ក្រសួងអប់រំ អង្គការយូនីសេហ្វ និងអង្គការយូណេស្កូ ប្រជុំគ្នា អំពីការទៅចូលរួមសន្និបាតអង្គការសហប្រជាជាតិលើវិស័យអប់រំ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំជាមួយ អង្គការយូនីសេហ្វ និងអង្គការយូណេស្កូ ស្ដីពីសន្និបាតអង្គការ សហប្រជាជាតិលើវិស័យអប់រំ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី៤ខែមេសា ឆ្នាំ២០២២ ។ កិច្ចប្រជុំនេះ អញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួងអប់រំ តំណាងពីអង្គការយូនីសេហ្វ និងអង្គការយូណេស្កូ។
ក្នុងកិច្ចប្រជុំនេះ ក្រុមការងារអង្គការយូនីសេហ្វនិងអង្គការយូណេស្កូ បានលើកឡើងពីគម្រោងកិច្ចប្រជុំសន្និបាតអង្គការសហប្រជាជាតិលើវិស័យអប់រំ និងផែនការដែលប្រតិភូពីប្រទេសកម្ពុជា ត្រូវរៀបចំដែល តម្រូវឱ្យមានការពិគ្រោះយោបល់នៅថ្នាក់ជាតិ សេចក្ដីព្រាងលើ ផែនការ បង្ហាញផ្លូវនៅឆ្នាំខាងមុខ ក៏ដូចជាសមិទ្ធិផលដែលប្រទេស កម្ពុជាបានសម្រេចលើវិស័យអប់រំ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានថ្លែងអំណរ គុណ ដល់ អង្គការយូនីសេហ្វ និងអង្គការយូណេស្កូ ដែលចំណាយ ពេលវេលា មកពិភាក្សាការងារទាក់ទងទៅនឹង សន្និបាតអង្គការ សហប្រជាជាតិលើវិស័យអប់រំ។ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានយល់ព្រម និងគ្រោងរៀបចំកិច្ចប្រជុំចំនួនពីរនៅខែខាងមុខ ដើម្បីរៀបចំឯកសារ នានា ដាក់ជូនថ្នាក់ដឹកនាំ ក្នុងការត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រជុំ សន្និបាតអង្គការសហប្រជាជាតិលើវិស័យអប់រំ នៅពេលខាងមុខ៕ ដោយ៖រ៉ាវុធ