ថិរភាពការងារ និងសុវត្ថិភាពការងារ ជាពិសេសក្នុងបរិបទដែលកម្ពុជា ក៏ដូចជាពិភពលោក ទាំងមូល បានទទួលរងគ្រោះដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបង្កផលប៉ះពាល់ ខ្លាំងដល់ផ្នែកសុខភាពសាធារណៈ និងផ្នែកសង្គម-សេដ្ឋកិច្ច»។

បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានប្រាប់ប្រធានសហជីពទាំងឡាយដែលចូលរួមថា «កម្មករ-កម្មការិនីជាកម្លាំងស្នូល និងជាគ្រោងឆ្អឹង ខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រមទាំងជាកម្លាំងចលករដ៏សំខាន់នៃសង្វាក់ផលិតកម្ម ដោយ បានចូលរួមចំណែកយ៉ាងធំធេងក្នុងការទ្រទ្រង់ដំណើរទៅមុខរបស់សង្គមជាតិ»។

លោកបញ្ជាក់បន្ថែមថា «កម្មករ-កម្មការិនីជាកម្លាំងដ៏រឹងមាំមួយ ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព តាមរយៈការចូលរួមទប់ស្កាត់នូវរាល់ការញុះញង់នានាដែលអាចនាំឱ្យប៉ះពាល់ដល់ភាពសុខសាន្តរបស់ជាតិ និងសេចក្តីសុខសុភមង្គលរបស់ប្រជាជន»។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner