ក្រសួងការងារ និងអង្គការដៃគូ អនុវត្ត គម្រោងសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ ដល់ទារក និងកុមារនៅតាមរោងចក្រសហគ្រាស
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)ជាមួយអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ លើការអនុវត្ត គម្រោងសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស(MUSEFO)។
អនុស្សរណៈនៃការយោគយល់គ្នាដែលបានប្រព្រឹត្តិឡើងនាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នាទីស្តីការក្រសួងការងារនេះ គេបានឱ្យដឹងថា មានសុពលភាពរយៈពេល ១៥ខែ ដែលត្រូវបានចុះហត្ថលេខារវាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោកស្រីបណ្ឌិត ហ្គ្វីណេត ខុតស៍ (Gwyneth Cotes) នាយិកាប្រចាំប្រទេសអង្គការ Helen Keller និងលោក ហ្វារីដ ស៊ែលមី (Farid Selmi) នាយកគម្រោង MUSEFO ។ ពិធីនេះដែរធ្វើឡើងក្នុងគោលបំណងបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងអង្គការ និងក្រសួង ក្នុងការអនុវត្ត “គម្រោងសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស” ស្របតាមយុទ្ធសាស្រ្តចតុកោណក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពកម្មករ កម្មការិនី ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។
គម្រោងនេះ ផ្ដោតលើរោងចក្រចំនួន ១៨កន្លែង ដែលមានអ្នកធ្វើការសរុបចំនួន ២១,១៦៦នាក់។ ដោយផ្តល់ការបណ្តុះបណ្តាល ស្តីពីសារៈសំខាន់នៃការលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារដល់និយោជក ឬតំណាងរបស់ខ្លួន កម្មករ កម្មការិនីក្នុងវ័យបន្តពូជ និងកម្មការិនីកំពុងមានផ្ទៃពោះ និងបំបៅដោះកូន។
លោកស្រី ហ្គ្វីណេត ខុតស៍ បញ្ជាក់ថា បច្ចុប្បន្នអង្គការហេទ្បែន ខេលល័រ កំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារនៅតាមរោងចក្រមួយចំនួន តាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមគ្នាលើកកម្ពស់សុខភាព ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។ កម្មវិធីនេះ បានផ្តោតទៅលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់នៃសុខភាព និងអាហារូបត្ថម្ភ ដូចជា៖ ១. សារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់សុខភាព និងការពារពីជំងឺផ្សេងៗ ២. អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន ៣.ការថែទំាសុខភាពពេលលំហែមាតុភាព និងក្រោយសម្រាលកូន និង ៤.ការអប់រំ ស្តីពីការចិញ្ចឹមទារក និងកុមារតូចក្នុងកំទ្បុងពេលធ្វើការងារដើម្បីឱ្យកូនៗរបស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះអង្គការហេទ្បែន ខេលល័រ ដែលបានបង្កើតនូវកម្មវិធីពាក់ព័ន្ធ នឹងអនាម័យ អាហាររូបត្ថម្ភ កុមារ នៅតាមរោងចក្រ សហគ្រាស ជាពិសេសជាស្ត្រី ឲ្យស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្ត្របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងតែអនុវត្តនៅតាមបណ្តារោងចក្រសហគ្រាសនានាក្នុងប្រទេសកម្ពុជា។ ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈគម្រោងGIZ ដែលបានផ្តល់ការគំាទ្រយ៉ាងសកម្មក្នុងការចូលរួមអនុវត្តនូវគម្រោងនេះ៕ដោយ៖ម៉ាដេប៉ូ