លោកជំទាវ ឌិត នីតា ដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការពង្រឹងអំណាចស្រ្តី និងការលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

កំពង់ធំ ៖ លោកជំទាវ ឌិត នីតា ភរិយាឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំ ក្រុម ការងារស្រ្តី និងក្រុមការងារបច្ចេកទេសយេនឌ័រ អគ្គនាយកដ្ឋាន សហគមន៍ មូលដ្ឋាន ចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់ពី «ការពង្រឹងអំណាចស្រ្តី និងការលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ»ដែល មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០១-០២ ខែឧសភា ឆ្នាំ២០២២ ទៅកាន់សហគន៍តំបន់ការពារធម្មជាតិជាំធ្លក និងសហគមន៍តំបន់ការពារធម្មជាតិបឹងទទឹល ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ភូមិសាស្រ្តខេត្តកំពង់ធំ ដែលរៀបចំឡើងដោយក្រុមការងារស្រ្តី និងក្រុមការងារបច្ចេកទេសយេនឌ័រនៃក្រសួងបរិស្ថាន និងក្រោមកិច្ចសហការពីអង្គការរីខូហ្វ (RECOFTC) ។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ ១) ដើម្បីពិនិត្យមើលពីភាពរីកចម្រើន និងលទ្ធផលការងារដែលសម្រេចបាននៅសហគមន៍គោលដៅរបស់គម្រោង និង២) ដើម្បីស្វែងយល់ និងរៀនសូត្រពីបទពិសោធន៍នៃការបញ្ជ្រាបយេនឌ័រ និងការជំរុញការចូលរួមរបស់ស្រ្តីក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ និងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈយន្តការនិរន្តភាពហិរញ្ញវត្ថុ។

ជាមួយគ្នានោះ លោកជំទាវ ឌិត នីតា និងគណប្រតិភូ ក៏បានដឹកនាំពិភាក្សាជាមួយគណៈកម្មការសហគមន៍ ដើម្បីស្វែងយល់ពីស្ថានភាពក្នុងដំណើរការរៀបចំ និងការគ្រប់គ្រងសហគមន៍ និងបទពិសោធន៍ការងារស្រ្តីក្នុងការចូលរួមការគ្រប់គ្រងឥណទានសហគមន៍តំបន់ការពារធម្មជាតិដែលគាំទ្រដោយអង្គការរីខូហ្វ តាមរយៈគម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលដំណាក់កាលទី៣ ក៏ដូចជាបទពិសោធន៍ និងបញ្ហាប្រឈមក្រុមស្រ្តីដែលប្រកបមុខរបរសិប្បកម្មឬស្សីផ្ដៅក្នុងសហគមន៍ និងជួបជាមួយគណៈកម្មការសហគន៍ដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធ អភិបាលកិច្ច ដំណើរការរៀបចំផែនការគ្រប់គ្រងសហគមន៍ និងផែនការសកម្មភាពនៃតំបន់សក្តានុពលទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ។

ក្នុងឱកាសនោះ លោកជំទាវ ឌិត នីតា ក៏បានធ្វើការសំណេះសំណាល និងផ្ដាំផ្ញើដល់សមាជិកសហគមន៍ដែលបានចូលរួម ដោយលើកទឹកចិត្តគណៈកម្មការសហគមន៍ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងសហគមន៍ និងថែរក្សាធនធានធម្មជាតិប្រកបដោយនិរន្តរភាព គិតគូរលើវិធានការប្រកបដោយនិរន្តរភាព និងការកែច្នៃផលិតផលកសិកម្មនានាដើម្បីលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន ៕ ដោយ : គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner