កម្ពុជា ទទួលបានពានរង្វាន់ប្រាក់ពិភពលោក ក្នុងឱកាសនៃការចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ សហភាពអារ៉ាប់រួម
ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោក ក្នុងឱកាសនៃការចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ សហភាពអារ៉ាប់រួម ។ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មបានរៀបចំពិធីអបអរសាទរព្រះរាជាណាចក្រកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោក ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ (BIE) ក្រោម អធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ ពាណិជ្ជកម្មអន្តរជាតិ និងជាអគ្គស្នងការកម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ។
ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ សិល្បករ-សិល្បការិនី និងអ្នកសារព័ត៌មាន ជាច្រើនរូប។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីពាក់ព័ន្ធទាំងអស់របស់ក្រសួងពាណិជ្ជកម្ម សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោកនិងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ សិល្បករ-សិល្បការិនី ក្រុមការងារវិទ្យាស្ថានម្ហូបអាហារកម្ពុជា ពាណិជ្ជករកម្ពុជាពីក្រុមហ៊ុន Beyond Retail Business និងភាគីពាក់ព័ន្ធដទៃទៀត ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គក្នុងការរៀបចំ និង ចូលរួម ក្នុង ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តកម្រិតពិភពលោកនេះ រហូតទទួលបានជោគជ័យ ជូនជាតិមាតុភូមិ ទោះស្ថិតក្នុងកាលៈទេសដ៏លំបាកដែលពិភពលោកទាំងមូលកំពុងជួបប្រទះនូវវិបត្តនៃជំងឺរាតត្បាតកូវីដ-១៩ក្តី។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ជាលទ្ធផលព្រះរាជាណាចក្រកម្ពុជាបានទទួលពានរង្វាន់ប្រាក់ពិភពលោក ០១ គ្រឿង ពី គណៈ កម្មការ រៀប ចំ ពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ BIE លើផ្នែកការរចនាពន្លាជាតិ បានល្អជាង គេក្នុង សង្កាត់ និរន្តរភាព (Silver Award on the Interior Design for Sustainable District) ក្នុងចំណោមប្រទេសចំនួន ៤៥ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់នោះ ហើយនេះជាលើកទី២ ដែលកម្ពុជា មានកិត្តិយស បានទទួល ពានរង្វាន់ ប្រាក់នេះ បន្ទាប់ពីបានទទួលពានរង្វាន់ប្រាក់លើកដំបូងពី ការចូលរួមពិព័រណ៍ពិភពលោកឆ្នាំ ២០១៥ នៅទីក្រុង មីឡង់ប្រទេសអ៊ីតាលី ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ពានរង្វាន់នេះ ធ្វើឡើងតាមរយៈការវាយតម្លៃយ៉ាង សុក្រឹត ដោយផ្អែកលើការរៀបចំតុបតែងពន្លាជាតិស្របតាមខ្លឹមសារ និងប្រធានបទ រួមទាំងកំណត់ទៅតាមទំហំ និងប្រភេទពន្លាជាតិ ដោយត្រូវឆ្លងកាត់ការវាយតម្លៃ ផ្អែកលើទិដ្ឋភាពរួមចំនួន ៣ គឺ៖ ១. ស្ថាបត្យកម្ម និងទស្សនីយភាព ២. ការរចនាពន្លាជាតិ និង ៣. ការបកស្រាយប្រធានបទ។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ពានរង្វាន់នេះជាស្នាដៃមួយដែលមានតម្លៃជាប្រវត្តិសាស្រ្ត ហើយបានបញ្ជាក់ពីការទទួលស្គាល់មុខមាត់ កម្ពុជា លើឆាកអន្តរជាតិ និងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាបាន ល្បីល្បាញជាសកល តាមរយៈការរៀបចំ និងចូលរួម ក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកនានា ព្រមទាំងនាំមកនូវមោទកភាពជូនជាតិក្នុងការចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ។
គួររំឭកផងដែរថា កម្ពុជាធ្លាប់មានបទពិសោធន៍ និងទទួលបានជោគជ័យចំនួន ០៤ លើករួចមកហើយ ក្នុងការ ចូលរួម ពិព័រណ៍ពិភពលោកចាប់តាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ន ក្នុងនោះពិព័រណ៍ពិភពលោក ២០០៥ នៅទីក្រុងអាយជី ប្រទេស ជប៉ុន, ពិព័រណ៍ពិភពលោក ២០១០ នៅទីក្រុងសៀងហៃ ប្រទេស ចិន, ពិព័រណ៍ពិភពលោក ២០១៥ នៅទីក្រុង មីទ្បង់ ប្រទេសអ៊ីតាលី និងពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នៅសហភាព អារ៉ាប់រួម ហើយនៅឆ្នាំ២០២៥ ខាងមុខ ដោយមានការអនុញ្ញាត ពីរាជរដ្ឋាភិបាល កម្ពុជានឹងចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា -កាន់សៃ ជប៉ុន (Expo 2025 Osaka, Kansia, Japan) ក្រោមប្រធានបទ “Designing Future Society for Our Lives” ៕ ដោយ៖ ង៉ាន ទិត្យ