ធនាគារ ព្រីនស៍ ចាប់ដៃគូរនឹងក្រុមហ៊ុនសេវាផ្ទេរប្រាក់ Ria ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការផ្ទេរប្រាក់អន្តរជាតិ
ភ្នំពេញ៖ ការសហការរវាងធនាគារ ព្រីនស៍ និងក្រុមហ៊ុន Ria លើសេវាផ្ទេរប្រាក់អន្ដរជាតិនេះ ជាការរួមចំណែកអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ផ្ដល់នូវសេវាទូរទាត់ និងផ្ទេរប្រាក់ ព្រមទាំងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការបង្កើនលទ្ធភាពឲ្យសារធារណជន ទទួលបានសេវាឥណទាន សេវាទូទាត់ និងការពង្រឹងកិច្ចការពារអតថិជន ព្រមទាំងបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុផងដែរ»។
ការថ្លែងបែបនេះរបស់ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិកម្ពុជាធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រកាសពីកិច្ចសហការប្រតិបត្តិការអាជីវកម្មភាពជាដៃគូរវាងធនាគារ ព្រីនស៍ ដែលជាធនាគាររីកចម្រើនលឿនបំផុតនៅកម្ពុជា និងក្រុមហ៊ុនសេវាផ្ទេរប្រាក់ Ria ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Euronet Worldwide, Inc. (NASDAQ: EEFT) និងជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោក ក្នុងវិស័យផ្ទេរប្រាក់ឆ្លងប្រទេស ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើការផ្ទេរប្រាក់អន្តរជាតិ តាមរយៈបណ្តាញរបស់ធនាគារ ព្រីនស៍ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។
ឯកឧត្តមបន្ដថា ពិធីចុះហត្ថលេខានាពេលនេះ ជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងយុគសម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជំនឿទុកចិត្តរបស់សាធារណជនមកលើវិស័យនេះ។
ឯកឧត្តមបន្ថែមថា តាមរយៈការសហការគ្នានេះ អតិថិជនអាចផ្ញើ និងទទួលប្រាក់ជាអន្តរជាតិ តាមរយៈសាខាណាមួយនៃធនាគារ ព្រីនស៍ សរុប ៣២សាខាទូទាំងប្រទេស តាមរយៈសេវាផ្ទេរប្រាក់ Ria ហើយអាចប្រើប្រាស់បណ្តាញជាសកលដ៏ធំទូលាយរបស់ Ria មានទីតាំងជាង ៤៩០,០០០ទីតាំង។
លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ មានប្រសាសន៍ថា នៅធនាគារ ព្រីនស៍ មានចក្ខុវិស័យរយៈពេលវែង ក្នុងការផ្តល់នូវសេវាកម្មធនាគារដ៏ល្អបំផុត ដើម្បីបម្រើអតិថិជនក្នុងស្រុក និងទូទាំងពិភពលោក ហើយការផ្ទេរប្រាក់ទៅក្រៅប្រទេស គឺជាសេវាកម្មដ៏សំខាន់មួយដែលឈានទៅរកចក្ខុវិស័យ និងគោលបំណងអាជីវកម្ម។
លោកបន្តថា នៅធនាគារ ព្រីនស៍ ខិតខំប្រឹងប្រែងឥតឈប់ឈរ ដែលមិនត្រឹមតែស្របតាមតម្រូវការរបស់អតិថិជនប៉ុណ្ណោះទេ តែដើម្បីបំពេញតម្រូវការលើសពីការរំពឹងទុករបស់អតិថិជនផងដែរ ហើយគោលបំណងយើងគឺក្លាយជាធនាគារជម្រើសទី១ សម្រាប់ប្រជាជនកម្ពុជា។
លោកប្រធាននាយកប្រតិបត្តិបន្ថែមថា នេះពិតជាកិត្តិយស និងឱកាសដ៏ល្អសម្រាប់ធនាគារ ព្រីនស៍ ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនសេវាផ្ទេរប្រាក់ Ria ដើម្បីពង្រឹងសេវាផ្ទេរប្រាក់អន្តរជាតិ។
ធនារព្រីនស៍តែងតែព្យាយាមផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មល្អបំផុត ដោយប្រើប្រាស់ភាពច្នៃប្រឌិត ហើយយើងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ជាមួយវិធីសាស្រ្តនៃសេវាកម្មហិរញ្ញវត្ថុ ដែលមានប្រសិទ្ធភាពជាងមុន។
លោក Espen Kristensen អភិបាលគ្រប់គ្រងនៃ APAC បានបញ្ជាក់ថា ភាពជាដៃគូជាមួយធនាគារ ព្រីនស៍ ជាការបោះជំហានទៅមុខមួយទៀត ក្នុងការផ្តល់នូវភាពងាយស្រួល និងលទ្ធភាពទទួលបានសេវាផ្ទេរប្រាក់ ដែលមិនអាចប្រៀបផ្ទឹមបាន ដល់អតិថិជនក្នុងប្រទេសកម្ពុជា ដែលនាំមកនូវអត្ថប្រយោជន៍បន្ថែមដល់អ្នកផ្ញើ និងអ្នកទទួលផលក្នុងប្រទេស តាមរយៈការផ្តល់នូវសេវាដកប្រាក់នៅតាមទីតាំងដ៏ច្រើនសន្ធឹកសន្ធាប់។
លោកបញ្ជាក់ទៀតថា ក្នុងនោះមានបំណងផ្តល់នូវភាពងាយស្រួលថ្មីមួយកម្រិតទៀត តាមរយៈការបើកដំណើរសេវាផ្ទេរប្រាក់បញ្ញើ តាមធនាគារតាមពេលវេលាជាក់ស្តែង ដែលអាចអនុញ្ញតឱ្យអ្នកទទួលផលទទួលបានប្រាក់ ក្នុងរយៈពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ដោយផ្តល់នូវកម្រិតថ្មីនៃភាពងាយស្រួល និងអារម្មណ៍សុវត្ថិភាពសម្រាប់អតិថិជន ស្របពេលរួមចំណែកដល់លំហូរផ្នែកហិរញ្ញវត្ថុក្នុងតំបន់ផងដែរ៕ ដោយ៖ ឈឹម ទីណា