តើ​សង្គ្រាម​នៅ​អ៊ុយក្រែន​នឹង​បញ្ចប់​ជំហរ​អព្យាក្រឹត្យ​របស់​ប្រទេស​មួយ​ចំនួន​ដែរ ឬ​ទេ​?

នៅ​ពេល​ដែល​គេ​សួរ​អំពី​លទ្ធភាព​ដែល​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត​អាច​ចូល​ជា​សមាជិក​អង្គការ​ណាតូ​ អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​ភាព​យោធា​លោក​ខាង​លិច​នេះ​លោក​ជេន ស្តូលធេនប៊ឺក ​បាន​និយាយ​ថា​កាល​ពី​សប្ដាហ៍​មុន​ថា​៖ «វា​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​។ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​សម្រេច​ចិត្ត​ដាក់​ពាក្យ​ ហ្វាំងឡង់​ និង​ស៊ុយអែត​នឹង​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ហើយ​ខ្ញុំ​រំពឹង​ថា​ដំណើរការ​នេះ​នឹង​ធ្វើ​ទៅ​យ៉ាង​ឆាប់​រហ័ស​»​។

ប្រទេស​ទាំង​ពីរ​បាន​ចាត់​ទុក​ខ្លួន​ឯង​ជា​យូរ​ណាស់​មក​ហើយ​ថា​ជា​ប្រទេស​អព្យាក្រឹត​ផ្នែក​យោធា​ ប៉ុន្តែ​សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ជំរុញ​ឱ្យ​ពួកគេ​កាន់​តែ​ខិត​ជិត​សម្ព័ន្ធភាព​យោធា​នៃ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាង​ជើង​ (ណាតូ)។ ហើយ​ពួកគេ​មិនមែន​តែ​ឯង​ទេ ខណៈ​ពេល​ដែល​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត​ក៏​កំពុង​ពិចារណា​ឡើង​វិញ​នូវ​ជំហរ​របស់​ពួកគេ​នៅ​ចំពោះ​មុខ​សកម្មភាព​អរិភាព​របស់​រុស្ស៊ី​។

ប្រទេស​ស្វីស​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​និមិត្តរូប​នៃ​រដ្ឋ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​។ នៅ​ក្នុង​សន្ធិសញ្ញា​បង្កើត​រដ្ឋ​សហព័ន្ធ​ស្វីស​កាល​ពី​ឆ្នាំ​ ១៨១៥ ប្រទេស​នេះ​បាន​ប្ដេជ្ញា​ថា​ពួកគេ​នឹង​មិន​ចូល​រួម​ក្នុង​សង្គ្រាម​ណា​មួយ​ទេ​ ហើយ​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ទាហាន​ស៊ីឈ្នួល​ចូល​រួម​គាំទ្រ​ភាគី​ណាមួយ​ទេ​។ ជា​ថ្នូរ​បណ្ដា​ប្រទេស​មហាអំណាច​អឺរ៉ុប​កាល​នោះ​ បាន​សន្យា​ថា​ពួកគេ​មិន​ចូល​រួម​ក្នុង​សង្គ្រាម​ណា​មួយ​នៅ​លើ​ទឹកដី​ស្វីស​ទេ​។ នេះ​គឺ​ជា​ប្ដេជ្ញា​អព្យាក្រឹត្យ​ចាស់​ជាង​គេ​ក្នុង​ពិភពលោក​ ហើយ​អ្នក​វិភាគ​ជា​ច្រើន​និយាយ​ថា​វា​គឺ​ជា​ការ​ប្ដេជ្ញា​ខ្លាំង​បំផុត​ ដែល​ធានា​ដោយ​សហគមន៍​អន្តរជាតិ​។

ខណៈ​ពេល​ដែល​ប្រទេស​អ៊ុយក្រែន​កំពុង​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ពី​កង​កម្លាំង​យោធា​រុស្ស៊ី​ ក៏​រដ្ឋាភិបាល​ស្វីស​នៅ​តែ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​នេះ​។ ពួកគេ​បាន​ប្ដេជ្ញា​មិន​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន​សូម្បី​តែ​គ្រាប់​រំសេវ​រថក្រោះ​អាល្លឺម៉ង់​ដែល​ផលិត​ដោយ​ពួកគេ​។

ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​សម្រាប់​សង្គ្រាម​នេះ​ប្រទេស​ស្វីស​បាន​ផ្លាស់​ប្ដូរ​ជំហរ​ពួកគេ​ក្នុង​ផ្នែក​ដ៏​ធំ​មួយ​។ ពួកគេ​បាន​ចូល​រួម​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ដឹក​នាំ​ដោយ​លោក​ខាង​លិច​ទៅ​គោលដៅ​រុស្ស៊ី​ ដែល​រួមមាន​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន​ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក​សឹហ្គេ ឡាវរ៉ូវ​ និង​មហាសេដ្ឋី​រុស្ស៊ី​ជា​ច្រើន​ទៀត​។ ក្នុង​ប្រវត្តិសាស្ត្រ​អព្យាក្រឹត្យ​របស់​ស្វីស ពួកគេ​មិន​ដែល​ចូល​រួម​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ​ទេ​។

​រីឯ​ប្រទេស​អូទ្រីស​វិញ​ បាន​ប្រកាស​អព្យាក្រឹតភាព​អចិន្ត្រៃយ៍​កាល​ពី​ឆ្នាំ​ ១៩៥៥ ដែល​ជា​លក្ខខណ្ឌ​ចម្បង​មួយ​ក្នុង​កិច្ចព្រមព្រៀង​ដើម្បី​ដក​ទ័ព​បរទេស​ចេញ​ពី​ទឹកដី​ខ្លួន​ ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​។

ជំហរ​អព្យាក្រឹត្យ​នេះ​ហាក់​ដូចជា​ត្រូវ​បាន​បន្ទន់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ខណៈ​ពេល​ដែល​កង​យោធា​អូទ្រីស​បាន​ចូល​រួម​ការ​សមយុទ្ធ​រួម​គ្នា​ជា​មួយ​សមាជិក​អង្គការ​ណាតូ​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​រដ្ឋាភិបាល​អូទ្រីស​គឺ​នៅ​ភាគ​ស្ទាក់​ស្ទើរ​ក្នុង​ការ​បោះបង់​ជំហរ​អព្យាក្រឹត្យ​ទាំង​ស្រុង​ ហើយ​ចូល​ជា​សមាជិក​អង្គការ​ណាតូ​ ហើយ​ការ​ស្ទុង​មតិ​សាធារណ​បាន​បង្ហាញ​ថា​ប្រជាជន​អូទ្រីស​ភាគ​ច្រើន​នៅ​គាំទ្រ​ជំហរ​អព្យាក្រឹត្យ​។

ប៉ុន្តែ​សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​អូទ្រីស​ធ្វើ​ការ​ពិចារណា​ជំហរ​របស់​ខ្លួន​ឡើង​វិញ​។ កាល​ពី​ខែ​មីនា​រដ្ឋាភិបាល​បាន​ប្រកាស​ការ​បង្កើន​ការ​ចំណាយ​លើ​កង​យោធា​ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ជាតិ​របស់​ខ្លួន​។ រដ្ឋាភិបាល​នេះ​បាន​ប្ដេជ្ញា​ចំណាយ​ ១ ភាគ​រយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ទៅ​លើ​វិស័យ​យោធា​ជា​រៀង​រាល់​ឆ្នាំ​ចាប់​ពី​ឆ្នាំ​ ២០២៣ ត​ទៅ​ ដែល​នេះ​គឺ​ជា​ការ​កើន​ឡើង​យ៉ាង​ខ្ពស់​ធៀប​នឹង​ឆ្នាំ​មុន​ៗ​។

ងាក​មក​មើល​ប្រទេស​អៀរឡង់​វិញ​ ប្រទេស​នេះ​បាន​ប្រកាស​ជំហរ​អព្យាក្រឹត្យ​បន្ទាប់​ពី​ទទួល​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​កាល​ពី​ឆ្នាំ​ ១៩២១ ហើយ​បាន​ជំហរ​នេះ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ​។ ភាគច្រើន​លើសលប់​នៃ​ប្រជាជន​អៀរឡង់​គឺ​នៅ​តែ​ប្រឆាំង​ការ​ចូល​ជា​សមាជិក​នៃ​អង្គការ​ណាតូ ប៉ុន្តែ​ការ​ពិភាក្សា​ប្រធានបទ​នេះ​បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​។

នាយករដ្ឋមន្ត្រី​អៀរឡង់​លោក​ម៉ៃឃើល ម៉ាទីន​បាន​សង្កត់​ធ្ងន់​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ប្រទេស​លោក​មាន​អព្យាក្រឹតភាព​យោធា ប៉ុន្តែ​គាំទ្រ​អ៊ុយក្រែន​ផ្នែក​នយោបាយ និង​សីលធម៌​។

វិល​ត្រឡប់​មក​ប្រទេស​ស៊ុយអែត​វិញ​ បើ​ទោះ​បី​ជា​គ្មាន​មាត្រា​ស្ដី​ពី​អព្យាក្រឹតភាព​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ក៏​ដោយ​ ប្រទេស​នេះ​បាន​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​យោធា​ ហើយ​មិន​បាន​ចូល​រួម​ក្នុង​សង្គ្រាម​ណា​មួយ​ចាប់​តាំង​ពី​ដើម​សតវត្ស​ទី​ ១៩ មក​។

ចាប់​តាំង​ពី​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​នៅ​ឆ្នាំ​ ១៩៩៥ មក​ ប្រទេស​ស៊ុយអែត​បាន​និយាយ​ថា​ខ្លួន​គឺ​ជា​រដ្ឋ​មិន​ចូល​បក្ស​សម្ព័ន្ធ​ ប៉ុន្តែ​ជា​រឿយ​បាន​ចូល​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ជា​មួយ​អង្គការ​ណាតូ​។

រដ្ឋាភិបាល​ស៊ុយអែត​បាន​បង្ហាញ​ជំហរ​យ៉ាង​ច្បាស់​ជុំវិញ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​ ហើយ​បាន​ផ្គត់ផ្គង់​អាវុធ​ទៅ​ឱ្យ​ក្រុង​គៀវ ដោយ​រួមមាន​អាវុធ​ប្រឆាំង​គ្រាប់​រថក្រោះ​។ ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​សង្គ្រាម​នេះ​រដ្ឋាភិបាល​ស៊ុយអែត​គឺ​កំពុង​ពិចារណា​អំពី​ការ​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​ណាតូ​ ហើយ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ឆាប់ៗ​នេះ​ ខណៈ​ពេល​ដែល​ការ​ស្ទង់​មតិ​សាធារណ​បង្ហាញ​ថា​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ភាគ​ច្រើន​នៃ​ប្រជាជន​ស៊ុយអែត​គាំទ្រ​ការ​ធ្វើ​បែប​នេះ​។ ដូច​ស៊ុយអែត​ រដ្ឋាភិបាល​ប្រទេស​ហ្វាំងឡង់​ក៏​កំពុង​ពិចារណា​ដាក់​ពាក្យ​ចូល​អង្គការ​ណាតូ​ផង​ដែរ​។ ប្រទេស​ហ្វាំងឡង់​មាន​ព្រំដែន​ប្រវែង​ជាង​ ១៣០០ គីឡូម៉ែត្រ​ជា​មួយ​រុស្ស៊ី​។ ប្រទេស​នេះ​ទទួល​ឯករាជ្យ​ពី​រុស្ស៊ី​កាល​ពី​ឆ្នាំ​ ១៩១៧​ ហើយ​នៅ​ដើម​សង្គ្រាម​លោក​លើក​ទី​ពីរ​ បាន​រង​ការ​ឈ្លានពាន​ពី​សហភាព​សូវៀត​ ធ្វើ​ឱ្យ​បាត់បង់​ដែនដី​របស់​ខ្លួន​មួយ​ផ្នែក​ធំ​។ ហ្វាំងឡង់​បាន​ប្រកាន់​ជំហរ​មិន​ចូល​សម្ព័ន្ធភាព​យោធា​ ដើម្បី​ជៀសវាង​បង្ក​បញ្ហា​ជាមួយ​សហភាព​សូវៀត​ ដែល​អាច​ឈាន​ដល់​សង្គ្រាម​សារ​ជា​ថ្មី​។ ប៉ុន្តែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ជំហរ​ និង​មតិ​សាធារណ​មក​គាំទ្រ​ការ​ចូល​ជា​សមាជិក​អង្គការ​ណាតូ​វិញ​៕

ប្រភព៖ DW

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner