កម្ពុជា ឥណ្ឌូនេស៊ី និងថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ច ប្រជុំមេដឹកនាំសំខាន់ៗចំនួនបី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុង ឆ្នាំ២០២២នេះ

ភ្នំពេញ៖ កម្ពុជា ឥណ្ឌូនេស៊ី និងថៃ ទទួលបានឯកសិទ្ធិធ្វើ ជាម្ចាស់ ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួនបី នៅក្នុងតំបន់អាស៊ី អាគ្នេយ៍ ក្នុងឆ្នាំ២០២២នេះ គឺកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច ប្រជុំកំពូល ពាក់ព័ន្ធ នៅថ្ងៃទី១១-១៣ វិច្ឆិកា កិច្ចប្រជុំកំពូលក្រុម G20 នៅថ្ងៃ ទី១៥-១៦ វិច្ឆិកា និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅថ្ងៃទី ១៨-១៩ វិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តី ប្រកាស ព័ត៌មានរួមរបស់រួមរបស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះរាជាណាចក្រថៃនៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២២។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបន្តថា ដំណើរ ការអាស៊ាន G20 និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច (APEC) មានចរិត លក្ខណៈរួម ដែលផ្តល់ឱកាសមួយពិសេសសម្រាប់បណ្តាប្រទេស/សេដ្ឋកិច្ចសមាជិករួមគ្នាជំរុញរបៀបវារៈតំបន់ និងក្នុងពិភពលោក ក៏ដូចជាកិច្ចប្រឹងប្រែងដើម្បីនាំមកនូវសន្តិភាព វិបុលភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នដល់ប្រជាជនរបស់ យើងទាំងអស់។

ក្រសួងការបរទេសបានបញ្ជាក់ថា ក្នុងគោលដៅនេះ អាស៊ាន ប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរួមដែលនៅចំពោះមុខ និងរក្ សានិរន្តរភាព ថាមវន្តនៃការកសាងសហគមន៍អាស៊ាន ដោយ ឈរលើស្មារតីរួបរួមគ្នារឹងមាំ ក្រោមស្លាកបាវចនា «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា» ។ យើងប្តេជ្ញាពង្រឹងភាពធន់របស់អាស៊ានក្នុងការប្រឈមនឹងភាពមិនច្បាស់លាស់ជាសាកល និងដើម្បីរក្សាតួនាទីស្នូលរបស់អាស៊ាន ក្នុងនិម្មាបនកម្មតំបន់ដែលសង្កត់ធ្ងន់ទៅលើការចូលរួមទំនាក់ទំនងក្នុងន័យស្ថាបនា ដោយផ្អែកលើគោលការណ៍នៃការគោរព គ្នាទៅវិញ ទៅមក និងផលប្រយោជន៍ស្មើគ្នា។

ការពន្លឿនកិច្ចប្រឹងប្រែងស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ការលើកកម្ពស់សមាហរណកម្មអាស៊ាន និងសមត្ថភាព ប្រកួតប្រជែង សម្រាប់កំណើនរយៈពេលវែងក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ការលើកកម្ពស់សន្តិសុខផ្នែកសុខភាព និងការគាំពារសង្គមសម្រាប់ ប្រជាជន គឺជារបៀបវារៈក្នុងចំណោមអាទិភាព ចម្បងៗរបស់យើង។

ប្រភពដដែលបានបន្តទៀតថា រីឯវេទិកាក្រុម G20 ជាមួយនឹង ប្រធានបទ «ងើបឡើងវិញទាំងអស់គ្នា ងើបឡើងវិញកាន់តែរឹងមាំ» មានគោលបំណងជួយសម្រួលដល់ការងើបឡើងវិញដ៏រឹងមាំ និង ប្រកបដោយបរិយាប័ន្នសម្រាប់ទាំងអស់គ្នា។

ប្រធានាធិបតីឥណ្ឌូនេស៊ីប្តេជ្ញាធានាថា ក្រុម G20 មានសារសំខាន់ មិនមែនត្រឹមតែសម្រាប់សមាជិករបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ ពិភពលោកទាំងមូលផងដែរ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ ក្រុម G20 បានកំណត់អាទិភាពលើវិស័យចំនួនបីពោលគឺ ការ ពង្រឹងនិម្មាបនកម្មសុខភាពសកល ការផ្លាស់ប្តូរបែបឌីជីថល និងការផ្លាស់ប្តូរថាមពល ក្នុងគោលដៅធ្វើយ៉ាងណាឲ្យ G20 អាចដើរតួជាកាតាលីករ សម្រាប់ការងើបឡើងវិញជាសកលដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្ន។

ចំពោះ APEC ដែលជាវេទិកាពិសេសមានសមាសភាពជាសេដ្ឋកិច្ច ជាជាងជាបណ្តារដ្ឋនៅអាស៊ីប៉ាស៊ីហ្វិក ការងារដែលកំពុងបន្តធ្វើគឺ វិធីពន្លឿនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីសម្រេចបាន វិបុលភាពរួមគ្នា។ មូលបទ APEC ឆ្នាំ ២០២២ «បើកចំហរ តភ្ជាប់ តុល្យភាព» ឆ្លុះបញ្ចាំងអំពីគោលដៅ និងការប្តេជ្ញាចិត្តរួមរបស់ សេដ្ឋកិច្ចនៃសមាជិកវេទិកានេះ ក្នុងការដោះស្រាយបញ្ហាប្រឈម ដ៏ធំសម្បើមដែលកើតចេញពីជំងឺរាតត្បាត និងជម្លោះដែលបានជះ ផលប៉ះពាល់អវិជ្ជមាននៅទូទាំងពិភពលោក។មូលបទនេះមានគោលបំណងជំរុញនូវចក្ខុវិស័យសហគមន៍អាស៊ី ប៉ាស៊ីហ្វិកបើកចំហ ស្វាហាប់ ធន់ និងសន្តិភាព។

ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសថៃអំពាវនាវឱ្យមានការសន្ទនា ឡើងវិញ អំពីតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក គាំទ្រការវិលត្រឡប់ទៅ កាន់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរលូន ហើយសង្កត់ធ្ងន់ លើបរិយាប័ន្ន និងនិរន្តរភាព តាមរយៈការអនុវត្តគំរូសេដ្ឋកិច្ចជីវៈ-វិលជុំ-បៃតង ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការជួយស្តារតំបន់ និង ពិភពលោក ពីបញ្ហាជំងឺរាតត្បាតកូវីដ-១៩។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ក្នុងនាមជាប្រធាននៃកិច្ច ប្រជុំ សំខាន់ៗដូចខាងលើនៅក្នុងឆ្នាំនេះ យើងប្តេជ្ញាធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាស្មារតីកិច្ចសហប្រតិបត្តិការ ខណៈដែលយើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្តពង្រឹងភាពមជ្ឈភាព ភាពជឿជាក់ និងសារៈសំខាន់របស់អាស៊ានក្នុងការរក្សា សន្តិភាព និងស្ថិរភាពនៅក្នុងរបស់យើង ក៏ដូចជាកិច្ចប្រឹងប្រែងនានាក្នុងតំបន់ និងពិភពលោក៕ ដោយ៖ ពលជ័យ

ads banner