អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងផ្នែកជំនាញធ្វើសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវធ្វើជូនពលរដ្ឋក្នុងមូលដ្ឋានជារៀងរាល់ថ្ងៃ

ភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សូមជម្រាបជូន ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌឫស្សីកែវទាំងអស់ មេត្តាជ្រាបថា៖ គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បម្រើសេវាសាធារណៈ ដូចជា ធ្វើសៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជារៀងរាល់ថ្ងៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌឫស្សីកែវ។

លោកអធិការនគរបាលខណ្ឌ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញផ្នែកអត្តសញ្ញាណម្ម-ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងកម្លាំងការិយាល័យគ្រប់គ្រងការស្នាក់នៅ ព្រមទាំងមានការចូលរួមពី មន្រ្តីរដ្ឋបាលខណ្ឌឫស្សីកែវ និងរដ្ឋបាលសង្កាត់ទាំង៧ ចុះជំរុញធ្វើសៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ជូនប្រជាពលរដ្ឋដោយផ្ទាល់ដល់ភូមិ តាមសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ កាលពីថ្ងៃទី០៧ ខែមីនា ដល់ថ្ងៃទី០៧ ខែមេសាឆ្នាំ២០២២ ចំពោះមុខ ក្រុមការងារនឹងធ្វើការវាយតម្លៃ បើឃើញថាប្រជាពេលរដ្ឋតាមសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ នៅពុំទាន់បានធ្វើនៅមានចំនួនច្រើន ក្រុមការងារនឹងរៀបចំចុះធ្វើបន្តជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន តាមទីតាំងក្នុងភូមិ តាមបុរី និងវត្តអារាម។

លោកអធិការនគរបាលខណ្ឌ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលខកខានពុំបានធ្វើ សូមអញ្ជើញទៅធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងសង្កាត់ដែលបងប្អូនរស់នៅ ឬអញ្ជើញទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ជួបជំនាញផ្នែកអត្តសញ្ញាណកម្ម ដើម្បីសួរព័ត៌មាន បំពេញបែបបទ ធ្វើផ្តល់សៀវភៅស្នាក់នៅ(ក២), សៀវភៅគ្រួសារ(ក៤), និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ចំពោះប្រជាពលរដ្ឋរស់នៅម្តុំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ដូចដែលម្ចាស់គណីហ្វេសប៊ុកឈ្មោះ Les Sor បានផ្ញើសារចូលផេកសម្តេច សូមយកឯកសារពាក់ព័ន្ធ អញ្ជើញមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ជួបជំនាញផ្នែកអត្តសញ្ញាណកម្ម ដើម្បីពិនិត្យឯកសារ និងបំពេញបែបបទ ផ្តល់សៀវភៅស្នាក់នៅ(ក២)ជូនដោយពុំមានគិតថ្លៃសេវានោះទេ។

សូមបញ្ជាក់ថា៖ ការធ្វើសៀវភៅស្នាក់នៅ(ក២), សៀវភៅគ្រួសារ(ក៤), និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពុំមានគិតថ្លៃសេវានោះទេ។ ចំពោះជនអន្តោប្រវេសន៍ សមត្ថកិច្ច មិនអាចធ្វើជូនបានទេ។ សមត្ថកិច្ចនគរបាលខណ្ឌ ក៏សូមអធ្យាស្រ័យប្រសិនបើមានការអាក់ខាន និងបម្រើសេវាជូនបងប្អូនពុំទាន់តម្រូវការជាក់ស្តែង ដោយកត្តាមូលហេតុផ្សេងៗ យើងខ្ញុំបាននឹងកំពុងបន្តបម្រើសេវាជូនបងប្អូនឱ្យកាន់តែល្អប្រសើរថែមទៀត ៕ ដោយ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner