ឯកឧត្តម ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មាន មានសិទ្ធិអំណាចចូល រួមតាមដានត្រួតពិនិត្យសកម្មភាពរបស់គ្រប់តួអង្គទាំងអស់ក្នុងសង្គម ទាំងរដ្ឋាភិបាល, ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើក ឡើងថា អ្នកសារព័ត៌មាន មានសិទ្ធិអំណាចចូលរួមតាមដាន ត្រួតពិនិត្យ សកម្មភាពរបស់គ្រប់តួអង្គទាំងអស់ក្នុងសង្គម ទាំងរដ្ឋាភិបាល, ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជា សហភាតរៈ ផ្ទាល់ សំដៅធ្វើយ៉ាងណាលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដោយ គ្រប់គ្នាមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់, ស្ថិតនៅក្រោមច្បាប់ និង ទទួលខុសត្រូវចំពោះមុខច្បាប់។ តម្លៃពិតប្រាកដនៃអំណាច គឺ មិនមែនជាការដែលធ្វើឱ្យគេខ្លាចនោះទេ ផ្ទុយទៅវិញ គឺត្រូវធ្វើឱ្យគេ គោរព។ ដើម្បីឱ្យគេគោរព យើងម្នាក់ៗអាចចាប់ផ្តើមពីសកម្មភាព ផ្ទាល់របស់ខ្លួនយើង។

ឯកឧត្តមបានបន្ថែមទៀតថា ចំពោះអ្នកសារព័ត៌មាន គឺអាចចូល រួមលើកតម្កើងសេចក្តីថ្លៃថ្នូរ និងតម្លៃនៃអាជីពវិជ្ជាជីវៈសារព័ត៌មាន តាមរយៈការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជា ជីវៈប្រកបដោយ មនសិការ និងការទទួលខុសត្រូវ ព្រមទាំងការខិតខំស្វែងរក និង ផ្សព្វផ្សាយព័ត៌មានដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសង្គម។ អ្វីដែលរាជរដ្ឋាភិបាល អាចធ្វើបានទាំងក្នុងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត គឺការគាំពារ និងបើកលំហរសិទ្ធិនិងសេរីភាពក្នុង ក្របខណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ ព្រមជាមួយនឹងការឧបត្ថម្ភគាំទ្រ និងបង្កលក្ខណៈផ្សេងៗទៀតស្របទៅតាមដំណើរវិវឌ្ឍរីកចម្រើនរបស់ប្រទេសយើង។

ការលើកឡើងបែបនេះ ក្នុងឳកាសឯកឧត្តមធ្វើជា តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរ “ទិវាសេរីភាព សារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩ ដែលធ្វើឡើង កាលពីព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឌាគារសុខា។

ឯកឧត្តម ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា ការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ និងបណ្តាញទំនាក់ ទំនងសង្គម ដែលប្រជាពលរដ្ឋម្នាក់ មានឧបករណ៍ផ្សព្វផ្សាយ មួយដោយ ខ្លួនឯង ដែលអាចទទួល និងផ្សព្វផ្សាយបានគ្រប់ទម្រង់ និងគ្រប់រូបភាពបានរហ័សទាន់ចិត្ត។ នៅពេលណា ទីណាក៏បាននោះ គឺជាឧបសគ្គដល់ការប្រកួតប្រជែងទីផ្សារជាមួយស្ថាប័នសារព័ត៌មាន និងជាពិសេសប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រពៃណី។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិស័យសារព័ត៌មាន គឺជាអំណាចទី៤ ដែលបានចូលរួមជាក់ស្តែងនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស ដោយផ្អែកលើមុខងារសំខាន់ៗ រួមមាន៖ ទី១. ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ, ទី២. ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័សពីលើទៅក្រោម និងពីក្រោម មឡើងលើ, ទី៣. ជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង សម្រាប់ ប្រជាពលរដ្ឋ និងជាធាតុចូលសម្រាប់គោលនយោបាយ របស់រាជរដ្ឋាភិបាល, ទី៤. ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យ តុល្យភាព សង្គមដ៏ស្មោះត្រង់, និងទី៥. ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈ ការផ្តល់ព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាព ដែលជាថ្នាំពេទ្យដ៏ពិសិដ្ឋបម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែល ព័ត៌មានក្លែងក្លាយ គឺជាថ្នាំបំពុលសង្គមទៅវិញ។ ក្នុងន័យនេះ វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិតស្មារតី និងទស្សនៈ ក្នុងការវិភាគពិចារណាប្រកបដោយហេតុផល និងការសម្រេច ចិត្តរបស់ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេស និងជាកញ្ចក់ឆ្លុះ បញ្ចាំងថតភាពពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាល ត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុច ខ្វះ ខាតនានា សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលបានទទួលស្គាល់ និង ផ្តល់តម្លៃសារៈសំខាន់ដល់គ្រប់តួអង្គក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណី បែបឌីជីថល និងសារព័ត៌មានប្រជាជនតាមបណ្តាញសង្គមបច្ចេកវិទ្យា តាមរយៈការផ្តល់ការគាំទ្រលើកទឹកចិត្ត និងបង្កលក្ខណៈ គ្រប់បែបយ៉ាង។ ជាក់ស្តែង រាជរដ្ឋាភិបាល បានបញ្ចូលអ្នក សារព័ត៌មានទាំងអស់នៅក្នុងក្រុមអាទិភាពកម្លាំងជួរមុខ ដែលត្រូវបានការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ មុនគេ ដើម្បីផ្តល់លទ្ធភាពឱ្យបងប្អូនអាចបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព៕ ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner