តៃវ៉ាន់រំពឹងថា នឹងមានការពន្យារពេលការបញ្ជូនអាវុធរបស់សហរដ្ឋអាមេរិក
តៃប៉ិ៖ ការជំរុញរបស់រដ្ឋាភិបាលអាមេរិក ក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ចំពេលមានការឈ្លានពានរបស់រុស្ស៊ី ហាក់ដូចជាកំពុងជះឥទ្ធិពលដល់កិច្ចព្រមព្រៀងអាវុធដ៏សំខាន់ដែលទីក្រុងវ៉ាស៊ីនតោនបានព្រមព្រៀងជាមួយតៃវ៉ាន់។
ក្នុងឆ្នាំ 2019 មន្ត្រីអាមេរិកបានអនុម័តផែនការតម្លៃ 2.2ពាន់លានដុល្លារដើម្បីផ្គត់ផ្គង់ដល់កោះតៃវ៉ាន់ជាមួយនឹងរថក្រោះ Abrams ចំនួន 108គ្រឿង កាំជ្រួចបាញ់ចេញពីដីទៅអាកាស Stinger 250គ្រឿង កាំភ្លើងយន្តធុនធ្ងន់ 122ដើម និងគ្រាប់រំសេវផងដែរ។ ប៉ុន្តែកាលពីថ្ងៃអង្គារសប្តាហ៍នេះ មន្ត្រីជាន់ខ្ពស់កងទ័ពតៃវ៉ាន់បាននិយាយថា ការបញ្ជូនកាំជ្រួច Stinger ដែលគ្រោងធ្វើឡើងនៅក្នុងឆ្នាំនេះ អាចនឹងត្រូវពន្យារពេល ដោយមន្ត្រីរូបនេះបានលើកឡើងពីការផ្លាស់ប្តូរ ដោយផ្អែកទៅនឹងស្ថានភាពពិភពលោក។
ដោយឡែក កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ មន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ក៏បានបញ្ជាក់ដែរថា នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានជូនដំណឹងដល់ពួកគេថា ប្រព័ន្ធកាំភ្លើងធំនឹងមិនត្រូវបានចែកចាយរហូតដល់ឆ្នាំ2026 ដោយសារតែបញ្ហាផលិតកម្ម៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា




