អ្នកជំនាញ៖ ដី និងផ្ទះបុរីមានសន្ទុះកើនឡើងជាងគេក្នុងវិស័យអចលនទ្រព្យ នៅរយៈពេល ៤ខែដើមឆ្នាំ២០២២
ភ្នំពេញ៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនវត្ថុកម្ពុជាបានបញ្ជាក់ថា នៅរយៈពេល ៤ខែដើមឆ្នាំ២០២២ វិស័យអចលនទ្រព្យចាប់ផ្តើមដំណើរការល្អប្រសើរឡើងវិញគ្រប់ផ្នែក ជាពិសេសដីធ្លី និងលំនៅឋាន។
លោកបន្តថា ក្នុងរយៈពេល ៤ខែឆ្នាំ ២០២២ មានចរន្តពលរដ្ឋចេញដំណើរ និងដើរមើលគម្រោងច្រើន ជាពិសេសអ្នកវិនិយោគក្នុងស្រុក ស្របពេលដែលអ្នកវិនិយោគិនបរទេសក៏កំពុងចូលមកបណ្តើរៗហើយដែរ។
លោក សុខនីម មើលឃើញថា វិស័យអចលនទ្រព្យដែលកំពុងមានការចាប់អារម្មណ៍ច្រើន គឺទៅលើដីធ្លី និងលំនៅឋានជាបុរី។ លោកបានបញ្ជាក់ដូច្នេះថា ដី ហើយនឹងលំនៅឋាន ដូចជាបុរី ឬផ្នែកខ្លះជាគម្រោងខុនដូ នៅតាមក្រវ៉ាត់ក្រុងទី៣ ឬទី៤ កំពុងមានការចាប់អារម្មណ៍ខ្លាំង ក្នុងការវិនិយោគ និងទិញទុកដើម្បីចំណេញរយៈពេលខ្លី ។
លោកបន្ថែមថា តំបន់ជាយរាជធានីភ្នំពេញ ដែលកំពុងមានសក្តានុពលខ្លាំង គឺនៅប៉ែកខាងជើងឈៀងខាងលិច។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនវត្ថុកម្ពុជារូបនេះបានណែនាំថា ប្រសិនបើពលរដ្ឋមានលុយសមល្មម និងមានផ្ទះស្នាក់នៅហើយ គួរទិញដីនៅជាយក្រុងភ្នំពេញទុកដើម្បីចំណេញក្នុងពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ លោកនៅតែចាត់ទុកថា ការវិនិយោគវិស័យអចលនទ្រព្យនៅតែជាសរសរស្តម្ភរឹងមាំរបស់សេដ្ឋកិច្ចកម្ពុជា។
លោកសង្កត់ធ្ងន់ថា ការទិញលក់អចលនទ្រព្យក៏ជាការជំរុញនូវកំណើនសេដ្ឋកិច្ច ការជំរុញកំណើនជីវភាពរបស់ប្រជាជន ម្ចាស់ដីឬម្ចាស់អចលនទ្រព្យជាដើម តាមរយៈការបង្វិល អចលនទ្រព្យទៅនឹងការទទួលបានឱកាសក្នុងការវិនិយោគនៅកន្លែងផ្សេងៗទៀត ។
លោកបន្ថែមទៀតថា អ្នកវិនយោគ និង សហគ្រិនមានលទ្ធភាពជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការបញ្ចេញទុន ហើយគម្រោងតូច-ធំមួយចំនួនបានចាប់ផ្តើមនៅពេលបច្ចុប្បន្ននេះ៕ ប្រភព៖ កម្ពុជាថ្មី ដោយ៖ ឈឹម ទីណា