វៀតណាមទទួលបានភ្ញៀវអន្តរជាតិ កើនជិត ១៨៥% ក្នុងរយៈពេលបួនខែឆ្នាំ២០២២
ហាណូយ ៖ ចំនួនភ្ញៀវបរទេសទៅដល់ប្រទេសវៀតណាមបានកើនឡើង ក្នុងពេល៤ខែដំបូងនៃឆ្នាំនេះ។ វៀតណាមទទួលបានវត្តមានភ្ញៀវអន្តរជាតិ ១៩២៤០០នាក់ ក្នុងពេល៤ខែដំបូងនៃឆ្នាំ២០២២ កើនឡើង ជិត ១៨៥ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែការបើកសកម្មភាពទេសចរណ៍ឡើងវិញ ជាមួយនឹងការបន្តឲ្យជើងហោះហើរអន្តរជាតិឡើងវិញ នេះបើតាមការិយាល័យស្ថិតិទូទៅ ។
ក្នុងពេល ៤ខែមកនេះ ភ្ញៀវចូលប្រទេសតាមជើងហោះហើរ មានប្រមាណ ៨៨.៦ភាគរយនៃចំនួនភ្ញៀវសរុប។ ភ្ញៀវមកពីអាស៊ីមានប្រមាណ១១៨៣០០នាក់ កើនឡើង ៩៦.៧ភាគរយ ក្រៅពីនេះ អឺរ៉ុប អាមេរិក និងអូសេអានី ក៏កើនឡើងដែរ។
គួរបញ្ជាក់ថា វៀតណាមបានបើកព្រំដែនសម្រាប់ភ្ញៀវអន្តរជាតិឡើងវិញ កាលពីថ្ងៃទី១៥ មីនា ជាផ្នែកមួយនៃការស្តាសេដ្ឋកិច្ចនិងទេសចរណ៍ឡើងវិញ ក្រោយពេលជួបញ្ហាដោយសារកូវីដ១៩ រយៈពេលជិត ២ឆ្នាំ ។
គួររម្លឹកថា មុនពេលមានកូវីដ ពោលគឺកាលពីឆ្នាំ២០១៩ វៀតណាមទទួលបានភ្ញៀវអន្តរជាតិជាង ១៨លាននាក់។ បន្ទាប់មក ដល់ឆ្នាំ២០២០ ធ្លាក់ចុះជាគំហុក គឺធ្លាក់ដល់ទៅ៧៨.៧ភាគរយ ហើយឆ្នាំ២០២១ ធ្លាក់ចុះ ៩៥.៩ភាគរយ។ នៅឆ្នាំ២០២២នេះ វៀតណាមបានដាក់គោលដៅឲ្យមានទេសចរណ៍មកពីក្រៅប្រទេសជាង ៥លាននាក់ ៕ ប្រែសម្រួល ៖ សារ៉ាត