កីឡាករប្រដាល់សកលកម្ពុជា វិលត្រឡប់ពីការហ្វឹកហាត់ត្រៀមចេញដំណើររួមគ្នាទៅប្រជែងមេដាយស៊ីហ្គេម
ភ្នំពេញ៖ កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា២នាក់បន្ថែមបានវិលត្រឡប់ពីការហ្វឹកហាត់នៅប្រទេសថៃវិញហើយ កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដោយគ្រោងចេញដំណើរនាថ្ងៃទី១៣ ខែឧសភា។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបញ្ជាក់ថា កីឡាករប្រដាល់សកល ៣នាក់ចេញទៅបោះជំរុំហ្វឹកហាត់ នៅប្រទេសថៃ ជាមួយកីឡាករថៃ ហ្វីលីពីន និងវៀតណាម ជាង១ខែ ហើយត្រូវបន្តការហ្វឹកហាត់នៅកម្ពុជាប៉ុន្មានថ្ងៃទៀត មុនពេលហោះហើរទៅកាន់តែប្រទេសវៀតណាម នាថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២២ ដែលជាម្ចាស់ផ្ទះ ការប្រកួត ស៊ីហ្គេម លើកទី៣១។ ចំពោះកីឡាករ២នាក់ផ្សេងទៀត ដែលកំពុងហ្វឹកហាត់នៅប្រទេសកូរ៉េ ក៏នឹងវិលត្រឡប់មកមាតុប្រទេសវិញ នាថ្ងៃទី៨ឧសភា ដើម្បីជួបជុំគ្នា មុនពេលហោះទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម។
អគ្គលេខាធិការរូបនេះអះអាងថា តាមរយៈការវាយតម្លៃ ការបោះជំរុំហ្វឹកហាត់នៅក្រៅប្រទេសទាំងពីរនេះ គឺកីឡាករប្រដាល់សកលកម្ពុជាបង្កើនបានបទពិសោធន៍ថ្មីៗ និងសិទ្ធផលល្អ ដោយលោកដាក់ក្តីសង្ឃឹមថា ពួកគេនឹងចូលរួមប្រកួតប្រជែងមេដាយ ពីស៊ីហ្គេម លើកទី៣១នេះបានជាក់ជាមិនខាន ជាពិសេសគឺនឹងទទួលបានលទ្ធផលល្អប្រសើរជាងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ ក្រុមប្រតិភូកីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជានឹងចេញដំណើរនាថ្ងៃទី១៣ ខែឧសភា និងប្រកួតចាប់ផ្តើមពីថ្ងៃទី១៥ដល់ថ្ងៃទី២៣ខែឧសភា។
ជាមួយគ្នានោះ ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានគោរពអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជួយសម្របសម្រួលជើងហោះហើរតាមវ៉ុលពិសេសទាំងទៅទាំងមកសម្រាប់ក្រុមប្រតិភូកីឡាកម្ពុជាទាំងអស់។ នេះជាការយកចិត្តទុកដាក់ខ្ពស់ដ៏មានសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការលើកទឹកចិត្តសម្រាប់ក្រុមប្រតិភូកីឡាកម្ពុជាឲ្យខិតខំដើម្បីកិត្តិយសជាតិ និងដណ្តើមមេដាយជូនជាតិផងដែរ។
គួរបញ្ជាក់ថា សម្រាប់សមាសភាពក្រុមប្រដាល់សកលជម្រើសជាតិកម្ពុជា សរុបចំនួន៨នាក់ ក្នុងនេះមានកីឡាការិនី២នាក់ (ប្រកួតលើ៨វិញ្ញាសា ឬ៨ប្រភេទទម្ងន់) ក្នុងស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដោយគ្រោងនឹងធ្វើឡើងនាថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២៕ ចាន់ វិចិត្រ