ឧត្តមសេនីយ៍ទោ សោម ស៊ុនប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជំនួយឧបត្ថម្ភរបស់អង្គភាព ជូនយោធិននារីលំហែមាតុភាព
កំពង់ធំ ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលជាមេបញ្ជាការ បានប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាជំនួយឧបត្ថម្ភរបស់ក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជូនយោធិននារីសម្រាកលំហែមាតុភាពចំនួន ៣រូប នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ ជាវ សុទ្ធារិទ្ធ នាយផ្នែកហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអានសេចក្តីកំណត់របស់ក្រសួងការពារជាតិ ស្ដីពីការឧបត្ថម្ភប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាលជូនយោធិននារី ដែលត្រូវបានសម្រាកលំហែមាតុភាព ក្នុងម្នាក់ៗចំនួន ៨០០.០០០រៀល ជូនអង្គពិធីរួចមក លោកស្រីវរសេនីយ៍ទោ យូ មុនីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីសមាសភាពយោធិននារី ដែលត្រូវបានទទួលប្រាក់ឧបត្ថម្ភគោលនយោបាយលំហែមាតុភាព មានចំនួន ៣រូប។
ក្នុងនោះក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភបន្ថែមថវិការបស់អង្គភាពជូនយោធិននារី ដែលត្រូវលំហែមាតុភាពក្នុងម្នាក់ៗចំនួន២០០.០០០រៀលផងដែរ សរុបយោធិនលំហែមាតុភាពម្នាក់ៗទទួលបានថវិកា ១លានរៀល ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលលោកបានខិតខំប្រឹងប្រែងគិតគូដោះស្រាយគ្រប់បែបយ៉ាងទាំងជីវភាពរស់នៅប្រចាំថ្ងៃ និងសុខុមាលភាពជូនយោធិនគ្រប់រូប ពិសេសយោធិននារី ដែលបានសម្រាកលំហែមាតុភាព ត្រូវបានទទួលប្រាក់ឧបត្ថម្ភគោលនយោបាយក្នុងការថែទាំសុខភាពមាតានិងទារក។
ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណូមពរដល់យោធិននារីគ្រប់រូប ត្រូវ ចូល រួម បំពេញ ភារកិច្ច ក្នុង អង្គភពឲ្យបានល្អប្រសេីរ ជាមួយនោះត្រូវចូលរួមក្នុង សកម្មភាពមនុស្សធម៌ ជួយដល់សង្គម ជាតិយើង និងត្រូវខិតខំថែរក្សាសុខភាព និងបំពេញកាតព្វកិច្ចជាភរិយាល្អ មាតាល្អ និងជាមេគ្រួសារដ៏ល្អនៅក្នុងគ្រួសារនីមួយៗ ប្រកបដោយសុភមង្គល ៕
ដោយ ប៊ុន រដ្ឋា







